• 2022-02-04 05:03:09
  • ព័ត៌មាន

ស្ថានីយសាកថ្មយានយន្តអគ្គិសនីស្រុកខ្មែរ នឹងដំឡើងនៅតាមហ្គារាសទាំងនេះ

  • 2022-02-04 05:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនី កាន់តែច្បាស់ៗទៅហើយ បន្ទាប់ពីទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងតំណាងស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា ជួបជជែកពិភាក្សាគ្នា «អំពីវិធីរៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station)» ក្នុងគោលបំណងជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយជាតិពុលក្នុងបរិយាកាស កាលពីថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២២។

ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ជាជំហានដំបូង កិច្ចការគម្រោងដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនី គ្រោងនឹងធ្វើឡើងនៅលើទីតាំងរួមមាន៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន(ភ្នំពេញ) និងចំនួន ១០ ទីតាំងបន្ថែមទៀតសហការជាមួយវិស័យឯកជន។ រីឯស្ថានីយ៍ចំនួនពីរកន្លែងទៀត នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ ២០២២ និងនៅតាមបណ្ដាញផ្លូវជាតិសំខាន់ៗផងដែរដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ និងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅតាមបណ្តារាជធានី-ខេត្តមួយចំនួនអាចជាខេត្តបាត់ដំបង និងខេត្តសៀមរាប ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់យានយន្តដើរដោយថាមពលអគ្គិសនីឲ្យកាន់តែសំបូរបែប។

តំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗប្រចាំកម្ពុជា

កិច្ចពិភាក្សាការងារខាងលើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗប្រចាំកម្ពុជាចំនួនប្រាំរួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ផងដែរ។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាព នៃការជំរុញការប្រើប្រាស់យានយន្ត EVs និងគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទាក់ទងនឹងការដំឡើងស្ថានីយសាកថ្មយានយន្ត EVs ការរៀបចំផែនការមេ សម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត EVs ក្រោមការគាំទ្រពី UNDP និងការផ្ដល់ជូនម៉ូតូដើរដោយថាមពលអគ្គិសនីចំនួន៣០គ្រឿង ដើម្បីធ្វើការសាកល្បងផងដែរ។

លោកក៏បានដាក់ជូនផែនការមេស្តីពីការប្រើប្រាស់យានយន្តអគ្គិសនី ទៅអង្គការសហប្រជាជាតិ ដោយកំណត់ឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៤០% និងម៉ូតូដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៣០% ។

រូបឧទាហរណ៍ ស្ថានីយ៍សាកភ្លើង

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមហ៊ុនបានសម្ដែងការគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួង និងខិតខំធ្វើការងារជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការពិនិត្យលទ្ធភាព ដំឡើងឧបករណ៍សាកថ្មយានយន្ត EVs នៅតាមបណ្តាទីតាំងស្ថានីយនានារបស់ខ្លួន។

ប្រភេទនៃឧបករណ៍សាកភ្លើង

រំឮកផងដែរថា រថយន្តដើរដោយថាមពលអគ្គិសនី ជួយឱ្យបរិស្ថានស្អាតមានប្រសិទ្ធភាពជាងរថយន្តប្រើសាំងនិងអាចជួយកាត់បន្ថយការបំពុលខ្យល់ក្នុងទីក្រុងនានា៕

អត្ថបទ៖ រក្សា

មតិយោបល់