• 2022-02-28 01:57:54
  • ព័ត៌មាន

កម្មវិធី Metaverse អនុញ្ញាតឱ្យក្មេងជំទង់ចូលទៅក្នុងក្លឹបនិម្មិតសម្រាប់មនុស្សពេញវ័យ

  • 2022-02-28 01:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមការស៊ើបអង្កេតរបស់សារព័ត៌មាន BBC កាលពីពេលថ្មីៗនេះបានរកឃើញថាកម្មវិធីមួយចំនួនដែលមាននៅក្នុងកម្មវិធី Metaverse មានភាពប៉ះពាល់ខ្លាំងទៅលើសុខមាលភាពរបស់កុមារ ដោយសារតែមិនមានការគ្រប់គ្រងច្បាស់លាស់ពីក្រុមហ៊ុន Meta។

នៅក្នុងការស៊ើបអង្កេតនេះ អ្នកស្រាវជ្រាវរបស់ BBC បានប្រើកាស Meta Quest និងបានទាញយកកម្មវិធី VRChat ដែលជាវេទិកានិម្មិតអនឡាញដោយឱ្យអ្នកប្រើប្រាស់អាចប្រើរូបតំណាង 3D។ ទោះជាកម្មវិធីនេះមិនត្រូវបានបង្កើតឡើងដោយ Facebook វាអាចត្រូវបានទាញយកពីហាងកម្មវិធីនៅលើកាស Meta Quest របស់ Facebook ដោយមិនមានការត្រួតពិនិត្យ ឬផ្ទៀងផ្ទាត់អាយុឡើយ ហើយតម្រូវការតែមួយគត់នោះគឺគណនី Facebook។ នៅខាងក្នុងកម្មវិធី VRChat មានបន្ទប់ដែលអ្នកប្រើប្រាស់អាចជួបជុំគ្នាបានជាធម្មតាមានដូចជាភោជនីយដ្ឋាន ប៉ុន្តែក៏មានក្លឹបរាំបែបអាសអាភាសផងដែរ។

បើទោះបីជាអ្នកស្រាវជ្រាវបានចុះឈ្មោះប្រើកម្មវិធីជាក្មេងស្រីអាយុ ១៣ឆ្នាំ ប៉ុន្តែនាងអាចចូលទៅលេងបន្ទប់និម្មិតផ្សេងទៀត ដែលមានរូបតំណាងកំពុងធ្វើកាយវិការរួមភេទ។ នាងត្រូវបានគេបង្ហាញឱ្យឃើញឧបករណ៍ផ្លូវភេទ និងស្រោមអនាម័យជាដើម។ ជាងនេះទៅទៀតមានបុរសពេញវ័យជាច្រើនបានព្យាយាមធ្វើការទាក់ទងជាមួយនាងផងដែរ។ ដើម្បីសុវត្ថិភាព និងសុខុមាលភាពរបស់កុមារក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា លោកអ្នកគួរតែមានការប្រុងប្រយ័ត្នក្នុងពេលដែលពួកគេធ្វើការទាញយកកម្មវិធី និងធ្វើការណែនាំពីហានិភ័យទាក់ទងនិងការប្រើប្រាស់បច្ចេកវិទ្យា។

Metaverse គឺជាបច្ចេកវិទ្យាសម្រាប់អ្នកលេងហ្គេមដែលបានពាក់កាសនិម្មិត (virtual reality headset) ដើម្បីឱ្យពួកគេមានអារម្មណ៍ថា គេកំពុងតែស្ថិតនៅក្នុងស្ថានភាពនោះពិតៗ ប៉ុន្តែបច្ចេកវិទ្យានេះកំពុងត្រូវបានកែសម្រួលសម្រាប់ការប្រើប្រាស់នៅក្នុងស្ថានភាពផ្សេងទៀតមានដូចជា ការប្រកបការងារ ការប្រគំតន្ត្រី ដំណើរកម្សាន្ត ឬការទស្សនាភាពយន្តជាដើម៕

ប្រភព៖ Anti Cyber Crime

មតិយោបល់