- 2022-03-10 03:47:57
- ចំណេះដឹង
ថែមលុយយក iPad Air 5 M1 ឬយក iPad Air 4 ទុកលុយខ្លះទិញទឹកដោះគោកូន? នេះជាចម្លើយ!
- 2022-03-10 03:47:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថែមលុយយក iPad Air 5 M1 ឬយក iPad Air 4 ទុកលុយខ្លះទិញទឹកដោះគោកូន? នេះជាចម្លើយ!
ចន្លោះមិនឃើញ
Apple ទើបបានប្រកាសចេញនូវ iPad Air ជំនាន់ថ្មីហៅថា iPad Air 5 ឬ iPad Air 2022 ដែលមានរូបរាងដដែលដូចនឹងម៉ូឌែលចាស់។ ទោះជាយ៉ាងណា នៅផ្នែកខាងក្នុងនៃ iPad Air 2022 គឺមានការកែប្រែមួយចំនួន ដែលធ្វើឲ្យអ្នកប្រើប្រាស់ពិបាកសម្រេចចិត្តក្នុងការជ្រើសរើស។ ថ្ងៃនេះ Sabay នឹងធ្វើការប្រៀបធៀបចំណុចសំខាន់ធំៗ ថាតើអ្នកគួរជ្រើសរើសយកមួយណា។ តោះទៅតាមដានខាងក្រោម៖
ចម្លើយដែល Sabay នឹងឆ្លើយដំបូងនោះគឺ ប្រសិនបើអ្នកកំពុងតែប្រើ iPad Air 4 ឬ iPad Pro ឆ្នាំ២០២០ឡើងលើ នោះអ្នកមិនចាំបាច់តម្លើងស៊េរីនោះទេ។ ប៉ុន្តែប្រសិនបើអ្នកជាអ្នកប្រើប្រាស់ថ្មី ហើយចង់ទទួលបានបទពិសោធន៍នៃការប្រើប្រាស់ iPad M1 នោះ iPad Air 5 គឺជាជម្រើសដ៏ល្អ។
ប៉ុន្តែគ្រប់យ៉ាងវាមិនដូចចិត្តយើងឡើយ ថវិការគឺជាអ្នកកំណត់ឧបករណ៍ដែលយើងចង់ប្រើ។ បច្ចុប្បន្ន iPad air 4 ដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃប្រហែល ៥៩៩ដុល្លារសម្រាប់ម៉ូឌែល wi-fi ទំហំផ្ទុក 64GB ដោយឡែក iPad Air 5 ដាក់លក់នៅបរទេសគឺតម្លៃ៥៩៩ដុល្លារ ដែលវាប្រហែលជាកើនដល់ខ្ទង់ ៧រយពេលមកដល់ស្រុកយើង។
ដំបូងយើងនិយាយពីកម្លាំងម៉ាស៊ីនមុន ឈីប M1 ជាចំណុចរសើប ដែលនឹងធ្វើឲ្យ iPad Air ទទួលបានការចាប់អារម្មណ៍ ពោលគឺដោយសារវាមានសមត្ថភាពខ្លាំង អាចទៅប្រៀបធៀបជាមួយនឹង iPad Pro M1 ដែលជាថេប្លេតកំពូល និងថ្លៃជាងគេរបស់ Apple។ កាន់តែពិសេស ចំណុចខុសប្លែកធំៗ រវាង Pro និង Air 5 គឺមានតែ២ប៉ុណ្ណោះគឺ ឧបករណ៍បំពងសំឡេង៤គ្រាប់ និង Pro Motion 120Hz ប៉ុណ្ណោះ។ បន្ថែមពីលើនេះ រន្ធ USB-C ដែលមាននៅលើ iPad Air គឺមានល្បឿនកូពីលឿនជាងមុនពីរដង ពោលគឺ 10Gbps។
បច្ចុប្បន្នខ្ញុំជាអ្នកប្រើប្រាស់ iPad Pro 2020 ប្រើឈីប A12Z និង iPad Air 4 ប្រើឈីប A14 ឃើញថាល្បឿនរបស់វានៅរត់បានរលូនល្អ និងមិនទាន់ឃើញថាមានកម្មវិធីណាដែលវារត់មិនរួចឡើយ។ ដូច្នេះហើយត្រង់កម្លាំងម៉ាស៊ីនគឺមិនចាំបាច់គិតទេ អ្នកអាចរើសយក Air 4 បាន ដោយវានឹងនៅតែខ្លាំងសម្រាប់ច្រើនឆ្នាំទៅមុខទៀត។
ចំពោះការកែប្រែផ្នែកខាងក្នុងរវាងAir 4 និង Air 5 គឺត្រង់ កាមេរ៉ាមុខជាប្រភេទ Center Stage, ទំហំ RAM កើនដល់ 6GB, រន្ធ USB-C ដែលមានល្បឿនលឿនជាងមុនពីរដង, និងចុងក្រោយគេនោះគឺជាប្រព័ន្ធ 5G (សម្រាប់ម៉ូឌែលដាក់ស៊ីម)។ ក្រៅពីនេះ iPad Air 5 នៅតែរក្សាអេក្រង់ដដែល ទំហំ ១០,៩អ៊ីញ Liquid Retina display អាចបញ្ចេញពន្លឺបានខ្ពស់បំផុត 500nits មានមុខងារ True Tone support និង an anti-reflective coating។ ចំណែកនៅឯផ្នែកខាងក្រោយវិញ កាមេរ៉ារបស់វាក៏មិនមានការផ្លាស់ប្តូរ ដោយនៅប្រើ Sensor 12MP ដដែល។
សរុបមកវិញ ខ្ញុំគិតថាអ្នកអាចនឹងមិនចាំបាច់រង់ចាំ Air 5 មកដល់ស្រុកខ្មែរឡើយ។ អ្នកអាចទិញម៉ូឌែល Air 4 ហើយសល់លុយខ្លះប្រើលើអ្វីផ្សេង ប្រសិនបើការកែប្រែបន្ថែមខាងលើនេះ មិនចាំបាច់សម្រាប់អ្នក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានលុយច្រើន ចង់ចំណាយលើបច្ចេកវិទ្យាចុងក្រោយ iPad Air 5 ក៏ជាជម្រើសដ៏ល្អដែរ ហើយឈីប M1 ក៏ប្រហែលជាមានអាយុរស់បានយូរជាង A14 ដែលល្អសម្រាប់អ្នកចង់ចំណាយលុយម្តងប្រើបានរាប់ឆ្នាំ៕