- 2014-11-25 22:00:21
- ព័ត៌មាន
Smart ចេញមុខជម្រះការចោទប្រកាន់នាំ iPhone ថៃមកលក់
- 2014-11-25 22:00:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Smart ចេញមុខជម្រះការចោទប្រកាន់នាំ iPhone ថៃមកលក់
ចន្លោះមិនឃើញ
អតិថិជនមួយចំនួនបានសំដែងការខកចិត្ត ក្រោយពេលក្រុមហ៊ុន Smart បាននាំ iPhone 6/6Plus មកលក់លើទីផ្សារប្រទេសកម្ពុជា ដោយចម្រូងចម្រាស។ ពួកគេមិនសប្បាយចិត្ត មិនត្រឹមតែភាពយឺតយ៉ាវក្នុងការទទួលបានទូរសព្ទដែលពួកគេចាំយ៉ាងអន្ទះសា តែក៏មានការចោទប្រកាន់ក្រុមហ៊ុនថាបានបោកប្រាស់ក្នុងការនាំ iPhone 6/6 Plus ពីថៃ ខុសពីការអះអាងដំបូងពេលដែលក្រុមហ៊ុនបើកឲ្យអតិថិជនចុះឈ្មោះទិញមុន។
ជុំវិញបញ្ហានេះ Sabay បានជួបសម្ភាសន៍ជាមួយលោក Thomas Hundt អគ្គនាយកក្រុមហ៊ុន Smart ជុំវិញភាពយឺតយ៉ាវ និងការចោទប្រកាន់នានាដើម្បីស្រាយចម្ងល់ដល់អតិថិជនក៏ដូចជាប្រិយមិត្តអស់មន្ទិលសង្ស័យ។
Sabay៖ ពិតទេ ដែល iPhone ដែល Smart ដាក់លក់គឺនាំមកពីថៃ ខុសពីការសន្យាតាមចោទប្រកាន់របស់អតិថិជនថា នឹងជាផលិតផលពីសិង្ហបុរី?
Thomas Hundt៖ មិនពិតនោះទេ Smart បានទទួលសិទ្ធិស្របច្បាប់ពីក្រុមហ៊ុនមេ Apple ក្នុងការនាំ iPhone មកលក់លើទីផ្សារប្រទេសកម្ពុជា។ iPhone 6/6 Plus ដែលក្រុមហ៊ុននាំមកគឺនាំចូលផ្ទាល់ពីរោងចក្រ Foxconn ដែលជាទីតាំងផលិត iPhone ចែកចាយនៅទូទាំងពីពិភពលោក។ យើងមិនបាននាំចូលពីប្រទេសថៃ ឬពីប្រទេសណាដូចការចោទប្រកាន់នោះទេ។ ចំណែកការចោទប្រកាន់ទៀតថា ក្រុមហ៊ុនធ្លាប់បានសន្យានាំ iPhoneពីសិង្ហបុរីក៏មិនពិតដែរ។ អ្វីដែលក្រុមហ៊ុនសន្យានិងធានាដល់អតិថិជនគឺក្រុមហ៊ុននឹងនាំផលិតផល iPhone ពិតៗពីក្រុមហ៊ុនមេដោយផ្ទាល់ រួមទាំងការផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជន ដែលទិញផលិតផល iPhone ពីក្រុមហ៊ុន Smart។
Sabay៖ អតិថិជនបានលើកពីលេខកូដសម្គាល់ TH ដែលបង្ហាញថាជាលេខកូដសម្គាល់សម្រាប់ទូរសព្ទរបស់ថៃ នោះយ៉ាងម៉េចវិញ?
Thomas Hundt៖ នោះគ្រាន់តែជាការសម្គាល់ទីផ្សារសម្រាប់បែងចែករបស់ Apple នៅតាមប្រទេសនានាតែប៉ុណ្ណោះ។ អ្វីដែលយើងអាចនិយាយបាន រាល់ផលិតផលដែលក្រុមហ៊ុនផលិតផលគឺទាំងគុណភាព បច្ចេកវិទ្យាមិនខុសគ្នានោះទេ។
Sabay៖ ហេតុអ្វី Smart សម្រេចចិត្តដើម្បីនាំយកទីទូរសព្ទ iPhone 6 របស់ថៃ សម្រាប់អតិថិជនកម្ពុជា?
Thomas Hundt៖ វាមិនមែនជាការសម្រេចចិត្តរបស់ក្រុមហ៊ុន Smart ទេ ប៉ុន្តែជាការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple ដើម្បីផ្តល់ជូន Smart ផលិតផលដែលសមស្របសម្រាប់ទីផ្សារប្រទេសកម្ពុជា។ ប្រទេសថៃនិងប្រទេសកម្ពុជា មានភូមិសាស្ត្រក្បែរគ្នាដូច្នេះលក្ខណៈការប្រើប្រាស់មិនខុសគ្នានោះទេ។ មិនថាកម្ពុជានោះទេ ភូមា ឡាវ ក៏ Apple តម្រូវឲ្យប្រើ Version ប្រទេសនេះដែរ។
Sabay៖ តើរវាង iPhone ថៃ និងសិង្ហបុរីខុសគ្នាយ៉ាងណាខ្លះ?
Thomas Hundt៖ និយាយពីបច្ចេកវិទ្យា និងគុណភាពមិនមានអ្វីខុសគ្នានោះទេ ពីព្រោះ Apple ផលិតឡើងជាមួយស្តង់ដាតែមួយ។ ប៉ុន្តែមានខុសគ្នាមួយចំនួនដូចជា iPhone សិង្ហបុរីប្រើឌុយសាកជើង ៣ ចំណែកនៅថៃប្រើឌុយសាកជើងពីរដូចនៅកម្ពុជានោះដែរ។
Sabay៖ តើលោកអាចបញ្ជាក់បានទេ មូលហេតុដែល iPhone ដែល Smart ដាក់លក់ដល់អតិថិជនទាបជាងទីផ្សារខាងក្រៅ?
Thomas Hundt៖ ក្រុមហ៊ុន Smart ទិញដោយផ្ទាល់ពីក្រុមហ៊ុន Apple ដូច្នេះក្រុមហ៊ុនអាចផ្ដល់នូវតម្លៃដែលល្អប្រសើរទៅឱ្យអតិថិជន ខុសពីទីផ្សារខាងក្រៅដែលទិញពីប្រភពមិនច្បាស់លាស់ និងដែលលក់ក្នុងតម្លៃខ្ពស់។ ជាមួយគ្នានេះ អតិថិជនទិញពីក្រុមហ៊ុន Smart បានភ្ជាប់ជាមួយការធានាផ្លូវការពីក្រុមហ៊ុន Apple ហើយទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ដែលក្រុមហ៊ុនផ្តល់ជូន។
Sabay៖ ចុះចំណែកភាពយឺតយ៉ាវយ៉ាងម៉េចដែរ?
Thomas Hundtle៖ Apple មានការកំណត់កាលបរិច្ឆេទច្បាស់លាស់ក្នុងការបញ្ចេញលក់ផលិតផលរបស់ខ្លួន នៅតាមទីផ្សារប្រទេសនានា។ ជាក់ស្ដែង ថ្ងៃ ២១ នេះ Apple បានប្រកាសចេញលក់ជាផ្លូវការសម្រាប់ទីផ្សារប្រទេសកម្ពុជា។ ទោះបីការរង់ចាំរបស់យើងដូចយឺតបន្តិច ប៉ុន្តែក៏អាចនិយាយបានថាទីផ្សារប្រទេសយើងលឿនជាងប្រទេសមួយចំនួនក្នុងតំបន់ផង ដូចជាប្រទេសឥណ្ឌូណេស៊ី ដែលទីផ្សារប្រើប្រាស់ច្រើនជាងយើង Apple នៅមិនទាន់ចេញលក់នៅឡើយទេ។
អាន៖ Smart អះអាងតម្លៃលក់ iPhone របស់ខ្លួនស្តង់ដាចេញពី Apple
អាន៖ កំពូលស្មាតហ្វូនទាំង ៤ គីឡូធ្ងន់ហ៊ានតតាំង iPhone 6/6Plus
អាន៖ ចំណាយពេលបន្តិចស្វែងយល់ពីក្តារចុចខ្មែរលើ iOS 8
អាន៖ N-Gage ទូរសព្ទល្បីជំនាន់ឆ្នាំ ២០០៤ លេចមុខជាថ្មីនាំឲ្យសង្ស័យទីផ្សារប្រើប្រាស់
អត្ថបទ៖ ប៊ុណ្ណារ៉ា