• 2022-02-10 07:11:44
  • ផលិតផលថ្មី

Galaxy Tab S8 និង S8 Plus ធូរថ្លៃ តែមិនធូរកម្លាំង ថែមទាំងអាចប្រើជាមួយប៊ិក S-Pen

  • 2022-02-10 07:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទម្លាប់ Samsung តែងតែប្រកាសចេញនូវទូរសព្ទជា ៣ស៊េរីរួមមាន ម៉ូឌែលកំពូល Ultra ម៉ូឌែល S និង S Plus។ ក៏ដូចគ្នា Samsung ទើបបានប្រកាសចេញថេប្លេតត្រកូល Tab S ដោយលើកនេះវាមាន៣ម៉ូឌែលសម្រាប់ជ្រើសរើស។

នេះគឺ Tab S8 និង S8 Plus ដែលជាថេប្លេតកំពូលរបស់ Samsung ប៉ុន្តែមានតម្លៃធូរថ្លៃជាងបងធំ Tab S8 Ultra ប៉ុន្តែទោះបីជាធូរថ្លៃជាងគ្នាមែន សមត្ថភាពរបស់វានៅតែខ្លាំងដដែល។ វាផលិតឡើងសម្រាប់អ្នកដែលមិនចង់បានថេប្លេត ដែលមានទំហំដូច Tab S8 Ultra ។

និយាយពីលក្ខណៈសម្បត្តិទូទៅ ថេប្លេត Tab S8 និង S8 Plus គឺមិនមានភាពខុសគ្នាច្រើននោះទេ។ វាទាំងពីរប្រើបន្ទះឈីបថ្មី គឺ Snapdragon 8 Gen 1 ទំហំតូច 4nm ដូចគ្នា និងមានជម្រើសទំហំផ្ទុក RAM 8/12GB និងទំហំផ្ទុក 256/512GB ហើយអាចបន្ថែម SD Card បាន។ រីឯកាមេរ៉ាវិញ វាបំពាក់ដោយកាមេរ៉ាមុខ 12MP ប្រភេទ ultrawide selfie និងខាងក្រោយពីរគ្រាប់ 13MP ជាលេនដើម និង 6MP ជាប្រភេទ ultrawide។

រីឯចំណុចខុសគ្នាវិញ Tab S8 មានទំហំអេក្រង់ ១១អ៊ីញ ចំណែកឯ Tab S8 Plus មានទំហំ១២,៤អ៊ីញធំជាងគ្នាបន្តិច។ កម្រិតបង្ហាញរបស់ Tab S8 ១១អ៊ីញ អាចបង្ហាញរូបភាពបាន 2560 x 1600px ក្នុងល្បឿន 120Hz ជាប្រភេទ LTPS TFT display។ ដោយឡែកចំពោះ Tab S8 Plus វិញ មានកម្រិតបង្ហាញខ្ពស់ជាង បន្តិច និងក្រាលដោយអេក្រង់ AMOLED អាចបង្ហាញរូបភាពបាន 2800 x 1752px ក្នុងល្បឿន 120Hz។ ដោយសារ Tab S8 មិនប្រើអេក្រង់ AMOLED ដូច្នេះហើយវាមិនមានបច្ចេកវិទ្យាស្កេនម្រាមដៃក្រោមអេក្រង់ ដូច Tab S8 Plus នោះឡើយ។

ដោយសារវាមានទំហំអេក្រង់ខុសគ្នា ដូច្នេះកម្លាំងថ្ម ក៏ខុសគ្នាទៅតាមនោះដែរ ដោយ Tab S8 មានកម្លាំងថ្ម 8,000 mAh ចំណែកឯម៉ូឌែល Tab S8 Plus មានកម្លាំងថ្ម 10,090 mAh អាចសាកបញ្ចូលវិញក្នុងល្បឿន ៤៥វ៉ាត់ដូចគ្នា។

Samsung បើកឲ្យកម្មង់ Galaxy Tab S8 និង S8 Plus ពីថ្ងៃនេះហើយ ក្នុងតម្លៃចាប់ពី ៨៦៩ដុល្លារ ឡើងទៅ នៅក្នុងទីផ្សារស្រុកយើង៕

អត្ថបទ៖ Thea Sothun

មតិយោបល់