• 2018-06-30 08:35:00
  • ព័ត៌មាន

ចូលរួម​លើក​ដំបូង កម្ពុជាឈ្នះ​ពាន​មួយ ការ​ប្រកួត​ Tech Startups នៅ​សិង្ហបុរី

  • 2018-06-30 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​បណ្ឌិត កាន ច័ន្ទមេតា្ត រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ (ក្រសួង ប.ទ) និងជាអនុប្រធានទី១ នៃ​ក្រុមប្រឹក្សាភិបាល​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​និង​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន(ក្រុម​ប្រឹក្សា​មូលនិធិ​ស.អ.) តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប.ទ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​មូលនិធិ​ស.អ. បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និង Tech Startups ចំនួន១៣ ចូលរួម​ក្នុង​កម្មវិធី Echelon Asia Summit 2018 ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន E27 នៅ​ប្រទេស​សិង្ហបុរី​ចាប់​ពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៩ ខែ​មិថុនា ឆ្នាំ២០១៨។

នេះ​ជា​លើក​ទី​មួយ​ដែល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ដឹកនាំ Tech Startups ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​នៅ​តំបន់​អាស៊ី។ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ប្រើប្រាស់​មូល​និធិស.អ (CBRD Fund) ដែល​ជា​ចំណែក​វិភាគទាន​របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​ដឹកនាំ Tech Startups របស់​កម្ពុជា ចូលរួម​ការ​ប្រកួត​ប្រជែង។

Echelon Asia Summit 2018 គឺ​ជា​វេទិកា​ដែល​រៀបចំ​ឡើង​ដើម្បី​ជួយ​ជំរុញ​និង​អភិវឌ្ឍ Tech Startups តាម​រយៈ​ការ​ប្រមូល​ផ្ដុំ​អ្នក​វិនិយោគ ដៃគូ​អភិវឌ្ឍន៍ អ្នក​រៀបចំ​គោល​នយោបាយ​អតិថិជន និង​បុគ្គល​ពាក់ព័ន្ធ​នឹង Tech Startup ecosystem។ ក្នុង​កម្មវិធី​នេះ ក្រុមហ៊ុន E27 បាន​រៀបចំ​វេទិកា​រដ្ឋាភិបាល (Government Forum) និង​ពិព័ណ៌ Tech Startup។

វេទិកា​រដ្ឋាភិបាល​លើក​ទី​មួយ​នេះ មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​មួយ​ចំនួន​ដូច​ជា សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី កាហ្សា​ស្ថាន ហ្វីលីពីន វៀតណាម ថៃ និង​ឥណ្ឌូណេស៊ី ដើម្បី​ពិភាក្សា​ស្វែង​រក​ដំណោះស្រាយ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​អំពី Tech Startup ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​នីមួយ​ៗ​អាច​ស្វែង​រកTech Startup ទាំង​នោះ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​គាំទ្រ​ដល់​ការ​វិនិយោគ​និង​ផ្សព្វផ្សាយ។

ក្នុង​កិច្ច​វេទិកា​នេះ ប្រទេស​នីមួយ​ៗ​ក៏​បាន​បង្ហាញ​អំពី​គំនិត​ផ្ដួចផ្ដើម​នានា ដំណើរ​ការ​រៀបចំ Tech Startup Ecosystem និង​គោលនយោបាយ​គាំទ្រ​ដល់ Tech Startups ផង​ដែរ។ នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ផង​ដែរ Startups កម្ពុជា​ត្រូវ​បាន​ស្វាគមន៍​ឱ្យ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន Facebook ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន Salesforce ដើម្បី​ចែក​រំលែក​នូវ​បទពិសោធន៍​ក្នុង​ការ​បង្កើន​សក្ដានុពល Startups តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី និង​តាម​រយៈ​ការ​ប្រើប្រាស់​សេវា​របស់​ក្រុមហ៊ុន​ពួកគេ​ផង​ដែរ។

ចំពោះ​ការ​តាំង​ពិព័ណ៌​វិញ​មាន Tech startup ចំនួន ១៥០ ចូលរួម​បង្ហាញ​ផលិតផល​និង​សេវា​របស់​ខ្លួន ក្នុង​នេះ​ផង​ដែរ​មានTech Startups ចំនួន ១៣ ពី​កម្ពុជា​ដែល​ត្រូវ​បាន​នាំ​ទៅ​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ខាងលើ​រួម​មាន ១. Soyo Entertainment ២. Last2Ticket ៣. Osja Studio ៤. DirectPlay ៥. Morakot Technology ៦. Joonaak ៧. Khmer24 ៨. Nham24 ៩. Bong Pheak ១០. Spare Asia ១១. BookMebus ១២. Demine Robotics និង១៣. Cambo Tickets ។

ជា​លទ្ធផល​ក្រុមហ៊ុន BookMebus បាន​ឈ្នះ​ពាន់​រង្វាន់ Echelon 27 នៅ​តំបន់​អាស៊ី ​ក្នុង​ប្រភេទ​ពាន​រង្វាន់​ការ​ធ្វើដំណើរ​និង​ការ​រស់នៅ (Travel & Lifestyle)។ កម្ពុជា​មាន​មោទនភាព​ក្នុង​ការ​ដឹក​នាំ Tech Startups របស់​កម្ពុជា​លើក​ទី ១ ចូលរួម​ប្រកួត​ប្រជែង​ជាមួយ Tech Startups ចំនួន ១០០ នៅ​អាស៊ី និង​បាន​ឈ្នះ​ពាន​រង្វាន់​នេ។

ឯកឧត្ដម​បណ្ឌិត កាន ច័ន្ទមេត្តា ត្រូវ​បាន​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ស្ដី​ពី “តួនាទី​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដើម​គំនិត​នវានុវត្តន៍​ក្នុង​នៅ​គ្រប់​កម្រិត​នៃ​សង្គម” (“The role of government in spearheading innovation at every level of society”)។

ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ចូលរួម​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា​ បាន​និង​កំពុង​ខិតខំ ប្រឹង​ប្រែង ផ្ដួចផ្ដើម និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន និង Tech startup ecosystem ។

ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ជំរុញ​លើ​វិស័យ​នេះ ក្រសួង​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​នានា ជា​ពិសេស​គ្រឹះស្ថាន​ស្រាវជ្រាវ វិនិយោគិន និង​ប្រតិបត្តិករ​ទូរគមនាគមន៍ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ Tech Startup Ecosystem។ ជា​លទ្ធផល Tech Startup ត្រូវ​បាន​ជំរុញ​លើក​ទឹក​ និង​ផ្ដល់​ឱកាស​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី Echelon Asia Summit 2018 នេះ។

ឯកឧត្ដម បន្ត​ទៀត លោក​ជឿជាក់​ថា​ការ​ចូលរួម​របស់ Tech startups ទាំង ១៣ នេះ​នឹង​បង្កើត​ជា​ឱកាស​សម្រាប់​ពួកគេ​ក្នុង​ការ​ផ្លាស់ប្ដូរ​នូវ​បទពិសោធន៍​និង​ឧត្តមានុវត្ត​នៃ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នៅ​ថ្នាក់​តំបន់ ការសិក្សា​អំពី​ការ​រក​ដំណោះស្រាយ​ថ្មីៗ​និង​នវានុវត្តន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ការ​ពិនិត្យ​និង​ការ​តាម​ដាន​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​បច្ចុប្បន្ន​និង​អនាគត ការ​ពង្រីក​ទំនាក់ទំនង​និង​បណ្តាញ​ជាមួយ Tech Startup ផ្សេងៗ​ទៀត​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ និង​ការ​ស្វែងរក​ឱកាស​ទទួល​បាន​ការ​វិនិយោគ​ពី​បណ្ដា​ក្រុមហ៊ុន​ធំ​ៗ​នៅ​ថ្នាក់​តំបន់​និង​ពិភពលោក។

លោក ថូម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖ "ក្រុមហ៊ុន Smart Axiata បាន​បង់​វិភាគ​ទាន​យ៉ាង​ទៀងទាត់​ចូល​មូល​និធិ​ស.អ. ស្រប​តាម​ច្បាប់​ទូរគមនាគមន៍ និង​តែង​តែ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ Tech Startup Ecosystem ។

លោក​ជឿជាក់​ថា​ការ​គាំទ្រ​នេះ​នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ដ៏​មាន​តម្លៃ​មក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​អនាគត​ហើយ​វា​ក៏​អាច​ជួយ​ឱ្យ​ក្រុមហ៊ុនSmart Axiata ផ្ទាល់​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ក្លាយ​ជា​ជើងឯក​ឌីជីថល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រឹម​ឆ្នាំ២០២០។ លោក​ប្រាកដ​ថា Echelon Asia Summit 2018 គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់ Tech Startup របស់​កម្ពុជា​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ ហើយ​លោក​ក៏​ជឿ​ជាក់​ផង​ដែរ​ថា Tech Startup របស់​កម្ពុជា​នឹង​ទទួល​បាន​កម្លាំង​ជំរុញ ដើម្បី​បន្ត​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួកគេ​ឱ្យ​រីកចម្រើន​មួយ​កម្រិត​បន្ថែម​ទៀត" ។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា Echelon Asia Summit 2018 នេះ​មាន​អ្នក​ចូលរួម​ប្រមាណ ៥០០០ នាក់ មកពីប្រទេសចំនួនជាង៣០ ទូទាំង​ពិភពលោក ដែល​ក្នុង​នោះ​មាន​អ្នក​វិនិយោគ ដៃគូ​សហការ Tech Startups អ្នក​សារព័ត៌មាន វាគ្មិន និង​បុគ្គល​ពាក់ព័ន្ធ​ផ្សេងទៀត។

អត្ថបទ៖ រក្សា

មតិយោបល់