• 2022-01-27 05:02:01
  • ផលិតផលថ្មី

ឧបករណ៍មួយនេះ អាចធ្វើឲ្យកាមេរ៉ាហ្វីល រស់ឡើងវិញម្តងទៀត ដោយប្រើជាមួយ iPhone

  • 2022-01-27 05:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះប្រហែលជាដំណឹងល្អ សម្រាប់អ្នកដែលស្រឡាញ់វិស័យថតរូបដោយប្រើហ្វីល 35mm ព្រោះជាមួយនឹងឧបករណ៍នេះ វាអាចប្រែក្លាយ iPhone របស់អ្នក ដើម្បីថតរូបប្រភេទហ្វីល ដោយមិនបាច់ប្រើហ្វីល។ វាជាឧបករណ៍មួយ ដែលអាចឆ្នៃវត្ថុដ៏អស្ចារ្យ ឲ្យកាន់តែអស្ចារ្យ និងងាយស្រួលប្រើសម្រាប់សម័យបច្ចុប្បន្ន។

នេះគឺ Digi Swap ជើងតភ្ជាប់ iPhone ទៅនឹងកាមេរ៉ាប្រើហ្វីល វាដំណើរការដោយភ្ជាប់ជើងតំណ ទៅក្នុងប្រអប់ដាក់ហ្វីល ដែលមានក្នងកាមេរ៉ាហ្វីល SLR ដើម្បីអាចថតរូបបាន ដោយប្រើ iPhone។ វានឹងត្រូវប្រកាសចេញជាផ្លូវការនៅក្នុងកម្មវិធី CP+ ដែលនឹងធ្វើឡើងក្នុងខែកុម្ភៈខាងមុខ។

ជាការពិត បើថតដោយប្រើហ្វីល អ្នកប្រើប្រាស់កាមេរ៉ាត្រូវកំណត់ Speed និង Aperture នៅលើតួរកាមេរ៉ាដោយផ្ទាល់ ហើយចំណែកឯ ISO គឺវាត្រូវបានកំណត់ជាស្រេចនៅលើសន្លឹកហ្វីលតែម្តង។ ផ្ទុយទៅវិញ នៅលើឧបករណ៍ Digi Swap វិញ កម្រិត ISO ត្រូវកំណត់នៅក្នុង iPhone ដែលផ្តល់ភាពងាយស្រួលក្នុងការគ្របគ្រងពន្លឺ ជាងប្រើប្រាស់សន្លឹកហ្វីល។ មានន័យថា iPhone នឹងក្លាយជា Viewfinder ហើយរូបភាព នឹងបញ្ចូនមកក្នុងទូរសព្ទតែម្តង។

ឧបករណ៍នេះ ប្រហែលជានឹងទទួលបានការពេញចិត្តខ្លាំងពីអ្នកស្រឡាញ់ការថតរូបបែបហ្វីល ព្រោះវាកាន់តែផ្តល់ភាពងាយស្រួលក្នុងការផ្តិតរូប និងមិនចាំបាច់ផ្លាស់ប្តូរហ្វីលឡើយ។ បន្ថែមពីនោះ វាក៏ជួយសន្សំសំចៃដែរ ដោយចំណាយប្រាក់ម្តង អាចប្រើបានរហូត ខុសពីសន្លឹកហ្វីល ដែលត្រូវទិញជាប់ជាប្រចាំ ហើយគាប់ជួនបច្ចុប្បន្ននេះ តម្លៃនៃសន្លឹកហ្វីលក៏មានការកើនឡើងខ្ពស់។ ចំណែកឯសមត្ថភាព និងរបៀបប្រើប្រាស់លម្អិត ក៏ដូចជាតម្លៃរបស់វាប៉ុន្មាននោះ គឺយើងមានតែរង់ចាំមើលការប្រកាសចេញផ្លូវការ ក្នុងខែកុម្ភៈខាងមុខប៉ុណ្ណោះ៕

អត្ថបទ៖ Thea Sothun

មតិយោបល់