• 2014-11-19 22:14:32
  • ព័ត៌មាន

Toyota​ ផលិត​​រថយន្ត​ដើរ​ដោយ​ថាមពល​​អ៊ីដ្រូហ្សែន​​​មិន​ប៉ះពាល់​ដល់​បរិស្ថាន

  • 2014-11-19 22:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បី​ឈ្មោះ​របស់​ជប៉ុន Toyota ​នឹង​បញ្ចេញ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​ដែល​ដំណើរការ​ដោយ​ថាមពល​អ៊ីដ្រូហ្សែន​នៅ​ឆ្នាំ​​ក្រោយ។ ​​រថយន្ត​ Toyota Mirai Sedan ​​អាច​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ ៥៧ ៥០០ ​ដុល្លារ​នៅ​ឆ្នាំ​ ២០១៥ ​ខាង​មុខ​ តែ​ក្រុមហ៊ុន​ដដែល​អះអាង​ថា ​តម្លៃ​អាច​ធ្លាក់​ចុះ​មក​ក្រោម​ ៤៥០០០ ​ដុល្លារ ​​​បើ​មាន​កម្មវិធី​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​សហព័ន្ធ។

 

Toyota ​បញ្ជាក់​ទៀត​ថា ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​ប្រើ​ពេល​ ៥ ​នាទី​ដើម្បី​បញ្ចូល​អ៊ីដ្រូហ្សែន​ឲ្យ​ពេញ​ និង​អាច​បើក​បាន​ចម្ងាយ​ផ្លូវ​ ៣០០ ​ម៉ាយ (៤៨២ ​គីឡូម៉ែត្រ)។ ​​បើ​​និយាយ​ពី​សមត្ថភាព​រថយន្ត​ដើរ​ដោយ​ថាមពល​អ៊ីដ្រូហ្សែន​នេះ​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ​លើ​រយៈ​ចម្ងាយ​ផ្លូវ​​ឆ្ងាយ​​​ដូច​ប្រើ​សាំង​ដែរ ​ហើយ​ជា​ជម្រើស​ល្អ​ជាង​រថយន្ត​អគ្គិសនី​ដែល​ពិបាក​ក្នុង​ធ្វើ​ដំណើរ​​ឆ្ងាយ​បែប​នេះ។ ​​មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ល្អ​ចំពោះ​បរិស្ថាន​ផង​ដែរ​ ព្រោះ​មិន​រំភាយ​ជាតិ​ពុល​ចេញ​មក​ក្រៅ​ទាល់​តែ​សោះ។ ​តែ​​អ្វី​ដែល​ជា​បញ្ហា​ចោទ​គឺ​ ​មិន​មាន​​ស្ថានីយ​បញ្ចូល​ជាតិ​អ៊ីដ្រូហ្សែន​ច្រើន​នៅ​ឡើយ។ ​

 

ដូច្នេះ​​ Toyota ​គ្រោង​លក់​ដំបូង​តែ​នៅ​រដ្ឋ​ California ​​ប៉ុណ្ណោះ​ ​​ព្រោះ​បច្ចុប្បន្ន​​ក្រុមហ៊ុន​កំពុង​សាងសង់​ស្ថានីយ​​​បញ្ចូល​អ៊ីដ្រូហ្សែន​ហើយ។ ​​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បី​មួយ​នេះ​បន្ថែម​ថា ​​នៅ​ឆ្នាំ ​២០១៥ ​ខាង​មុខ​ស្ថានីយ​ចាក់​បញ្ចូល​អ៊ីដ្រូហ្សែន​ចំនួន​ ២០ ​កន្លែង​ទៀត​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ ​ហើយ​ ២៨ ​កន្លែង​ផ្សេង​ទៀត​នឹង​ត្រូវ​សាងសង់​ក្នុង​ឆ្នាំ ​២០១៦​ក្នុង​រដ្ឋ​ចំនួន​ ៥ ​គឺ​ New York, ​New Jersey,​ Massachusetts, ​Connecticut​ និង​ Rhode Island។

 

​បើ​ទោះ​ជា​ពេល​នេះ​ ​មិន​ទាន់​មាន​ស្ថានីយ​អ៊ីដ្រូហ្សែន​ច្រើន​អំណោយ​ផល​ដល់​រថយន្ត​ប្រភេទ​នេះ​ គេ​រំពឹង​ថា​ ទៅ​ថ្ងៃ​អនាគត​វា​នឹង​ក្លាយ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ថ្មី​​ដ៏​មាន​សក្ដានុពល ​ត្បិត​មិន​ផ្ដល់​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ដូច​រថយន្ត​ប្រើ​​ប្រេង​សាំង​សព្វថ្ងៃ៕

 

អាន៖ iOS ​និង​​ Android ​មួយ​​ណា​​ខ្លាំង​​ជាង​​មួយ​​ណា​?

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​theverge

មតិយោបល់