• 2022-03-29 07:30:31
  • ព័ត៌មាន

មាំសមហ្នឹងតម្លៃ! Land Cruiser តេស្តបុកប៉ះគ្រប់ជ្រុង ខ្ទេចតែក្រៅ ក្នុងកាប៊ីននៅអេមដដែល (វីដេអូ)

  • 2022-03-29 07:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Land Cruiser ត្រូវបានគេស្គាល់ថាជារថយន្តដែលធន់ មិនងាយខូច ពេញនិយមពេញពិភពលោក។ ក្រៅពីភាពធន់នៃម៉ាស៊ីន កម្រិតសុវត្ថិភាពរបស់រថយន្តមួយនេះ ក៏មិនអន់ដែរ ជាក់ស្តែងរថយន្ត Land Cruiser ឆ្នាំ ២០២២ ដែលទើបចេញថ្មី មានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពជាច្រើន និងគ្រោងឆ្អឹងរឹងមាំ។ ហើយពិតជាមិនខុសពីពានិច្ចកម្មមែន ក្រុមការងារសុវត្ថិភាពយានយន្តនៃប្រទេសអូស្ត្រាលីបានសាកល្បងលើរថយន្តថ្មីនេះ ឃើញថាពិតជាមានសុវត្ថិភាព និងមាំយ៉ាងខ្លាំង។

ក្នុងតេស្តទី១ បង្ហាញពី AUTONOMOUS EMERGENCY BREAKING ដោយបើករថយន្ត Land Cruiser ទៅបំប៉ះជាមួយនឹងរថយន្តតំណាងសម្រាប់សាកល្បង ទាំងឈប់ស្ងៀម ទាំងធ្វើដំណើរ និងទិសដៅផ្ទុយគ្នា បានបង្ហាញថារថយន្តនេះធ្វើបានល្អមែនទែន ដោយរថយន្តអាចចាប់ហ្វ្រាំងបញ្ឈប់រថយន្តបានដោយខ្លួនឯង និងទាន់ពេលវេលា។

ក្នុងការសាកល្បងប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តនេះ គេក៏បានសាកល្បងជាមួយនឹងរូបមនុស្សមាឡាកាំង ដើរឆ្លងកាត់ផ្លូវ ដើរស្របទិសរថយន្ត ដើរកាត់តំបន់ខ្វាក់ ផ្លូវកោង ទាំងពេលថ្ងៃនិងពេលយប់។ លទ្ធផលនៃការតេស្តក៏មិនធ្វើឲ្យអ្នកតាមដានខកចិត្តនោះដែរ ដោយគ្មានរូបមាឡាកាំងមួយណាដួលទៅលើដីនោះទេ ហើយរថយន្តក៏មិនប៉ះត្រូវមនុស្សមាឡាកាំងនោះដែរ។ បន្ថែមពីលើនោះ រូបមាឡាកាំងតំណាងការជិះកង់ក៏មិនមានការប៉ះទង្គិចនោះដែរ។

តេស្តពេលថ្ងៃ
តេស្តអ្នកដំណើរស្របផ្លូវ
តេស្តមនុស្សដើរកាត់តំបន់ខ្វាក់
តេស្តផ្លូវកែង
តេស្តពេលយប់
តេស្តជិះកង់

តេស្តទីពីរ បង្ហាញពីប្រព័ន្ធគ្រប់គ្រងចង្កូត Lane Support system បើកសាកល្បងនៅលើផ្លូវមានគំនូស២ជួរ។ ដោយសាររថយន្តនេះបំពាក់មកដោយចង្កូតអេឡិកត្រូនិក ដូច្នេះហើយវាមិនត្រឹមតែ អាចបង្ហាញសញ្ញាដល់អ្នកបើកបរពេលរថយន្តចាកចេញពីគន្លងនោះទេ ថែមទាំងអាចកាច់ចង្កូតចូលក្នុងជួរត្រឹមត្រូវវិញដោយស្វ័យប្រវត្តផងដែរ។

តេស្តប្រព័ន្ធគ្រប់គ្រងគន្លង

ចូលដល់តេស្តចុងក្រោយ ជាតេស្តដែលគួរឲ្យរន្ធត់ជាងគេ ដោយប្រើប្រាស់រថយន្តថ្មីគាស់កេស មកបុកកម្ទេច ទៅលើកាងខាងមុខផ្នែកខាងក្រោម ខាងមុខចំ ខាងមុខ១ភាគ៣នៃរថយន្ត និងចំហៀងរថយន្ត។ ក្នុងនោះដែរ រថយន្ត land Cruiser ធ្វើបានល្អសឹងគ្រប់ផ្នែក ដោយរក្សាបាននូវផ្ទៃកាប៊ីនដដែល មិនមានផ្តល់គ្រោះថ្នាក់ដល់រូបមាឡាកាំងនៅក្នុងរថយន្តឡើយ។ ក្នុងនោះផងដែរ ចំណុចដែលរថយន្តនេះនៅមិនទាន់ធ្វើបានល្អ គឺការធ្វើតេស្តបុកចំហៀងជាមួយនឹងបង្គោល ដោយតួរផ្នែកចំហៀងនៃរថយន្តត្រូវកំពិតចូលសឹង ១ភាគ៣ ដែលមើលទៅទំនងជាបង្ករគ្រោះថ្នាក់ដល់អ្នករួមដំណើរផ្នែកខាងក្រោយ។

ជាលទ្ធផល រថយន្ត Land Cruiser ឆ្នាំ ២០២២ នេះ ទទួលបានពិន្ទុពេញពី ANCAP នៃប្រទេសអូស្ត្រាលីតែម្តង។ ហើយទោះបីជារថយន្តនាពេលបច្ចុប្បន្ននេះ មានសភាពមាំធន់ក្តី ប៉ុន្តែ Sabay សូមលើកទឹកចិត្តឲ្យអ្នកបើកបរគ្រប់រូប មេត្រាបើកបរដោយការប្រុងប្រយ័ត្ន មិនត្រូវធ្វេសប្រហែលហើយពឹងផ្អែកទាំងស្រុងទៅលើប្រព័ន្ធសុវត្ថិភាពរថយន្តនោះទេ៕ ដើម្បីឲ្យដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Thea Sothun

មតិយោបល់