• 2022-01-10 09:11:01
  • ព័ត៌មាន

ទីបំផុតបច្ចេកវិទ្យាកាមេរ៉ា Telescopic Macro នៅលើទូរសព្ទ នឹងមានក្នុងពេលឆាប់ៗនេះ

  • 2022-01-10 09:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យាកាមេរ៉ានៅលើទូរសព្ទវៃឆ្លាតសព្វថ្ងៃ កាន់តែមានការប្រកួតប្រជែងយ៉ាងខ្លាំង ធ្វើឲ្យក្រុមហ៊ុននីមួយៗបង្កើតបាននូវផលិតផល ឬបច្ចេកវិទ្យាថ្មីៗកាន់តែច្រើន។

មិនខុសពីក្រុមហ៊ុនដទៃ Tecno បានប្រកាសចេញ លេនពង្រីកម៉ាក្រូ (Telescopic Macro len) ដែលជួយបង្កើននូវគុណភាពរូបភាព ក៏ដូចជាបទពិសោធន៍នៃការថតរូបឲ្យកាន់តែអស្ចារ្យមួយកម្រិតទៀត។

វាគឺជាលេនថតរូបម៉ាក្រូ ដែលអាចពន្លូតចេញមកបាន អនុញ្ញាតឲ្យអ្នកថតរូបបានជិត ដោយមិនចាំបាច់ចូលទៅកៀកវត្ថុខ្លាំងពេក។ ក្រុមហ៊ុនបានអះអាងថា វាផ្តល់នូវការពង្រីកអុបទិកបាន ៥ដង ជាមួយនឹងគុណភាពរូបភាពខ្ពស់ អាចប្រៀបធៀបទៅនឹងកាមេរ៉ាដើមបាន។

ក្រុមហ៊ុនក៏បានបន្ថែមថា បច្ចេកវិទ្យាកាមេរ៉ាម៉ាក្រូនេះគឺមិនដែលមានបំពាក់នៅលើទូរសព្ទដទៃឡើយ ហើយបច្ចេកវិទ្យាមួយនេះក៏អាចជួយឲ្យ Aperture របស់កាមេរ៉ាបើកបានធំជាងមុនផងដែរ ដើម្បីជាជំនួយដល់ការស្រូបយកពន្លឺចូល។

លើសពីនេះ Tecno និយាយថា ការប្រើប្រាស់លេនថ្មីនោះ គឺមិនត្រូវការទំហំធំនោះទេ ពោលគឺការរចនារបស់ទូរសព្ទនៅតែមានលក្ខណៈតូចដដែល។ ក្រុមហ៊ុនមិនបានបញ្ជាក់ច្បាស់ថា ទូរសព្ទដំបូងដែលបំពាក់ Telescopic Macro len ចេញជាផ្លូវការនៅពេលណានោះទេ ប៉ុន្តែវាអាចនឹងចេញជាផ្លូវការក្នុងឆ្នាំនេះហើយ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Thea Sothun

មតិយោបល់