• 2018-11-15 08:25:00
  • ព័ត៌មាន

មិន​ធម្មតា! ក្រុម​អ្នក​ផលិត​ហ្គេម​ខ្មែរ លេច​មុខ​ក្នុង​កម្មវិធី Game Show ពិភពលោក

  • 2018-11-15 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ស្នាដៃ​ផលិត​ហ្គេម​មាន​គុណភាព និង​មាន​លក្ខណៈ​ស្តង់ដារ​ផង​នោះ ក្រុម​អ្នក​ផលិត​ហ្គេម​ក្នុង​ស្រុក​ល្បីៗ​ចំនួន​បី ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​តាំង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​​ហ្គេម​ដ៏​ធំ​ប្រចាំ​ឆ្នាំ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក យក់ ស៊ីវ៉ាល់រី

លោក យក់ ស៊ីវ៉ាល់រី ស្ថាបនិក​នៃ​ក្រុម Sil Animation និង​ជា​អ្នក​​ផលិត​ហ្គេម​ "Angkor: Rise of Heroes" ដែល​បាន​ចូល​រួម​បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា កម្មវិធី​តាំង​ពិព័រណ៍​​ហ្គេម​ដ៏​ធំ​ប្រចាំ​ឆ្នាំ G-Star ជា​កម្មវិធី​ជួប​ជុំ​រវាង​បណ្ដា​អ្នក​អភិវឌ្ឍន៍​ហ្គេម(Game developer) ល្បី​ៗ​នៅ​កូរ៉េ និង​​អ្នក​អភិវឌ្ឍន៍​ហ្គេម​ទូទាំង​ពិភពលោក។

ក្នុង​នោះ​ដែរ ក៏​មាន​ការ​ចូល​រួម​ពី​បណ្តា​ក្រុមហ៊ុន​ផលិត​ហ្គេម​ធំៗ​និង​ល្បីៗ​ជា​ច្រើន​ប្រទេស​ដូច​ជា កូរ៉េ ចិន ជប៉ុន ថែម​ទៀត​ផង។

ក្រុម​អ្នក​ផលិត​ហ្គេម​ខ្មែរ នៅ​កម្មវិធី​តាំង​ពិព័រណ៍​​ហ្គេម​ដ៏​ធំ​ប្រចាំ​ឆ្នាំ G-Star

ស្ថាបនិក​ដដែល​ខាង​លើ បន្ថែម​ថា ខាង​ក្រុម​អ្នក​ផលិត​ហ្គេម​ខ្មែរ​យើង បាន​លើក​យក​ហ្គេម​ល្បីៗ​បី​មក​តាំង​បង្ហាញ​គឺ Osja AR 2.0 របស់ Sabay Studio, ហ្គេម”Angkor: Rise of Heroes" របស់ Sil Animation និង​ហ្គេម Osja Village ​របស់ Osja Studio ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់ developer ប្រទេស​ដទៃ មិន​តិច​នាក់​នោះ​ទេ។

​ក្នុង​ឱកាស​តាំង​បង្ហាញ​ស្នាដៃ​នេះ​ដែរ ក្រុម​អ្នក​ផលិត​ហ្គេម​ខ្មែរ បាន​ជួប​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ផលិត​ហ្គេម​ធំៗ​ដទៃ​ផ្សេង​ទៀត ទទួល​បាន​បទពិសោធន៍​ថ្មីៗ ក៏​ដូច​ជា ​បាន​ទំនាក់ទំនង​ការ​បណ្ដាក់​ទុន​វិនិយោគ​ ឬ​ការ​សហការ​ពី​ក្រុមហ៊ុន​យក្ស​ទាំង​នោះ​ផង​ដែរ។

ក្រៅ​ពី​ស្នាដៃ​ហ្គេម​ខ្មែរ​នេះ​ដែរ ក៏​មាន ៣៥ ហ្គេម​ផ្សេង​ទៀត​មក​ពី ៧ ប្រទេស​នៅ​អាស៊ី​គឺ កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និង វៀតណាម ដែល​ត្រូវ​បាន​​អញ្ជើញ​ឲ្យ​ចូលរួម​តាំង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​​ហ្គេម​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ។

លើស​ពី​ការ​តាំង​ពិព័រណ៍​ស្នាដៃ​ផលិត​ហ្គេម កម្មវិធី G-Star នេះ​ក៏​មាន​ការ​លេង​កីឡា​អេឡិចត្រូនិច (E-Sport) ការ​តាំង​លក់​សម្ភារៈ​ហ្គេម និង​ការ​ប្រកួត​ហ្គេម​ផ្សេង​ៗ​ដូចជា PUBG, Fornite ជាដើម។

កម្មវិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី ១៥ ដល់ ១៧ ខែ ​វិច្ឆិកា​ឆ្នាំ ២០១៨ នៅ​ក្នុង​មជ្ឈមណ្ឌល (BEXCO Exhibition Center II) ប្រទេស​កូរ៉េ​ខាង​ត្បូង៕

រូបភាពផ្តល់ដោយ៖ លោក យក់ ស៊ីវ៉ាល់រី និង Osja Studio

អត្ថបទ៖ រក្សា

មតិយោបល់