• 2019-05-12 09:08:00
  • ព័ត៌មាន

សម័យ​ទំនើប​ខ្ជិល​ជិះ​យន្តហោះ មក​សាក​រថភ្លើង​ល្បឿន​លឿន​ទាំង ១០ ក្នុង​លោក

  • 2019-05-12 09:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុគសម័យ​ទំនើប​ក្នុង​តំបន់​អឺរ៉ុប ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​មួយ​ចំនួន​ធំ​អាច​មាន​ល្បឿន​លឿន​ជាង​ការ​ជិះ​យន្តហោះ។ ប្រទេស​ជប៉ុន​កំពុង​តេស្ត​សាកល្បង​រថភ្លើង​ល្បឿន​លឿន Supreme ត្រៀម​សម្រាប់​ការ​មក​ដល់​នៃ​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ ២០២០។ មុន​ឈាន​ចូល​ដំណាក់កាល​នោះ Sabay ណែនាំ​ឲ្យ​ស្គាល់​រថភ្លើង​ល្បឿន​លឿន​ទាំង ១០ ក្នុង​លោក​មាន​ល្បឿន​ទាប​បំផុត ៣០០ គ.ម/ម៉។

១០.Thalys ល្បឿន ៣០០ គ.ម/ម៉:

ការ​ត​ភ្ជាប់​ទៅ​ទីក្រុង Amsterdam, Bruxelles, Paris និង Cologne រថភ្លើង Thalys ត្រូវ​បាន​ស្គាល់​ជា​កំពូល​រថភ្លើង​លឿន​បំផុត​មួយ​ក្នុង​តំបន់​អឺរ៉ុប ដោយ​សក្ដិសម​ទាំង​សម្រាប់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​និង​អាជីវកម្ម។

៩.Eurostar e320 និង TGV ល្បឿន ៣២០ គ.ម/ម៉:

ស្ថាបនា​ឡើង​វិញ​នា​ឆ្នាំ ២០១៥ ដោយ​រថភ្លើង e300 អាច​ធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង Brussels, Paris និង London ប្រើ​ពេល​ត្រឹម​រយៈ​ពេល ២ ម៉ោង និង​មាន​គម្រោង​ពង្រីក​ដល់​ទីក្រុង Amsterdam នៃ​ប្រទេស​ហូឡង់​នា​ឆ្នាំ​ក្រោយ​ថែម​ទៀត​ផង។ ការ​ធ្វើ​ដំណើរ​គិត​ត្រឹម​តែ (One-way) ថ្លៃ ៧០​ដុល្លារ ដោយ​ដឹក​អ្នក​ដំណើរ​មក​ឈប់​នៅ​កណ្តាល​ទីក្រុង​ដូច​បាន​រៀបរាប់​ខាង​លើ។

៨.Korail KTX ល្បឿន ៣៣០ គ.ម/ម៉:

ជា​បណ្តាញ​ផ្លូវ​ដែក​ល្បឿន​លឿន​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​ក្រុមហ៊ុន KTX បង្កើត​ឡើង​នា​ឆ្នាំ ២០០៤។ ផ្លូវ​ចុង​ក្រោយ​ទើប​បើក​ដំណើរការ​ភ្ជាប់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Incheon នៅ​ភាគ​ខាង​លិច ទៅ​កាន់​ទីក្រុង Gangneung នៅ​ភាគ​ខាង​កើត ឆ្លង​កាត់​ទីក្រុង​សេអ៊ូល។

៧.DeutscheBahn ICE ល្បឿន ៣៣០ គ.ម/ម៉:

ពេញ​និយម​ក្នុង​ប្រទេស​អាល្លឺម៉ង់ ក្រុមហ៊ុន ICE ទើប​សាងសង់​ផ្លូវ​ដែក​ថ្មី​ត​ភ្ជាប់​ពី​ទីក្រុង Berlin មក Munich ដោយ​ស្រដៀង​ទៅ​នឹង​រថភ្លើង Renfe AVE របស់​អែស្ប៉ាញ ដោយ​ប្រភេទ​នេះ​មាន​ឆ្លង​កាត់​តាម​រូង​ភ្នំ​ក្រោម​ដី។

៦.Haraman Western Railway ល្បឿន ២៥០ គ.ម/ម៉:

រត់​លើ​ចម្ងាយ​ផ្លូវ ៤៥៣ គ.ម​រវាង​ទីក្រុង​ធំៗ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​ចំណាយ​ពេល​លឿន​ជាង​មួយ​ទ្វេ​ជា​ពីរ​ធៀប​នឹង​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត។ ក្រុមហ៊ុន Haramain ត្រៀម​បើក​ដំណើរ​ផ្លូវ​រថភ្លើង​នេះ​ជា​សាធារណៈ​នា​ខែ​កញ្ញា ឆ្នាំ ២០១៨ រំពឹង​នឹង​ទទួល​បាន​អ្នក​ដំណើរ ៣ លាន​នាក់​ក្នុង​មួយ​ឆ្នាំ។

៥.Renfe AVE ល្បឿន ៣៥០ គ.ម/ម៉:

រថភ្លើង​លឿន​បំផុត​របស់​អេស្ប៉ាញ បើក​ដំណើរការ​ដោយ​ក្រុមហ៊ុន Siemens ដោយ​ឆ្លង​កាត់​ទាំង​ទីក្រុង​ក្នុង​ និង​ក្រៅ​ប្រទេស ខណៈ​ការ​ធ្វើ​ដំណើរ​ពី​ទីក្រុង Barcelona នៃ​ប្រទេស​អេស្ប៉ាញ ទៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ប្រើ​ពេល ៦ ម៉ោង។

៤.The Italo និង Frecciarossa ល្បឿន ៣៥៥ គ.ម/ម៉:

​ដឹក​អ្នក​ដំណើរ​ពី​ទីក្រុង Milan ទៅ Florence ឬ Rome ប្រើ​ពេល​មិន​ដល់​ ៣ ម៉ោង ជាមួយ​នឹង​គម្រោង​ភ្ជាប់​ទៅ​ទីក្រុង Peregia នា​ឆ្នាំ​នេះ។

៣.Shinkansen H5 និង E5 ល្បឿន ៣៦០ គ.ម/ម៉:

ជប៉ុន​បាន​អបអរ​ខួប​គម្រប់ ៥៤ ឆ្នាំ​នៃ​ការ​ដាក់​ដំណើរការ​រថភ្លើង​ល្បឿន​លឿន តាំង​ពី​ឆ្នាំ ១៩៦៤ អំឡុង​រថភ្លើង Hikari ចាប់​រត់​ពី​ទីក្រុង Tokyo ទៅ Osaka ដោយ​ចំណេញ​ពេល​ដល់​ទៅ​ជាង ៧ ម៉ោង​ឯ​ណោះ។ ចំណែក​ឯ H5 និង E5 ក៏​ដើរ​តាម​គន្លង​ដូច​គ្នា ប៉ុន្តែ​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង Tohoku ទៅ Hokkaido។

២.Fuxing Hao CR400AF/BF ល្បឿន ៤០០ គ.ម/ម៉:

ចិន​ឈរ​នៅ​លំដាប់​កំពូល​ជា​រថភ្លើង​ល្បឿន​លឿន​បំផុត ដោយ​ CR400AF ឲ្យ​ឈ្មោះ​ថា "ត្រី​ដូហ្វីន​ខៀវ" ស្រប​ពេល CR400BF ជា "ឥន្ទ្រីយ៍​មាស"។ ទាំង​ពីរ​គ្រឿង​នេះ​ប្រើ​ពេល​ត្រឹម ៥ ម៉ោង​ដឹក​ភ្ញៀវ​ចេញ​ពី​ទីក្រុង​ប៉េកាំង​ខាង​ត្បូង ចេញ​ទៅ​ស្ថានីយ Shanghai Hongqiao។

១.Shanghai Maglev ល្បឿន ៤៣១ គ.ម/ម៉:

ចំណាយ​ត្រឹម ៨ ដុល្លារ/ម្នាក់ រថភ្លើង Maglev នឹង​ដឹក​អ្នក​ពី​អាកាសយានដ្ឋាន Pudong នៃ​ទីក្រុង​សៀងហៃ​ទៅ​ស្ថានីយ Longyang មាន​ចម្ងាយ​ជាង ៣០ គីឡូម៉ែត្រ។ ចម្ងាយ​នេះ​ប្រើ​ពេល​ត្រឹម ៧ នាទី​តែ​ប៉ុណ្ណោះ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Magnetic Levitation Technology៕

អានអត្ថបទ:

ប្រភព៖ cntraveler អត្ថបទ៖ កៅ រក្សា

មតិយោបល់