• 2022-01-03 08:29:30
  • ព័ត៌មាន

AirPod Pro ជំនាន់ទី២ ថ្មី ប្រហែលជាលែងភ័យខ្លាចបាត់ទៀតហើយ

  • 2022-01-03 08:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AirPods Pro ជំនាន់ទី២របស់ក្រុមហ៊ុន Apple នឹងមានមុខងារគាំទ្រសំឡេង Lossless និងប្រអប់សាកថ្មដែលអាចបញ្ចេញសំឡេងសម្រាប់ស្វែងរកទីតាំងរបស់វា នេះបើយោងតាមអ្នកវិភាគលើផលិតផល Apple លោក Ming-Chi Kuo ។

មុខងារនេះស្តាប់មើលទៅគឺស្រដៀងនឹងមុខងាររបស់ AirPods Pro ជំនាន់មុន សម្រាប់ស្វែងរកកាសទាំងពីរ ដែលយើងធ្លាប់បានឃើញនៅក្នុងកម្មវិធី Find My នៅក្នុងឧបករណ៍របស់ Apple។

ពីមុន អ្នកប្រើប្រាស់អាចប្រើកម្មវិធី Find My សម្រាប់បញ្ជាឲ្យកាសទាំងសងខាងអាចបញ្ចេញសំឡេងដើម្បីងាយស្រួលក្នុងការស្វែងរកនៅពេលបាត់ ក៏ដូចគ្នាដែរសម្រាប់កាសជំនាន់ទី២ ថ្មី ដែលអាចបញ្ជាឲ្យឮសម្លេងនៅលើកាស និងថែមទាំងអាចបញ្ជាប្រអប់កាសឲ្យបញ្ចេញសំឡេងបានទៀត។ ដូច្នេះមានន័យថា ទោះបីជាកាស និងប្រអប់សាកថ្មរបស់វានៅទីតាំងផ្សេងគ្នា ក៏អ្នកប្រើប្រាស់អាចប្រើកម្មវិធី Find My សម្រាប់ស្វែងរកកាស និងប្រអប់បានដែរ។

នៅលើរូបរាងខាងក្រៅរបស់ប្រអប់សាកថ្មកាសដែលបានបែកធ្លាយវិញ យើងឃើញវាមានរន្ធបញ្ចេញសំឡេងមួយគូ ដែលច្បាស់ណាស់គឺសម្រាប់បញ្ចេញសំឡេងនៅពេលយើងចង់ស្វែងរកវា។ ក្រៅពីរន្ធបញ្ចេញសំឡេង យើងក៏ឃើញមានរន្ធសម្រាប់ដាក់បន្តោងផងដែរ។ មើលទៅលើកនេះប្រហែល Apple គិតថាអ្នកប្រើប្រាស់ AirPods មានការធ្វេសប្រហែសច្រើនហើយមើលទៅ ទើបខំប្រឹងរកមុខងារការពារបាត់ច្រើនយ៉ាងនេះ ដែលកន្លងមកអ្នកប្រើប្រាស់ AirPods គឺអាចត្រឹមតែស្វែងរកគ្រាប់កាសផ្ទាល់ប៉ុណ្ណោះ។

ក្រៅពីមុខងារសម្រាប់ស្វែងរកពេលបាត់ខាងលើ AirPods Pro 2 ក៏អាចបំពាក់មកជាមួយមុខងារកូដសំឡេង Apple Lossless (ALAC) ដែលជួយឲ្យការបញ្ចេញសំឡេងកាន់តែច្បាស់ និងមានគុណភាព។ បច្ចុប្បន្នផលិតផល AirPods ទាំងអស់របស់ Apple រួមទាំង AirPods 3, AirPods Pro និង AirPods Max គឺមិនមានគាំទ្រសំឡេង Apple Lossless ទេ នេះគឺដោយសារតែ AirPods ប្រើប្រាស់ Bluetooth ដូច្នេះហើយកូដសំឡេងគឺអាចប្រើបានត្រឹម AAC ប៉ុណ្ណោះ។ នេះមានន័យថា ប្រសិនបើ Apple ពិតជានឹងប្រើប្រាស់កូដសំឡេងពិសេសថ្មីរបស់ខ្លួន Apple Lossless (ALAC) មែន វាពិតជាត្រូវការកម្លាំងខ្លាំងដើម្បីស្វែងរកបច្ចេកវិទ្យាថ្មី យកមកប្រើប្រាស់លើ AirPods Pro ជំនាន់ថ្មីនេះ។

គួរររម្លឹកផងដែរថា បើយោងតាមការបញ្ជាក់របស់លោក Ming Chikou បានឲ្យដឹងថា កាសថ្មីនោះនឹងអាចចេញលក់នៅចុងឆ្នាំ២០២២ នេះតែម្តង៕

អត្ថបទ៖ Thea Sothun

មតិយោបល់