- 2019-06-26 08:57:05
- ព័ត៌មាន
TICC វគ្គផ្ដាច់ព្រ័ត្ររកឃើញជើងខ្លាំង ៣ ក្រុមនិង ៦ ក្រុមទៅអភិវឌ្ឍគំនិតអាជីវកម្មបន្ត
- 2019-06-26 08:57:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TICC វគ្គផ្ដាច់ព្រ័ត្ររកឃើញជើងខ្លាំង ៣ ក្រុមនិង ៦ ក្រុមទៅអភិវឌ្ឍគំនិតអាជីវកម្មបន្ត
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្រ ថ្ងៃទី២៣ មិថុនាកន្លងទៅ ការប្រកួតការច្នៃប្រឌិតតិចណូកម្ពុជា (Techno Innovation Challenge Cambodia) បានធ្វើការរៀបចំកម្មវិធីប្រកួតផ្ដាច់ព្រ័ត្ររបស់ខ្លួននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ដើម្បីស្វែងរកក្រុមជើងឯកចំនួន ៣ក្រុម ក្នុងរដូវកាលនេះ។ កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីពេលថ្មីៗនេះមានការចូលរួមពីសំណាក់សាស្រ្តាចារ្យ សិស្ស និស្សិត វិនិយោគិន ដៃគូពាក់ព័ន្ធ និងសាធារណជនទូទៅពីវិស័យរដ្ឋនិងឯកជនប្រមាណ ២០០នាក់។
ការប្រកួតការច្នៃប្រឌិតតិចណូកម្ពុជា (TICC) គឺជាការប្រឡងប្រជែងសមត្ថភាពក្នុងការបង្កើតគម្រោងអាជីវកម្មដែលមានលក្ខណៈច្នៃប្រឌិត ដែលក្រុមនិស្សិតទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើការ រចនា ការបង្កើត និងស្វែងរកនូវដំណោះស្រាយបញ្ហាពិភពលោកពិតប្រាកដ។ ការប្រកួតការច្នៃប្រឌិតតិចណូកម្ពុជា មានការជួយគាំទ្រពីដៃគូជាតិ និងអន្តរជាតិ ដូចជា USAID COMET, ក្រុមហ៊ុន EZECOM, Agence Universitaire de la Francophonie (AUF), TEXAS A&M University College of Engineering និងដៃគូសហការជាច្រើនទៀត។
រំឭកផងដែរថា កម្មវិធីការប្រកួតការច្នៃប្រឌិតតិចណូកម្ពុជា (TICC) បង្កើតឡើងដំបូងក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ហើយឆ្នាំ២០១៩ នេះគឺជាឆ្នាំទី៣ហើយដែលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំកម្មវិធីនេះឡើង។ TICC ផ្តោតលើមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងការប្រើប្រាស់ភាពច្នៃប្រឌិតដើម្បីដោះស្រាយបព្ហាជាក់ស្តែងក្នុងប្រទេស ដែលកម្មវិធីនេះមានរយៈពេលប្រកួត ៤ សប្តាហ៍។
បន្ទាប់ពីការជួបជុំធ្វើការជាក្រុមជាមួយគ្នាអស់រយៈពេល ៤សប្ដាហ៍ ក្រុមនិស្សិតទាំង ៨ក្រុម ដែលត្រូវបានជ្រើសរើសចេញពីវគ្គជម្រុះជុំទី១ បានមកជួបគ្នាប្រកួតជាលើកចុងក្រោយក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះក្រុមជើងខ្លាំងចំនួន ៣ ត្រូវបានជ្រើសរើស៖
- លេខ១ បានទៅក្រុម Agri-Economiser សម្រាប់គម្រោងកសិដ្ឋានឆ្លាតវៃ (Smart Farm Project) លេខ ២ បានទៅលើក្រុម CamCuisine សម្រាប់គម្រោងផលិតអាម៉ុកកំប៉ុង និងទី៣ បានទៅលើក្រុម V-Ball ដែលមានគម្រោងផលិតប្រហិតចេញពីបន្លែ (Vegetable meatball) ក្រុមជ័យលាភីលេខមួយទទួលបានទឹកប្រាក់ ១.២៥០ ដុល្លារអាមេរិក។
លេខ២ ទទួលបាន ១.០០០ ដុល្លារអាមេរិក
លេខ៣ ទទួលបាន ៧៥០ ដុល្លារអាមេរិក។
ចំណែកក្រុមចំនួនបីផ្សេងទៀត ដែលជាប់លេខ ៤, ៥ និង ៦ មិនបានទទួលប្រាក់រង្វាន់ទេ តែទទួលបានកន្លែងធ្វើការជាក្រុម (co-working space) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយនឹងទទួលបានឱកាសចូលរួមកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ១០សប្ដាហ៍ដែលចាប់ផ្ដើមពីខែកក្កដា ដើម្បីផ្ដល់ឱកាសឲ្យពួកគេយកគំនិតអាជីវកម្មរបស់ពួកគេទៅបង្កើតឲ្យចេញជារូបរាង។
ជាចុងក្រោយ អ្នករៀបចំកម្មវិធីក៏សូមអរគុណចំពោះអ្នកឧបត្ថម្ភធំនៃកម្មវិធីនេះ គឺក្រុមហ៊ុន EZECOM និងសូមអគុណទៅដល់គណៈកម្មការវាយតម្លៃទាំងអស់រូបដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមផ្តល់មតិយោបល់ស្ថាបនា និងដាក់ពិន្ទុដល់ក្រុមនិស្សិត។
គណៈកម្មការវាយតម្លៃ រួមមាន លោក សេង សំអាត នាយកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន Fair Manufacturing, លោក លី ចាន់ណា សហស្ថាបនិកនិងជានាយកផ្នែកបច្ចេកវិទ្យា នៃ ក្រុមហ៊ុន BookMeBus, លោក យ៉ន សុភារិត ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន BizKhmer, លោក ហួង សុភ័ក្រ្តដារ៉ា ប្រធានផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន EZECOM និងសាស្រ្តាចារ្យ Didier Lecomte ទីប្រឹក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕