- 2021-03-04 02:07:33
- ព័ត៌មាន
២០១៤ វៀតណាមសរសើរខ្មែរចេះផលិតរថយន្ត ឥឡូវរថយន្តវៀតណាមឡើងទីផ្សារបាត់
- 2021-03-04 02:07:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០១៤ វៀតណាមសរសើរខ្មែរចេះផលិតរថយន្ត ឥឡូវរថយន្តវៀតណាមឡើងទីផ្សារបាត់
ចន្លោះមិនឃើញ
កាលពីឆ្នាំ ២០១៤ សារព័ត៌មានវៀតណាម thanhniennews បានចុះផ្សាយទំព័រមុខពីទេពកោសល្យដែលវិស្វករខ្មែរអាចផលិតរថយន្តដ៏ទំនើប មិនទាន់ធ្លាប់ឃើញលើទីផ្សារ ហើយក៏បានឆ្លៀតឌឺដងបង្អាប់ឧស្សាហកម្មប្រទេសខ្លួនមិនដើរទៅមុខសោះ។
ស្រង់សម្តីមន្រ្តីជាន់ខ្ពស់វៀតណាមម្នាក់ នៅពេលនោះដែលធ្វើការនៅផ្នែកឧស្សាហកម្មរថយន្តនិយាយថា៖ "បើទោះបីវៀតណាមមានធនធានមនុស្សជំនាញៗជាច្រើន និងមានឧស្សាហកម្មរថយន្តដើរមុនប្រទេសកម្ពុជា ប៉ុន្តែវៀតណាមអាចនិយាយបានថា នៅដើរពីក្រោយប្រទេសកម្ពុជា លើសមត្ថភាពក្នុងការផលិតរថយន្តដ៏ទំនើប។"
លោក ញាន ផល្លឹក បានខិតខំប្រឹងប្រែង បង្កើតចេញជារូបរាងរថយន្តប្រកបដោយបច្ចេកវិទ្យាទំនើប ដើរដោយថាមពលអគ្គិសនី មិនចាញ់រថយន្តក្រុមហ៊ុនល្បីៗលើពិភពលោក ខណៈប្រទេសកម្ពុជាមិនទាន់ទាំងមានរោងចក្រតំឡើងរថយន្តនៅឡើយ កាលនោះ។ ការចេញម៉ូតរថយន្តអង្គរជាច្រើនជំនាន់ បានធ្វើឲ្យកម្ពុជា លេចត្រដែតឡើងល្បីរន្ទឺពេញឆាកអន្តរជាតិ ក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត សូម្បីតែប្រទេសវៀតណាមដែលជាប្រទេសភូមិផងរបងជាមួយ ក៏ភ្ញាក់ផ្អើលមិនតិចដែរ ដែលដឹងថា វិស្វករខ្មែរអាចមានសមត្ថភាពផលិតរថយន្តដ៏ទំនើបបានដោយខ្លួនឯង។
រហូតដល់ឆ្នាំ ២០១៨ វៀតណាមបានអភិវឌ្ឍឧស្សាហកម្មយានយន្ត ដោយប្រកាសពីការចាប់ផ្តើមផលិតរថយន្តក្នុងស្រុកលើកដំបូង ហើយគ្រោងយកទៅបង្ហាញនៅលើទីផ្សារអន្តរជាតិ។
ព័ត៌មាននេះបានធ្វើឲ្យបេះដូងជនជាតិវៀតណាម មានមោទនភាពសម្រាប់ការសម្រេចបានផលិតផលរថយន្តក្នុងស្រុកជាលើកដំបូង ក្នុងដំណើរឈានទៅប្រជែងយីហោរថយន្តធំៗនៅថ្ងៃអនាគត។
កាលពីដើមឆ្នាំ ២០១៨ វៀតណាមពិតជាបានធ្វើឲ្យកក្រើកវិស័យឧស្សាហកម្មផលិតរថយន្តវិញម្ដង ដោយបានបញ្ចេញរថយន្តកំពូលពីរគ្រឿងដំបូងគេ ដែលរថយន្តមួយជាប្រភេទ Sedan និងមួយទៀតជាប្រភេទ SUV បង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Paris Motor Show ប្រទេសបារាំង។
រថយន្តដំបូងគេរបស់វៀតណាមស្ថិតនៅក្រោមការផលិតក្រុមហ៊ុន VinFast។ ការបង្ហាញមុខនេះដែរគឺមុននឹងត្រូវបង្ហាញចេញនៅប្រទេសវៀតណាមនៅចុងឆ្នាំ និងចេញលក់លើទីផ្សារនាខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខ។
ត្បិតថាជាម៉ាករថយន្តរបស់វៀតណាមមែន ប៉ុន្តែរូបរាងវាត្រូវបានរចនាឡើងដោយក្រុមហ៊ុនអ៊ីតាលីល្បីៗដូចជា Pininfarina និង Italdesign Giugiaro ជាដើម។ បន្ថែមពីនេះ ក្រុមហ៊ុន VinFast ក៏បានជួលបុគ្គលិកនិងវិស្វករមកពីសហគ្រាសយានយន្តធំៗថែមទៀតផង។
VinFast គឺជាក្រុមហ៊ុនស្ថិតនៅក្រោមសម្ព័ន្ធ Vingroup ជាសម្ព័ន្ធឯកជនដ៏ធំមួយរបស់វៀតណាម។ គោលបំណងនៃក្រុមហ៊ុននេះគឺបង្កើតនូវម៉ាកយានយន្តដែលជារបស់វៀតណាម និងជាយានយន្តដែលអាចនាំចេញលក់លើទីផ្សារអន្តរជាតិបាន។
ចំណែកវាសនារថយន្តទំនើបអង្គរ បានត្រឹមចេញជារថយន្តគម្រូប៉ុណ្ណោះ៕
អត្ថបទទាក់ទង៖