• 2022-03-28 07:55:20
  • ព័ត៌មាន

ស្ថានីយសាកភ្លើងឡានអគ្គិសនីរបស់​រដ្ឋ​ដំបូង​គេ ដំឡើង​នៅ​ទីតាំង​មួយ​នេះ​រួចរាល់ហើយ

  • 2022-03-28 07:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយសាកយានយន្តអគ្គិសនីសាធារណៈដំបូងនៅកម្ពុជា ត្រូវបានបំពាក់នៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ក្រៅពីបើកសម្ពោធស្ថានីយសាកថាមពល កម្មវិធីក៏មានការតាំងពិព័រណ៍យានយន្តអគ្គិសនី និងការធ្វើបទបង្ហាញពីបច្ចេកវិទ្យាពាក់ព័ន្ធពីក្រុមហ៊ុនយានយន្តអគ្គិសនីផងដែរកាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២២។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងថា កម្ពុជា មានផែនការជំរុញឱ្យមានប្រើប្រាស់រថយន្តអគ្គិសនី ៤០% និងទោចក្រយានយន្តអគ្គិសនី ៧០% នៅឆ្នាំ២០៥០ ស្របតាមគោលដៅកាបូនសូន្យនៅឆ្នាំ២០៥០។ យោងតាមរបាយការណ៍ក្រសួង យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅឆ្នាំ ២០២០ មានត្រឹម ២គ្រឿងប៉ុណ្ណោះតែនៅឆ្នាំ២០២១ កើនដល់ ៦២គ្រឿង ។ បីខែដំបូងឆ្នាំ២០២២ គេដឹងថាមានការចុះបញ្ជីបន្ថែមដល់ទៅ ៤៧ គ្រឿងឯណោះ។

កម្ពុជា គ្រោងនឹងដំឡើងស្ថានីយសាករថយន្តអគ្គិសនីយ៉ាងហោច ១០ទីតាំង នឹងបង្ហាញខ្លួន នៅតាមទីតាំងសំខាន់ៗនានា ដូចជាខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ ស្ថានីយប្រេង និងផ្លូវជាតិនានា។

កម្មវិធីខាងលើនេះធ្វើឡើងក្នងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជនអំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានានៃយានយន្តអគ្គិសនីសំដៅលើកកម្ពស់ការប្រើប្រាស់នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។ បញ្ជាក់ផងដែរថា ពិធីសម្ពោធធ្វើឡើងក្រោមវត្តមានរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល និងចូលរួមដោយតំណាង UNDP ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងក្រុមហ៊ុនយានយន្តអគ្គិសនីចំនួន ១២ ផ្សេងទៀត៕

អត្ថបទ៖ រក្សា

មតិយោបល់