• 2022-01-04 07:23:28
  • ផលិតផលថ្មី

ឡានសាកភ្លើង​របស់ Mercedes នេះ បើកបាន​១ពាន់គ.ម បំពាក់​អេក្រង់ធំដិតច្បាស់​បំផុត 8K

  • 2022-01-04 07:23:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes បាន​បង្ហាញ​គំរូរថយន្ត​អគ្គិសនី​អនាគតម៉ូដែល EQXX ដែល​អាចបើកបរបាន​ឆ្ងាយ ជាពិសេស​បំពាក់​អេក្រង់ដ៏ធំដិតច្បាស់មិនធ្លាប់មាន ហើយ​វាក៏អាចជា​រថយន្ត​ដែលគេរំពឹងថា នឹងញាត់​បច្ចេកវិទ្យា​ថ្មីសន្លាងបំផុតដែរ។

រថយន្ត​ Mercedes EQXX មាន​រូបរាង​ទំនើបបែបថ្មី ខុសពី​រថយន្ត Mercedes ផ្សេងៗ ត្រូវបានគេ​ប្រដូច​ថា ដូចយាន​អវកាស​ទៀតផង។ ផ្នែកខាងមុខ​មាន​អំពូល lightbar និង​ចង្កៀងដែលមាន​រាងផ្កាយ៣ ដូចនឹង​ឡូហ្គូ Mercedes ដ៏ទាក់ទាញ។

រថយន្តនេះ បំពាក់អាគុយ​ទំហំ ១០០គីឡូវ៉ាត់ម៉ោង ​ដោយ​សាកពេញ​ម្តងអាចបើកដល់ចម្ងាយ​ ១ពាន់គីឡូម៉ែត្រ។ ​លើសពីនេះ ដំបូល​របស់វា​បង្កប់ដោយ​បន្ទះសូឡា ១១៧ផ្ទាំង ដែលស្រូប​ថាមពលព្រះអាទិត្យ ជួយឱ្យរថយន្ត​បើកបាន​ចម្ងាយ ២៥គីឡូម៉ែត្រ​ទៀតផង។ វាដំណើរការ​ដោយម៉ូទ័រអគ្គិសនី១ ផលិតបានកម្លាំង ២០១សេះ រត់ប៉ុងក្រោយ។

ចូល​មក​ដល់​ចំណុចទាក់ទាញបំផុតគឺ ផ្នែក​ខាងក្នុងនៃរថយន្ត​ដែល​បំពាក់​ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៤៧,៥អ៊ីញ ដែលមានកម្រិតបង្ហាញយ៉ាងដិតច្បាស់បំផុត 8K លាតពេញផ្ទៃតាប្លូតែម្តង។ បើតាម​រូបភាពដែលបង្ហាញ គឺ​មិនឃើញ​មានចង្កឹះលេខនៅស្នូកកណ្តាលនោះទេ ដោយឃើញ​តែរន្ធ​សម្រាប់ដាក់កែវទឹក។ ដៃចង្កូត មានប៊ូតុង​សម្រាប់ចុចបញ្ជា​ដូចរថយន្តទូទៅដែរ។

យ៉ាងណាមិញ ក្រុមហ៊ុន Mercedes មិន​បាន​បញ្ជាក់​លម្អិត​ជុំវិញសមត្ថភាពបើកបរបន្ថែម និង​បច្ចេកវិទ្យា ដែល​បំពាក់​លើរថយន្ត​នេះឡើយ។ ចំណែកពេល​វេលា​ផលិត​រថយន្ត​នេះ និងតម្លៃរបស់វា ក៏មិនត្រូវបានទម្លាយដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សំភី

មតិយោបល់