• 2021-10-20 04:36:13
  • ព័ត៌មាន

CEO របស់ Xiaomi ថាពីរឆ្នាំទៀត គឺដល់ពេលហើយ ឈុតធំ!

  • 2021-10-20 04:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi របស់ប្រទេសចិន បន្ទាប់ពីបានឈរលេខរៀងទី១ ជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេ កាលពី ខែមិនថុនា និងបានបញ្ចប់ការចុះឈ្មោះ Xiaomi EV Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធសម្រាប់ផលិតឡានអគ្គិសនី កាលពីខែសីហាកន្លងទៅ ថ្មីៗនេះមេធំរបស់ក្រុមហ៊ុនបានបង្ហើបពីទស្សនៈវិស័យដ៏ធំក្នុង ២ឆ្នាំខាងមុខទៀត។

លោក Lei Jun ជាស្ថាបនិក និង CEO របស់ Xiaomi បានថ្លែងថា ឡានអគ្គិសនីនឹងចាប់ផ្ដើមផលិត ជាទ្រង់ទ្រាយធំនៅអំឡុងឆមាសទី១ នៃឆ្នាំ២០២៤។

គួរបញ្ជាក់ថា ក្នុងដំណើរដ៏វែងឆ្ងាយនៃវិស័យយានយន្តរបស់ក្រុមហ៊ុនដ៏ល្បីនេះ ពួកគេបានបណ្ដាក់ទុន ១,៥ពាន់លានដុល្លារ និងត្រៀមស្បៀងដ៏ច្រើនសន្ធឹកសន្ធាប់ ប្រមាណ ១០ពាន់លានដុល្លារ ផងដែរ ដើម្បីទាញយកមកវិញ នូវឡានអគ្គិសនីដ៏មានគុណភាព និងត្រៀមប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

ការខិតខំក្នុងវិស័យឡានមិនចាក់សាំងនេះ កន្លងមក Xiaomi បានចំណាយពេលប្រមាណកន្លះឆ្នាំ ដើម្បីការស្រាវជ្រាវ ដោយសម្ភាសមនុស្សច្រើនជាង ២០០០នាក់ ត្រួតពិនិត្យសង្វាក់ឧស្សាហកម្ម និងបានធ្វើទស្សនកិច្ចទៅរោងចក្រផលិតជាង ១០ក្រុមហ៊ុន ឯណោះ។

គួរបន្ថែមថា កាលពីខែមីនា កន្លងទៅ Xiaomi លេចឮថាកំពុងពិភាក្សាជាមួយ ក្រុមហ៊ុនផលិតរថយន្តចិន Great Wall ដើម្បីផលិតយានយន្តអគ្គិសនីក្រោមយីហោផ្ទាល់ខ្លួន។ មិនតែប៉ុណ្ណោះពួកគេក៏បានទិញ Deepmotion Tech ជាក្រុមហ៊ុនបច្ចេកវិទ្យាយានយន្តបើកបរស្វ័យប្រវត្តិ កាលពី ចុងខែសីហា ផងដែរ។

ប៉ុន្ដែយ៉ាងណាក៏ដោយ វានៅតែមិនច្បាស់ថា តើ Xiaomi គ្រោងនឹងផលិតរថយន្តនេះនៅក្នុងផ្ទះរបស់ខ្លួន ឬនឹងឱ្យក្រុមហ៊ុនទីបី ដែលមានសង្វាក់ផលិតកម្មស្រាប់ ដើម្បីផលិតឡានអគ្គិសនីនោះទេ?

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់