- 2022-01-11 02:56:54
- ព័ត៌មាន
តម្លៃឡានភីកអាប់ RAM 1500 TRX លក់នៅវៀតណាម និងខ្មែរ ខុសគ្នា២ដង
- 2022-01-11 02:56:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃឡានភីកអាប់ RAM 1500 TRX លក់នៅវៀតណាម និងខ្មែរ ខុសគ្នា២ដង
ចន្លោះមិនឃើញ
កាលពីប៉ុន្មានខែមុន ក្រុមហ៊ុន JVA (Jeep Vietnam Automobiles) បាននាំចូលរថយន្តភីកអាប់ RAM 1500 សម្រាប់ទីផ្សារប្រទេសវៀតណាម ហើយឥឡូវនេះបានបន្ថែមម៉ូដែលពិសេសមួយទៀត គឺ RAM 1500 TRX។
បើប្រៀបធៀបជាមួយនឹង ៣ម៉ូដែលចេញមុន គឺ RAM 1500 Laramie, Laramie Night Edition និង Longhorn ដែលបង្ហាញខ្លួនក្នុងខែកញ្ញា ឆ្នាំ២០២១ រថយន្ត RAM 1500 TRX ថ្មីមានតម្លៃថ្លៃជាងខ្លាំង ពោលគឺ ៧,៩ពាន់លានដុង ឬជិត ៣៥ម៉ឺនដុល្លារឯណោះ។ ជាមួយនឹងតម្លៃប៉ុណ្ណេះបានធ្វើឲ្យ RAM 1500 TRX ក្លាយជាភីកអាប់មានតម្លៃថ្លៃបំផុតនៅវៀតណាម។
យ៉ាងណាមិញ បើប្រៀបធៀបតម្លៃភីកអាប់ RAM 1500 TRX នៅទីផ្សារប្រទេសវៀតណាម និងទីផ្សារប្រទេសកម្ពុជា គឺមានភាពខុសគ្នាឆ្ងាយមែនទែន។ កាលពីឆ្នាំ២០២១ កន្លងទៅ ឃ្លាំងលក់រថយន្តក្នុងស្រុកមួយកន្លែង បានបង្ហើបឲ្យដឹងពីតម្លៃនៃរថយន្ត Ram 1500 TRX ស៊េរីឆ្នាំ២០២១ នៅខ្មែរ ដោយដាក់លក់ក្នុងតម្លៃខ្ទង់ ១៤ម៉ឺនដុល្លារជាង។ តម្លៃនេះគឺគិតទាំងថ្លៃពន្ធនាំចូល ខ្ទង់ ៣,៧ម៉ឺនដុល្លារ ព្រមទាំងតម្លៃសេវាកម្មផ្សេងៗទៀតផង។
គួរឲ្យដឹងថា រថយន្ត Ram 1500 TRX ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៧១ ៦៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ខណៈប្រភេទ Launch Edition ដែលផលិតត្រឹម ៧០២គ្រឿង មានតម្លៃខ្ទង់ ៩ម៉ឺនដុល្លារឯណោះ។
មូលហេតុដែលធ្វើឲ្យ ភីកអាប់នេះមានតម្លៃថ្លៃ ក៏ព្រោះតែវាមានបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ Supercharged Hellcar V8 មានកម្លាំង ៧០២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និង ប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង៕