• 2022-02-17 02:20:57
  • ផលិតផលថ្មី

Xiaomi បញ្ចេញស្មាតហ្វូនហ្គេម Redmi K50 Gaming ខ្លាំង រាងកាចដូច Formula One

  • 2022-02-17 02:20:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi ទើបបញ្ចេញស្មាតហ្វូនហ្គេម Redmi K50 Gaming ប្រើបន្ទះឈីប Snapdragon 8 Gen 1 ជំនាន់ចុងក្រោយបង្អស់របស់ Qualcomm និងមានកម្លាំងសាកថ្មលឿន 120W។ វាក៏ជាទូរសព្ទដំបូងគេរបស់ Xiaomi ចាប់ដៃជាមួយក្រុម Mercedes AMG Petronas Formula One បញ្ចេញជំនាន់ special limited edition ដោយមានស្លាកសញ្ញា Mercedes ដាក់នៅខ្នងទូរសព្ទផងដែរ។

ដូចម៉ូឌែលមុន វាមាន game triggers សម្រាប់ចុចបញ្ជារហ្គេមនៅផ្នែកខាងស្ដាំមួយគូ។ វាក៏មានរំញ័រកន្ត្រាក់ CyberEngine x-axis និងឧបករណ៍បំពងសំឡេងពីរគ្រាប់ JBL ផងដែរ។ ទូរសព្ទនេះប្រើស៊ុមដែកព័ទ្ធជុំវិញ រីឯផ្នែកខាងក្រោយជាកញ្ចក់។

Xiaomi ក៏បានអភិវឌ្ឍប្រព័ន្ធត្រជាក់ថ្មី dual vapor chamber (VC) សម្រាប់ធ្វើឱ្យម៉ាស៊ីននិងបន្ទះឈីបចុះត្រជាក់ ពេលដំណើរការកម្មវិធីធ្ងន់ៗ។

Redmi K50 Gaming ប្រើអេក្រង់ ៦,៦៧អ៊ិញ ប្រភេទ AMOLED មានកម្រិតបង្ហាញ FHD+ និង refresh rate 120Hz។ វាមានលែនទម្លុះអេក្រង់ ទំហំ 20MP ជាសែនស័រ Sony IMX 596។ រីឯកាមេរ៉ាក្រោយវិញ មានលែន៣គ្រាប់ ដោយ 64MP ជាសែនស័រដើម Sony IMX 686, 8MP ជាលែន ultrawide និង 2MP ជាលែន telemacro។

ទូរសព្ទនេះមានថាមពលថ្ម ៤៧០០មីលីអំពែម៉ោង ទ្រទ្រង់កម្លាំងសាក 120W អាចសាកមួយពេញ ប្រើពេលត្រឹម ១៧នាទី។ ចំណែប្រព័ន្ធប្រតិបត្តិការ ដើរដោយ MIUI 13 លើ Android 12។

វាមានជម្រើស៣ពណ៌ គឺខៀវ ប្រាក់ និងខ្មៅ ហើយមួយពណ៌ទៀតប្រាក់លាយខ្មៅជាម៉ូឌែល Mercedes AMG F1 edition។ ចំពោះតម្លៃលក់ Redmi K50 Gaming ចាប់ពី ៥២០ដុល្លារ រីឯម៉ូឌែល limited-edition Mercedes AMG F1 ទំហំ 12/256GB មានតម្លៃប្រមាណ ៦៦២ដុល្លារ។ Xiaomi នឹងដាក់លក់វានៅទីផ្សារប្រទេសចិនជាមុន នៅថ្ងៃទី១៨ ខែកុម្ភៈ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់