- 2022-02-15 02:27:01
- ព័ត៌មាន
ឱកាសល្អ! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ១៥០កន្លែង ត្រៀមចាំអ្នកចង់រៀនបរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល
- 2022-02-15 02:27:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អ! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ១៥០កន្លែង ត្រៀមចាំអ្នកចង់រៀនបរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល
ចន្លោះមិនឃើញ
ក្នុងឆ្នាំសិក្សាថ្មីនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ១៥០នាក់ ដល់និស្សិតឆ្នើមដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
កម្មវិធីអាហារូបករណ៍នេះមានឈ្មោះថា «អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (TECHO DIGITAL TALENT SCHOLARSHIP)» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ដែលជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល លើការបណ្តុះបណ្តាលធនធានមនុស្ស ការលើកទឹកចិត្តដល់យុវជនឆ្នើមកម្ពុជាឱ្យសិក្សាជំនាញបច្ចេកវិទ្យាឌីជីថលដើម្បីក្លាយជាអ្នកដឹកនាំអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនាពេលអនាគត។ នៅក្នុងឆ្នាំសិក្សា ២០២០-២០២១ កន្លងទៅ កម្មវិធីនេះបានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមចំនួន ១០០នាក់ ដោយជ្រើសរើសចេញពីសិស្សដាក់ពាក្យប្រឡងប្រជែងសរុបចំនួន ២.៩៣៨នាក់។
យោងតាមចំនួននៃការដាក់ពាក្យប្រកួតប្រជែងកាលពីឆ្នាំមុនយើងសង្កេតឃើញថាកម្មវិធីអាហារូបករណ៍នេះមានភាពទាក់ទាញ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន យុវនារីដើម្បីសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ដែលជាជំនាញមួយមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារបច្ចុប្បន្ន ហើយចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។ កម្មវិធីអាហារូបករណ៍ដ៏ពិសេសនេះផ្តល់អត្ថប្រយោជន៍ជាច្រើនដល់និស្សិតក្នុងនោះរួមមាន ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅហូបចុក ៣២ម៉ឺនរៀល ក្នុងមួយខែ សម្រាប់រយៈពេល៤ឆ្នាំ ព្រមទាំងផ្តល់កុំព្យូទ័រយួរដៃមួយគ្រឿងសម្រាប់ការសិក្សាផងដែរ។
ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត មានសេចក្តីសោមនស្សរីករាយ និងសម្តែងនូវគារវកិច្ចដឹងគុណយ៉ាងជ្រាវជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្កើនចំនួនអាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មីនេះរហូតដល់ ១៥០កន្លែង។
អាហារូបករណ៍នេះ នឹងផ្តល់ជូនដល់និស្សិតឆ្នើមសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលសិក្សានៅគ្រឹះស្ថានរដ្ឋ និងឯកជនរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។
លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី សូមលើកទឹកចិត្ត និងអំពាវនាវដល់យុវជនយុវនារីយើងពិចារណាចាប់យកការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញដទៃទៀតពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីអាចពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់សម្រាប់ជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ជាពិសេសចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិនៅក្នុងយុគសម័យឌីជីថល។
ដើម្បីទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បេក្ខជន បេក្ខនារីត្រូវមកចុះឈ្មោះប្រឡងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship។
លក្ខខណ្ឌដើម្បីដាក់ពាក្យប្រឡង បេក្ខជន បេក្ខនារីត្រូវតែជាសិស្សដែលជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាននិទ្ទេសរួម A B ឬ C ចំពោះសិស្សដែលមាននិទេ្ទសរួម C ត្រូវមាននិទ្ទេស A លើមុខវិជ្ជាវិទ្យាសាស្ត្រ (គណិតវិទ្យា និងរូបវិទ្យា)។ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ អាហារូបករណ៍នេះត្រូវបានលើកទឹកចិត្តចំពោះសិស្សដែលមានជីវភាពក្រីក្រមកពីជនបទដាច់ស្រយាលនិងសិស្សនារី។
ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងមកបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាតាមរយៈ៖