- 2019-08-08 03:20:59
- ផលិតផលថ្មី
រថយន្ត៧កៅអី BMW X7 និង BMW 7 Series ស៊េរីថ្មីមានលក់ជាផ្លូវការនៅកម្ពុជា
- 2019-08-08 03:20:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត៧កៅអី BMW X7 និង BMW 7 Series ស៊េរីថ្មីមានលក់ជាផ្លូវការនៅកម្ពុជា
ចន្លោះមិនឃើញ
BMW Asia និង HGB Group ដែលជាក្រុមហ៊ុននាំចូលរថយន្ត BMW ផ្ដាច់មុខនៅកម្ពុជា បានប្រកាសអំពីការដាក់លក់រថយន្ត BMW X7 រួមជាមួយ BMW 7 Series ស៊េរីថ្មីជាផ្លូវការនៅកម្ពុជា។
រថយន្តប្រភេទ SAV (Sport Activity Vehicle) នេះ ផលិតឡើងនៅរោងចក្រ BMW ដែលមានទីតាំងស្ថិតនៅទីក្រុង Spartanburg រដ្ឋ South Carolina សហរដ្ឋអាមេរិក ដែលរោងចក្រនេះក៏ជាកន្លែងផលិតម៉ូដែល BMW X3, X4, X5 និង X6 ផងដែរ។ វាគឺជារថយន្តម៉ូដែលថ្មី និងមានរូបរាងធំជាងគេបង្អស់ក្នុងត្រកូល BMW X។
រថយន្តនេះមានប្រវែង ៥១៥១ ម.ម ទទឹង ២០០០ ម.ម និងកម្ពស់ ១៨០៥ ម.ម។ X7 មានបំពាក់ដោយរន្ធខ្យល់ដែលមានទំហំធំបំផុត អមដោយភ្លើងអំពូលខាងមុខមានរាងស្លីមជាប្រភេទអំពូល Laserlight និងមានបច្ចេកវិទ្យា Adaptive LED ទៀតផង។ អំពូលភ្លើងរាងអក្សរ X នេះអាចជះពន្លឺបានឆ្ងាយដល់ ៦០០ ម៉ែត្រឯណោះ។
មើលពីចំហៀង គេឃើញបង្អួតកញ្ចក់ទំហំធំ និងវែង អាចឲ្យឃើញថារថយន្តនេះមានភាពធំទូលាយខ្លាំងកម្រិតណា។ ទ្វារជួរខាងក្រោយមានប្រវែងវែងជាទ្វារជួរមុខ អាចផ្ដល់ភាពងាយស្រួលដល់ការចេញចូល ទាំងសម្រាប់អ្នកអង្គុយនៅជួរទីពីរ និងជួរខាងក្រោយ។
ផ្នែកខាងក្រោយរបស់ BMW X7 ក៏បានបំពាក់នូវអំពូលភ្លើងស៊ីញ៉ូមានរាងស្លីម ខណ្ឌចែកដោយក្រូម៉េភ្លឺចែងចាំង អមដោយបំពង់ស៊ីមាំងម៉ូតជ្រុងចំនួនពីរផងដែរ។
ម៉ូដែល BMW X7 ក៏មានជា Option ឈ្មោះថា Design Pure Excellence ដែលមានបំពាក់ដោយរន្ធខ្យល់ប្រភេទអាលុយមីញ៉ូម និងយ៉ាន់ Alloy ទំហំ ២១ អ៊ីញ។ Option មួយទៀតគឺ M Sport ដែលមានចំណុចពិសេសៗដូចជារន្ធបំពង់ស៊ីមាំងទំហំធំ, យ៉ាន់ Alloy ទំហំ ២២ អ៊ីញ និងបន្ថែមភាពទាក់ទាញដោយក្រូម៉េពណ៌ High-gloss Black ឬ Black Chrome។
បរិក្ខារប្រណីតៗផ្នែកខាងក្នុងមានដូចជា ចង្កូតស្រោបដោយសារធាតុស្បែក អេក្រង់បង្ហាញព័ត៌មាននិងបញ្ជាមុខងាររចនារូបរាងថ្មីទំហំ ១២,៣ អ៊ីញ តាប្លូប្រភេទឌីជីថលទំហំ ១២,៣ អ៊ីញ និងមានប៊ូតុងធម្មតាសម្រាប់មុខងារទំនើបៗជាច្រើន។
រថយន្ត BMW X7 នេះមានបំពាក់កៅអីអង្គុយចំនួន ៣ ជួរ ដែលអាចអង្គុយបានចំនួន ៧ នាក់ ហើយកៅអីបីជួរនេះគឺមានមកស្រាប់តែម្ដង មិនមែនជា Option នោះឡើយ។ កៅអីជួរទីបីមានទំហំធំ អាចឲ្យមនុស្សវ័យជំទង់អង្គុយធ្វើដំណើរបានដោយស្រួលចិត្ត។ កម្រិតស្រួលនេះ គឺមានគួបផ្សំដោយដំបូលថ្លា, កន្លែងដាក់កែវទឹក និងមានកន្លែងដាក់ដៃផងដែរ។ កាន់តែងាយស្រួលនោះកៅអីអង្គុយជួរទីបី និងជួរទីពីរ អាចបត់ចុះ និងបើកមកវិញមកបានដោយចុចប៊ូតុងអេឡិចត្រូនិក។
នៅពេលកៅអីទាំង ៧ បើកឡើង រថយន្ត BMW X7 អាចផ្ដល់កន្លែងផ្ទុកឥវ៉ាន់ទំហំ ៣២៦ លីត្រ ហើយនៅពេលបត់កៅអីជួរទីពីរ និងទីបី ទំហំផ្ទុកនឹងមានរហូតដល់ ២ ១២០ លីត្រឯណោះ។ បូមខ្យល់ដែលមានជាស្តង់ដារ អាចឲ្យអ្នកទម្លាក់កម្ពស់រថយន្ត (ដោយចុចប៊ូតុងនៅគូថក្រោយ) ដើម្បីងាយស្រួលដាក់ឥវ៉ាន់ចូលផងដែរ។ ទ្វារគូថក្រោយទៀតសោតអាចបិទ/បើកបាន ដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក។
ដំបូលកញ្ចក់លើរថយន្តប្រភេទ SAV នេះ មានទំហំធំ ពោលមានគ្រប់ដណ្ដប់ពីខាងលើកៅអីអង្គុយទាំងបីជួរ ហើយវាអាចបញ្ជាបិទ/បើកបានដោយប្រើប្រព័ន្ធអេឡិចត្រូនិកសុទ្ធ។ រឹតតែពិសេសនោះ នៅពេលយប់ដំបូលកញ្ចក់នេះ អាចប្រើអំពូល LED បញ្ចេញជាពន្លឺប្រៀបដូចជាមេឃពោរពេញដោយផ្កាយ ដែលអាចផ្លាស់ប្ដូរពណ៌បានតាមការចូលចិត្ត។
BMW X7 មានប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិចំនួន ៥ តំបន់ ដោយមានប៊ូតុងបញ្ជាចែកដាច់ពីគ្នា ហើយនៅកៅអីជួរទីបីមានបន្ថែមនូវខ្យល់មកជាមួយផងដែរ។ ប្រព័ន្ធម៉ាស៊ីនត្រជាក់មានមុខងារបន្សុទ្ធខ្យល់ Ambient Air និងមានក្លិនចំនួន ៨ ឲ្យជ្រើសរើសផងដែរ។ នៅផ្នែកកណ្ដាលមានកន្លែងដាក់កែវ ដែលមានបង្កប់ដោយប្រព័ន្ធកម្ដៅ អាចធ្វើឲ្យភេសជ្ជៈត្រជាក់ ឬក្ដៅបានការចង់បាន។
ផ្នែកខាងក្នុងក៏មានភ្លើងបំភ្លឺ Ambient Lighting ដែលប្រើប្រាស់ដោយអំពូល LED បង្កើតចេញជាពណ៌ចំនួន ៦ ប្រភេទ អាចជម្រើសរើសតាមអារម្មណ៍អ្នកបើកបរ។ ប្រព័ន្ធភ្លើង Ambient Lighting នេះក៏មានបញ្ចូលនូវ Welcome Light Carpet ដែលបញ្ចេញភ្លើងនៅពេលទ្វាររថយន្តបើក ឬ ដោះសោ និង Dynamic Interior Light ដែលបញ្ចេញភ្លើងពេលមានសកម្មភាពអ្វីមួយកើតឡើង ដូចជាពេលមានការហៅចូលជាដើម។
រន្ធបំពងសំឡេងដែលបំពាក់ខាងក្នុងរថយន្តគឺជា Bowers & Wilkins Diamond Surround Sound System ដែលមានរន្ធបំពងសំឡេងចំនួន ២០ អាចបញ្ចេញសំឡេងបែប 3D ដល់អ្នកដំណើរនៅក្នុងរថយន្តគ្រប់ជួរ។ អ្នកអង្គុយនៅជួរទីពីរក៏អាចកម្សាន្តជាមួយប្រព័ន្ធកម្សាន្តដែលមានអេក្រង់ Touch ទំហំ ១០,២ អ៊ីញ ចំនួនពីរ កន្លែងសម្រាប់ចាក់ឌីវីឌី រន្ធ USB ចំនួនពីរ រន្ធ HMDI និងរន្ធកាសចំនួនពីរ។ មានរន្ធ USB ចំនួនពីរទៀតសម្រាប់អ្នកអង្គុយជួរទីបី។
ចំពោះ Option ឈ្មោះថា Design Pure Excellence និង M Sport មានបំពាក់នូវលក្ខណៈពិសេសខុសពី BMW X7 ធម្មតា ដែលកាន់តែលេចធ្លោ។ ក្នុងនោះមានដូចជាការប្រើដេរអំបោះដែលមានពណ៌ខុសពីស្បែកកៅអី និងការឌីហ្សាញច្រើនប្រភេទលើដែកនៃមាត់ទ្វារ ដែលធ្វើឲ្យប្រភេទទាំងពីរនេះ ខុសពីប្រភេទធម្មតា បូករួមចំណុចពិសេសដទៃទៀត។
រថយន្ត ៧កៅអីនេះ មានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ ៦ ស៊ីឡាំង សម្រាប់ BMW X7 xDrive40i ដែលមានគួបផ្សំជាមួយបច្ចេកវិទ្យា BMW TwinPower Turbo អាចផ្ដល់កម្លាំងបាន ៣៤០ សេះ និងមានរង្វិលជុំចន្លោះ ៥៥០០ ទៅ ៦៥០០ ជុំក្នុងមួយនាទី។ វាមានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ Steptronic Sport ចំនួន ៨ វគ្គ។
ប្រព័ន្ធ BMW xDrive Intelligent All-Wheel-Drive ជំនាន់ចុងក្រោយ ភ្ជាប់ជាមួយ Dynamic Stability Control (DSC) អាចផ្ដល់នូវការបើកបរដែលរលូនល្អ មិនថាផ្លូវមានស្ថានភាពបែបណានោះទេ។
ការធ្វើដំណើរលើរថយន្ត SAV កាន់តែស្រួលខ្លួន ក្រោមជំនួយរបស់បូមខ្យល់ ដែលអាចផ្លាស់ប្ដូរកម្ពស់បានដោយស្វ័យប្រវត្តិ អាចរក្សាលំនឹងរថយន្តបានល្អមិនថាស្ថិតក្រោមស្ថានភាពផ្លូវបែបណា។
BMW X7 មានបំពាក់ជាមួយ Park Distance Control ដែលមាននូវ Sensor ទាំងផ្នែកខាងមុខ និងខាងក្រោយ។ មុខងារ Parking Assistant អាចជ្រើសរើសទីតាំងចូលចតដោយស្វ័យប្រវត្តិ រ៉ាប់រងលើការជាន់ហ្វ្រាំង បង្វិលចង្កូត និងប្ដូរលេខបើសិនចាំបាច់។ រថយន្តនេះក៏មានកាមេរ៉ាសម្រាប់មើលផ្នែកខាងក្រោយពេលចូលចត ហើយអាចមើលទិដ្ឋភាពពីខាងលើ (Top View), ទិដ្ឋភាពបែប Panorama និងទិដ្ឋភាពបែប 3D ដែលមានបញ្ចូលក្នុង Option Parking Assistant Plus។ មុខងារជំនួយមួយទៀតគឺ Reversing Assistant នៅពេលដែលចាកចេញពីចំណត ឬកន្លែងដែលតូចចង្អៀត។
BMW 7 Series គឺជារថយន្តប្រភេទ Sedan មានប្រណីតភាពខ្ពស់ មានរូបរាងសង្ហារ និងមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន។ រថយន្តម៉ូដែលនេះផលិតឡើងនៅរោងចក្រ Dingolfing នៅអាល្លឺម៉ង់ ជារោងចក្រផលិតរថយន្តធំជាងគេរបស់ BMW Group នៅអឺរ៉ុប។
7 Series សម្រាប់លក់នៅកម្ពុជាគឺជាប្រភេទតួវែង Long-Wheelbase ដែលមានប្រវែងពីកង់មុខទៅកង់ក្រោយ ៣២១០ ម.ម អាចផ្ដល់ជាកន្លែងសម្រួលឥរិយាបថដ៏ធំទូលាយសម្រាប់អ្នកដំណើរផ្នែកខាងក្រោយ។ រថយន្តនេះមានប្រវែងសរុប ៥២៦០ ម.ម វែងជាងជំនាន់មុន ២២ ម.ម មានទទឹង ១៩២០ ម.ម និងមានកម្ពស់ ១៤៧៩ ម.ម។ ប្រភេទតួវែងនេះមានចែកចេញជាពីរគឺ BMW 730Li និង BMW 740Li។
ការផ្លាស់ប្ដូរធំបំផុតលើរូបរាងខាងក្រៅ បើធៀបនឹងជំនាន់មុន គឺនៅត្រង់រន្ធខ្យល់ខាងមុខ ដែលមានទំហំធំជាងមុនធ្វើឲ្យមុខកាន់តែកាច គួបផ្សំនឹងអំពូលភ្លើងខាងមុខមានរាងស្លីមជាប្រភេទ LED។ បច្ចេកវិទ្យាទំនើបៗភ្ជាប់ជាមួយអំពូលមានដូចជា Adaptive LED Headlight, Selective Beam, Laserlight ដែលជួយឲ្យការបើកបរពេលយប់កាន់តែមានភាពងាយស្រួល។ ផ្នែកខាងក្រោយក៏មានប្រើរចនាបថភ្លើងស៊ីញ៉ូដែលមានរាងស្លីមផងដែរដែលជាប្រភេទ LED អមនឹងបំពង់ស៊ីមាំងភ្លោះ។
ទឹកថ្នាំរបស់ BMW 7 Series មានចែកចេញជា ១៣ ជម្រើស ដោយប្រភេទ non-metallic មានចំនួនពីរជម្រើស និងប្រភេទ metallic មានចំនួន ១១ ជម្រើស។ ចំពោះ BMW 730Li មានប្រើប្រាស់យ៉ាន់ Alloy ទំហំ ១៨ អ៊ីញ និង BMW 740Li មានយ៉ាន់ Alloy ទំហំ ១៩ អ៊ីញ ជា V-Spoke។
ខាងក្នុងរថយន្តតួវែងនេះមានទំហំធំទូលាយ អមដោយការឌីហ្សាញដ៏ផ្ចិតផ្ចង់ និងប្រើប្រាស់ដោយវត្ថុធាតុដើមមានគុណភាពខ្ពស់ ពោលមានប្រើប្រាស់ដោយស្បែកប្រភេទ Exclusive Nappa។ ចង្កូតរថយន្តមានរំលេចដោយការក្រូម៉េ និងមានប៊ូតុងសម្រាប់បញ្ជាមុខងារជាច្រើន ហើយស្រោបដោយសារធាតុស្បែក។
រឹតតែពិសេសនោះគឺការបំពាក់នូវប្រព័ន្ធម៉ាស៊ីនត្រជាក់ចំនួន ៤ តំបន់, កៅអីអង្គុយអាចសារ៉េបានដោយអេឡិចត្រូនិក និងមុខងារម៉ាស្សាដែលបំពាក់ទាំងលើកៅអីអង្គុយខាងមុខ និងខាងក្រោយ។ មុខងាររន្ធខ្យល់លើកៅអីក៏មានបំពាក់មកជាស្តង់ដារផងដែរ។ ជាមួយ Ambient Air Package អាចជួយបន្សុទ្ធខ្យល់ក្នុងរថយន្ត និងមានក្លិនខ្យល់ចំនួន ៨ ប្រភេទអាចជ្រើសរើសផងដែរ។ លើរថយន្ត BMW 7 Series ក៏មានប្រព័ន្ធភ្លើង Ambient Lighting ដូចជា BMW X7 ផងដែរ។
លើរថយន្ត BMW 7 Series ទាំងពីរប្រភេទមានផ្ដល់ជូននូវ Rear Seat Entertainment Experience ដែលដំណើរផ្នែកខាងក្រោយអាចប្រើប្រាស់មុខងារកម្សាន្តតាមរយៈអេក្រង់ Full-HD ទំហំ ១០ អ៊ីញចំនួនពីរ ហើយអាចចាក់ឌីវីឌីបានផងដែរ។ លើសពីនេះក្នុងរថយន្តក៏មាននូវ Tablet មួយគ្រឿងអាចដកចេញបាន សម្រាប់បញ្ជាលើមុខងារជាច្រើន មិនថាអ្នកអង្គុយនៅកៅអីមួយណា ឬអាចបញ្ជាពីក្រៅរថយន្តបានទៀត។
រថយន្តនេះប្រើប្រាស់ប្រព័ន្ធសំឡេង Bowers & Wilkins Diamond Surround Sound System ដែលមានឧបករណ៍បំពងសំឡេងចំនួន ២០ អាចផ្ដល់សំឡេង 3D ដល់អ្នកដំណើរគ្រប់កៅអីអង្គុយក្នុងរថយន្ត។
BMW 7 Series ស៊េរីថ្មី មានជាប្រភេទម៉ាស៊ីនប្រេងសាំង ដែលប្រើស៊ីឡាំង ៤ និង ៦។ គ្រប់ប្រភេទម៉ាស៊ីនគឺមានបំពាក់នូវបច្ចេកវិទ្យា BMW TwinPower Turbo ដែលមានរួមបញ្ចូលដោយ Twin-Scroll Turbocharger, High Precision, VALVETRONIC និង Double-VANOS។ ចំពោះប្រអប់លេខគឺជាប្រភេទ Steptronic ថ្មី ជាប្រអប់លេខ ៨ វគ្គ ដែលភ្ជាប់ជាមួយចង្កឹះបែបស្ព័រខ្លាំងជាងមុន។
បច្ចេកវិទ្យាជំនួយលើរថយន្តជំនាន់ថ្មីនេះមានដូចជា Active Park Distance Control មានលក្ខណៈពិសេសដូចបានរៀបរាប់លើរថយន្ត BMW X7 ដែលវាជំនួយដល់ការចូលចតរថយន្ត។ អ្នកអាចជ្រើសរើសបន្ថែមកញ្ចប់ Parkig Assistant Plus ដើម្បីបានមុខងារបន្ថែមដែលអាចឲ្យឃើញទិដ្ឋភាពជុំវិញបានច្បាស់ពេលចូលចត។ បន្ថែមពីនេះក៏មានមុខងារស្តង់ដារដូចជា Reversing Assistant ជំនួយដល់ការចាកចេញពីចំណតតូចចង្អៀត និង Remote Controlled Parking ដែលអ្នកបើកបរអាចបញ្ជារថយន្តចេញពីចំណតដោយប្រើប្រាស់សោមានអេក្រង់ BMW Display Key។
បញ្ជាក់ថាពេលនេះរថយន្ត BMW X7 និង BMW 7 Series កំពុងមានវត្តមានដាក់តាំងបង្ហាញនៅ Showroom BMW។ សម្រាប់ព័ត៌មានបន្ថែម ឬចង់បើកបរសាកល្បងឡាន BMW ម៉ូដែលណាក៏ដោយ ទាក់ទងលេខ 078 90 90 90 ឬទៅអគារតាំងរថយន្ត ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជកម្ម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ៕