• 2022-03-29 03:42:14
  • ផលិតផលថ្មី

បទពិសោធន៍ប្រើប្រាស់ ១ ទស្សវត្សរ៍! PSP លើសពីម៉ាស៊ីនហ្គេម តែជាឧបករណ៍បង្កើតអនុស្សាវរីយ

  • 2022-03-29 03:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាំទេពេលចេញលេងម្តងៗ មិត្តរួមថ្នាក់ប្រុសៗទាំងអស់ ទៅជុំគ្នា នៅតុអ្នកដែលមានម៉ាស៊ីនហ្គេម PSP ហើយអង្គុយមើលគេលេង និងទន្ទឹងរង់ចាំវេនយើងលេងម្តង។ ត្រឡប់ទៅកាលអំឡុងឆ្នាំ ២០០៨ ពេលមួយដែលមិនទាន់មានវត្តមានទូរសព្ទស្មាតហ្វូនទូលំទូលាយនៅឡើយ ម៉ាស៊ីនហ្គេម PSP គឺជាតារាលេចធ្លោនាជំនាន់នោះ។ PSP ជាម៉ាស៊ីនហ្គេមយកតាមខ្លួន ដ៏ពេញនិយម ចេញលក់លើកដំបូងក្នុងឆ្នាំ ២០០៥ និងបានបន្តរចេញជំនាន់ក្រោយៗមកជាហូរហែរ។

ម៉ាស៊ីនហ្គេមមួយនេះ អាចចាត់ទុកបានថាជាឧបករណ៍ឌីជីថលដ៏ទំនើបបំផុតហើយក្នុងសម័យកាលនោះ ដោយ iPhone និង ទូរសព្ទផ្សេងៗនៅមិនទាន់មានសមត្ថភាពអាចលេងហ្គេមបានទូលំទូលាយនៅឡើយទេ។ ចំណុចដែលធ្វើឲ្យយើងនឹកដល់វាភ្លាមនោះគឺគ្រាប់ប៊ូតុងចុចរូបរាងជាសញ្ញាត្រីកោណ ជ្រុង មូល និងខ្វែង នៅផ្នែកខាងស្តាំ ចំណែកម្ខាងទៀតយើងឃើញមានប៊ូតុងកំណត់ទិញដៅ៤គ្រាប់ ជាមួយនឹងគ្រាប់បង្វិលមួយ និងចុងក្រោយនៅផ្នែកខាងលើមានប៊ូតុង L R ចំនួន២គ្រាប់បន្ថែមទៀត។ ហើយប៊ូតុងទាំង១០គ្រាប់ ជាមួយនឹងគ្រាប់បង្វិលមួយនេះ អាចបញ្ជាហ្គេមបានគ្រប់ប្រភេទ។

មែនហើយ ម៉ាស៊ីនហ្គេមមួយនេះ អាចលេងហ្គេមបានជាងរាប់រយមុខ ដែលក្រុមហ៊ុនជាច្រើនបានបង្កើតឡើងដើម្បីលេងនៅលើខ្លួនវាផ្ទាល់ ប៉ុន្តែតាមពិតទៅម៉ាស៊ីននេះអាចលេងបានរាប់ពាន់ហ្គេមឯណោះ។ ដើម្បីអាចលេងបានច្រើនមុខនោះគេប្រើវិធី HACK (ស្រដៀងនឹង Jailbreak នៅលើ iPhone) ដែលអនុញ្ញាតិឲ្យអ្នកលេងអាច យកហ្គេមពីម៉ាស៊ីនហ្គេមដទៃ ដូចជា PS1, Game boy ជាដើមមកលេងនៅលើវា។ ក្រៅពីនេះ វាក៏អាចឲ្យអ្នកលេងអាចកូពី Save ពីម៉ាស៊ីនដទៃបាន ឧទាហរណ៍ថាមិត្តភក្កិរបស់អ្នកលេងហ្គេមដល់ Level ខ្ពស់ ហើយអ្នកនៅ Level ទាបនោះគឺគ្រាន់តែបើកហ្គេមទាំងពីរដំណាលគ្នា បន្ទាប់មកដក SD Card ចេញរួចយក SD Card របស់យើងទៅដាក់ក្នុងម៉ាស៊ីនដែលមាន Level ខ្ពស់ ហើយចុច Save នៅលើ Card នោះជាការស្រេច។

ចូលដល់បទពិសោធន៍នៃការលេងហ្គេមវិញ ហ្គេមទី១ដែលយើងនឹងនឹកឃើញភ្លាមនោះគឺ God of War ហ្គេមវាយគ្នាផ្សងព្រេងមួយបែប ផលិតឡើងជាពិសេសអាចលេងបានតែនៅលើម៉ាស៊ីនហ្គេម SONYប៉ុណ្ណោះ។ វាអាចលេងហ្គេមបានស្មូតល្អ និងជាពិសេសនោះគឺមានអេក្រង់ធំរហូតដល់ ៤,៣អ៊ីញ បើប្រៀបនឹងទូរសព្ទ Nokia ដែលមានអេក្រង់ត្រឹមតែ ជាង ២អ៊ីញប៉ុណ្ណោះ។ ចំណែកការលេងហ្គេមតគ្នាវិញ ភាគច្រើនគឺអាចភ្ជាប់ PSP ពីរគ្រាប់ដើម្បីលេងជាមួយគ្នាបាន ហើយហ្គេមដែលលេងចូលនោះ មានដូចជាប្រភេទវាយគ្នា King of fighter, Naruto និងប្រណាំងឡាន Midnight club ជាដើម។ ក្រៅពីលេងហ្គេម វាក្លាយជាម៉ាស៊ីនសម្រាប់មើលកុន និងស្តាប់ចំរៀងផងដែរ។ អ្នកអាចបញ្ចូលវីដេអូ ចម្រៀង ចូលទៅក្នុង SD Card ហើយរីករាយក្នុងការទស្សនានៅពេលញ៉ាំបាយ។

Multiplayer
Mp4 Video

ចូលដល់ឆ្នាំ ២០២២ ម៉ាស៊ីនហ្គេមទាំងនេះ នៅរក្សាតម្លៃខ្លួនបានល្អមែនទែន ព្រោះបើតាមទីផ្សារបច្ចុប្បន្នម៉ាស៊ីនហ្គេម PSP 2000 អាចមានតម្លៃក្បែរ ឬលើស ១រយដុល្លារ ទៅតាមស្ថានភាពរបស់វា។ អញ្ចឹងសួរថាហេតុអ្វីវានៅតែមានតម្លៃបែបនេះ ហើយអ្នកគួរទិញវាម្តងទៀតឬអត់? ចម្លើយនោះគឺ វាជាម៉ាស៊ីនហ្គេមប្លែកពីគេ ដែលមិនមានម៉ាស៊ីនណាដូចឡើយ ហ្គេមមួយចំនួនគឺផលិតឡើងដើម្បីវា ដូច្នេះហើយអ្នកលេងនៅតែឲ្យតម្លៃខ្លាំងទៅលើម៉ាស៊ីនមួយនេះ ហើយវាផលិតឡើងជាពិសេសសម្រាប់មនុស្សពិសេស។ ចំណែកឯសំនួរសួរថា គួរមិនគួរទិញនោះ គឺវាអាស្រ័យទៅលើថាតើអ្នកបានធំធាត់ឡើង និងមានអនុស្សាវរីយ ជាមួយវាក្នុងកម្រិតណា។ ម៉ាស៊ីនមួយនេះ បើយកទៅឲ្យក្មេងៗកើតក្រោយឆ្នាំ ២០០៥ ប្រហែលជាមានតិចណាស់ដែលស្គាល់ និងចង់បានវាមកលេង ប៉ុន្តែបើយកទៅឲ្យពូៗ មីងៗដែលកើតមុនឆ្នាំ ២០០០វិញ ប្រាកដណាស់ថាស្គាល់ម៉ាស៊ីនហ្គេមនេះដូចថ្ងៃ ហើយចង់បានវាមកលេង និងអាចចំណាយលុយទៅទិញ។

សរុបមកវិញបើអ្នកចង់ទិញម៉ាស៊ីនហ្គេមនេះមកលេងម្តងទៀត មានន័យថាអ្នកមិនមែនកំពុងចង់បានម៉ាស៊ីនហ្គេមនេះមកលេងឡើយ តែផ្ទុយទៅវិញ គឺអ្នកកំពុងតែទិញអនុស្សាវរីយដែលមិនអាចបំភ្លេចបានកាលពី ១០ឆ្នាំមុន៕

អត្ថបទ៖ Thea Sothun

មតិយោបល់