• 2021-07-29 03:36:15
  • ព័ត៌មាន

ឡាន RX330 មួយទឹក Option មួយ​នេះកំពុង​ទាញ​ចិត្ត​អ្នកប្រើ​ច្រើននៅខ្មែរ

  • 2021-07-29 03:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus RX330 កំពុង​ទាញ​ចិត្ត​អ្នក​​ប្រើ​ប្រាស់​ជា​ច្រើន​ក្នុង​ស្រុក មាន​ទាំង​ជម្រើស Base Option, Half full និង Full Options ហើយ​អ្វី​ដែល​ខុស​គ្នា​ឆ្ងាយ​មួយ​ទៀត។

​ត្រកូល Lexus RX330 មាន​​​ស៊េរី​ ២០០៤ និង ២០០៥ ហើយជា​ឡានដែល​កំពុង​​ទទួលបាន​ ការ​ប្រើប្រាស់​ច្រើន​នៅ​លើ​ទី​ផ្សារ​។

ភាពពេញ​និយម៖

លោក ហេង ហៀប បុគ្គលិក​លក់​ឡាន​មួយ​ទឹក​ នៅ​ឃ្លាំង​មួយ​កន្លែង​ម្ដុំ​ជ្រោយចង្វារ​បាន​ប្រាប់ Sabay ​ថា Lexus RX ដែល​កំពុង​ពេញ​និយម​ភាគ​ច្រើន​ពណ៌​ស។ បើ​ពណ៌​ផ្សេង​ខុស​ពី​ពណ៌​ស​ ពុំ​សូវ​មាន​ទី​ផ្សារ​ឡើយដោយ​គិត​ទាំង​​ប្រភេទ Base Option, Half full និង Full Options ជាដើម។

លោក​បន្ត​ថា​ សម្រាប់​អ្នក​​ចង់​ទិញ Lexus RX330 ប្រើ​ប្រាស់​ក្នុង​ស្រុក​ គួរ​ជ្រើសយក​ប្រភេទ Half Full ព្រោះ​ចំណេញ​លុយ​ មាន​ទីផ្សារ មាន​អ្នកប្រើ​ប្រាស់​ច្រើន និង​​មាន​លក្ខណៈ​ទំនើប​​ ដូច​​ប្រភេទ Full Option ដែរ

ប្រភេទ Half Full និង Full option មាន​លក្ខណៈ​ដូច​គ្នា​ច្រើន​ រួមមាន​អេក្រង់​បង្ហាញ​ព័ត៌មាន​ធំ, មាន DVD​, មាន​កាមេរ៉ា​ក្រោយ, ​មាន​ទឹក​បាញ់​ចង្កៀង, ប៊ូតុង​ចុច​បិត​ឃ្លុប​ក្រោយ​អូតូ (ប្រភេទ Base Option អាច​មាន​ឬ​អត់) កៅអី​អង្គុយ​បញ្ជា​អូតូ, ចំពោះ​ពោង​សុវត្ថិភាព​មាន​ប្រាំបួន​គ្រាប់​ដូច​គ្នា​។

តម្លៃទីផ្សារក្នុងស្រុក៖

  • ស៊េរិឆ្នាំ ២០០៤ ប្រភេទ Base Option តម្លៃខ្ទង់ ៣២០០០ ដុល្លារ ប្រភេទ Haft Full តម្លៃខ្ទង់ ៣៣៥០០ ដុល្លារ និង​ប្រភេទ Full Option តម្លៃខ្ទង់ ៣៤៥០០ ដុល្លារ

  • ស៊េរិឆ្នាំ ២០០៥ ប្រភេទ Base Option តម្លៃខ្ទង់ ៣៤៥០០ ដុល្លារ ប្រភេទ Haft Full តម្លៃខ្ទង់ ៣៦៥០០ ដុល្លារ និង​ប្រភេទ Full Option តម្លៃខ្ទង់ ៣៩០០០ ដុល្លារ (ដោយ​សារ​ជា​ប្រភេទ​មួយ​ទឹក​តម្លៃ​អាច​​ខុស​គ្នា​ទៅ​តាម​ហាង និង​គុណ​ភាព​ផ្ទាល់​)។

កម្រិត​ស៊ី​សាំង​៖

  • ប្រភេទ​ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ ៦​ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,២២ លីត្រ/ ១០០ គ.ម។

  • ប្រភេទ​ប៉ុង​ពីរ​​ ម៉ាស៊ីន​ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ ៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម។

សូម​បញ្ជាក់​ថា កម្រិត​ស៊ីសាំង អាច​ខុស​គ្នា​បន្តិច​បន្តួច​ ព្រោះ​ជា​ប្រភេទ​ឡាន​មួយ​ទឹក និង​អាស្រ័យ​តាម​ការ​ប្រើប្រាស់​ជាក់ស្ដែង ចំពោះតម្លៃវិញក៏ខុសគ្នាទៅតាម​គុណភាពដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់