- 2019-03-19 08:34:12
- ព័ត៌មាន
ក្រុមហ៊ុនមួយនៅកម្ពុជា ទទួលទុនវិនិយោគ ៥លានដុល្លារ ពី BRCM
- 2019-03-19 08:34:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនមួយនៅកម្ពុជា ទទួលទុនវិនិយោគ ៥លានដុល្លារ ពី BRCM
ចន្លោះមិនឃើញ
ពិព័ណ៌បច្ចេកវិទ្យាថ្នាក់ជាតិ Digital Cambodia 2019 កាលពីពេលថ្មីៗកន្លងទៅ បានទទួលការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់សាធារណជន។ ពិព័ណ៌បច្ចេកវិទ្យាលើកដំបូង និងធំជាងគេនៅកម្ពុជានេះ មានការតាំងបង្ហាញផលិតផល និងសេវាកម្មបច្ចេកវិទ្យាជាច្រើន។ លើសពីនេះ Digital Cambodia ក៏មានវាគ្មិនជំនាញប្រមាណ ១០០រូប ធ្វើបទបង្ហាញទាក់ទងនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ និងការ startup អាជីវកម្មផងដែរ។
ពិព័ណ៌ Digital Cambodia ការបង្ហាញឲ្យឃើញនូវការរីកចម្រើនប្រកបដោយសក្តានុពលនៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ពិព័ណ៌នេះ ក៏បានបង្កើតជា Platform ថ្នាក់ជាតិបង្ហាញថាកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ក៏ដូចជាផ្ដល់ឲ្យសហគ្រិន និងអាជីវកម្ម Startup នានា ក្នុងការអភិវឌ្ឍបណ្ដាញទំនាក់ទំនងរបស់ពួកគេ ជាមួយក្រុមហ៊ុនផ្តល់មូលនិធិប្រកបដោយសក្ដានុពលជាច្រើន។
ក្រុមហ៊ុន Groupin ជាក្រុមហ៊ុន Startup មួយរបស់កម្ពុជា ដែលទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនផ្ដល់មូលធន។ ក្រុមហ៊ុនអ៊ិនធើណិតដែលមានស្នាក់ការកណ្ដាលនៅកម្ពុជានេះ បានទទួលការវិនិយោគក្នុងទឹកប្រាក់ទំហំ ៥ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងដំណាក់កាលទី១ ពីក្រុមហ៊ុនមូលធនដែលផ្តោតលើតំបន់តាមដងទន្លេមេគង្គ Belt Road Capital Management (BRCM) ។ នេះជាការប្រមូលទុនបន្ថែម ដែលធំជាងគេបំផុតក្នុងប្រវត្តិសាស្រ្តក្រុមហ៊ុនបចេ្ចកវិទ្យាថ្មីដែលទើបនឹងចាប់ផ្តើម (startup) របស់កម្ពុជា។
សូមបញ្ជាក់ថា Groupin ជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច Little Fashion និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឌីជីថល Mediaload (Khmerload នៅកម្ពុជា និង Myanmarload នៅមីយ៉ាន់ម៉ា)។
លោក Alex Oudom ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុន BRCM បានឲ្យដឹងថា៖ “ក្រុមហ៊ុន Little Fashion ដែលប្រកបអាជីវកម្មលក់សម្លៀកបំពាក់អនឡាញដែលមានតម្លៃសមរម្យជាចម្បង អាចឆក់ឱកាសពីការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិត ការកើនឡើងនៃអតិថិជនសកម្មអនឡាញ និងការរីកលូតលាស់នៃចំនួនប្រជាជនដែលមានជីវភាពធូរធារ។ ពួកយើងមើលឃើញពីសក្តានុពលនៅក្នុងទីផ្សារនេះ។ ការរួមបញ្ចូល Mediaload ជាមួយនឹងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច បានផ្តល់ឲ្យមានការសហការគ្នាយ៉ាងសំខាន់ និងលទ្ធភាពដែលអាចទទួលបានអតិថិជនរាប់លាននាក់ទាំងក្នុងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។ ពួកយើងមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ក្នុងការធ្វើការជាមួយលោកវិចិត្រ និងក្រុមការងាររបស់គាត់ដើម្បីជួយក្រុមហ៊ុនឲ្យរីកចម្រើន”។
ចំណែក លោកអ៊ិន វិចិត្រ នាយកប្រតិបត្តិការរបស់ Groupin ក៏បានឲ្យដឹងដែរថា៖ “ទោះបីជា Startup របស់យើងមានផលចំណេញក៏ពិតមែន យើងត្រូវការមូលនិធិនេះដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរក្រុមហ៊ុនរបស់យើងឲ្យទៅជាក្រុមហ៊ុនអ៊ីនធឺណិតដែលឈានមុខគេមួយក្នុងតំបន់។ ពួកយើងនឹងធ្វើការបណ្តាក់ទុនលើបច្ចេកវិទ្យាចល័ត ខ្សែសង្វាក់ដឹកជញ្ជូន ការពង្រីកផលិតផលបន្ថែម (Product vertical expansion) និងការទទួលអតិថិជនដើម្បីបង្វែរ L192 ទៅជាវេទិកាទីផ្សារដែលផ្តល់សេវាកម្មដល់អតិថិជនល្អជាងគេនៅក្នុងតំបន់"។
លោក អ៊ិន វិចិត្រ បានបន្ថែមថា៖ "ពួកយើងជឿថា គំរូអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថលរបស់យើង ត្រូវការវិវឌ្ឍទៅជាកម្មវិធីប្រមូលផ្តុំមាតិកាមួយ។ ជាមួយនឹងប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន និងការយល់ដឹងពីស្ថានការក្នុងតំបន់ Mediaload មានសក្តានុពលដ៏ធំដើម្បីក្លាយជាកម្មវិធីមាតិកាដ៏ទំនើប។ យើងនឹងដាក់ទាំងចិត្ត ក៏ដូចជាធនធានរបស់យើងក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យនេះ។ ពួកយើងសប្បាយចិត្តណាស់ ដែលបានទទួលការវិនិយោគពីក្រុមហ៊ុន BRCM ដែលជឿជាក់ទៅលើចក្ខុវិស័យពួកយើង និងចង់ចូលរួមចំណែកជួយដំណើរការពាណិជ្ជកម្មពួកយើង”។
របាយការណ៍ឆ្នាំ ២០១៨ របស់ Google-Tamasek បានធ្វើការប៉ាន់ស្មានថា នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចមានទំហំប្រមាណ ៣០ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៨ ជាមួយនឹងការព្យាករកំណើនប្រមាណ ១០២ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ ២០២២ ស្របពេលដែលបណ្តាញផ្សព្វផ្សាយអនឡាញមានទំហំប្រមាណ ១១ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៨ ជាមួយនឹងការព្យាករកំណើនប្រមាណ ៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ ២០២២។ យោងតាមរបាយការណ៍ Mckinsey នៅឆ្នាំ ២០១៧ ទីផ្សារសម្លៀកបំពាក់អនឡាញនៅទ្វីបអាស៊ី ត្រូវបានព្យាករថា នឹងកើនដល់ ១.៤ ទ្រីលាន នៅត្រឹមឆ្នាំ ២០២០។ បច្ចុប្បន្ននេះ ទ្វីបអាស៊ីមានចំនួនពីរភាគបីនៃពាណិជ្ជកម្មអេឡិចត្រូនិចក្នុងពិភពលោកដែលមានសរុបចំនួន ៤៥៕