- 2014-11-10 18:37:50
- ព័ត៌មាន
Startup Weekend នាំក្តីស្រមៃយុវជនខ្មែរកសាងអាជីវកម្មដ៏ជោគជ័យថ្ងៃអនាគត
- 2014-11-10 18:37:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Startup Weekend នាំក្តីស្រមៃយុវជនខ្មែរកសាងអាជីវកម្មដ៏ជោគជ័យថ្ងៃអនាគត
ចន្លោះមិនឃើញ
នៅមិនដល់ប៉ុន្មានថ្ងៃទៀត Startup Weekend នឹងរៀបចំឡើងនៅអាគារ Development Innovations ស្ថិតនៅតាមបណ្ដោយមហាវិថីយោធពលខេមរភូមិន្ទ។ ព្រឹត្តិការណ៍នេះធ្លាប់បានធ្វើឡើងជាង ៤០០ ទីក្រុងនៃប្រទេសជាង ១០០ ក្នុងពិភពលោក។ Startup Weekend ជាឱកាសសម្រាប់យុវជនដែលមានគំនិតជាសហគ្រិនលើវិស័យបច្ចេកវិទ្យាចូលរួម ដើម្បីអាចសម្រេចក្តីសុបិនក្នុងការបង្កើតអាជីវកម្មនាពេលអនាគត។
ជុំវិញដំណើរដើមទមក្នុងការរៀបចំព្រឹត្តិការណ៍ Startup Weekend Sabay បានសាកសួរលោក បេ ចន្រ្តា ប្រធានទទួលបន្ទុករៀបចំ Startup Weekend ដែលលោកនឹងចូលខ្លួនមកឆ្លើយសំនួរពីដំណើរការរៀបចំនិងប្រវត្តិខ្លះៗពីព្រឹត្តិការណ៍ជូនដល់ប្រិយមិត្តជ្រាបជាព័ត៌មាន។
Sabay៖ តើ Startup weekend ជាអ្វី ហើយកើតឡើងតាំងពីពេលណា និងយ៉ាងដូចម្ដេច?
បេ ចន្រ្តា៖ Startup Weekend បានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៧ ដោយលោក Andrew Hyde នៅទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិក ក្រោយមក Startup Weekend បានចុះឈ្មោះជា none-for-profit organization ដែលមានមូលដ្ឋាននៅ ទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ចាប់ពីពេលបង្កើតរហូតមកដល់ខែ មេសា ឆ្នាំ ២០១៣ កម្មវិធី Startup Weekend បានធ្វើបានចំនួន ១០៦៨ ដង ក្នុង ៤០០ ទីក្រុង នៃប្រទេសជាង ១០០ ក្នុងពិភពលោក ព្រមទាំងមានសហគ្រិនចូលរួមជាង ១សែន នាក់ និង Startup ចំនួន ៨១៩០ក្រុមហ៊ុន ត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីនេះ។
Startup Weekend Cambodia ជាកម្មវិធីដែលប្រមូលផ្ដុំ អ្នករចនានិងច្នៃប្រឌិត អ្នកសរសេរ និងអភិវឌ្ឍន៍កម្មវិធី ទូរសព្ទឬវេបសាយ អ្នកអភិវឌ្ឍន៍អាជីវកម្ម និងអ្នកចូលចិត្តផ្ដួចផ្ដើមអាជីវកម្ម ដើម្បីបង្កើតគំនិតអាជីវកម្ម និងកសាងក្រុម Startup សម្រាប់ការប្រកួតប្រជែងចុងសប្ដាហ៍ក្នុងរយៈពេល ៥៤ម៉ោង ។ គោលបំណងនៃការបង្កើតកម្មវិធីនេះ គឺចង់ផ្ដល់ឱកាសដល់យុវជនកម្ពុជា ដែលចង់ក្លាយជាសហគ្រិន ឲ្យមានការបង្កើតគំនិតអាជីវកម្មថ្មីៗ ក្នុងវិស័យបច្ចេកវិទ្យា។
Sabay៖ តើក្នុងកម្មវិធីមានធ្វើអ្វីខ្លះទៅ?
បេ ចន្រ្តា៖ កម្មវិធីរយៈពេល ៣ ថ្ងៃនោះមានដូចជា៖
-ថ្ងៃអាទិត្យជាកម្មវិធី ដែលក្រុមបង្កើតអាជីវកម្មទាំង ១០ក្រុម ឡើងធ្វើបទបង្ហាញគំនិតអាជីវកម្មដល់ គណៈកម្មការវាយតម្លៃ ដែលមានសមាសភាពជាប្រធានក្រុមហ៊ុនដែលអ្នករៀបចំកម្មវិធីបានអញ្ជើញមកពីបណ្ដាក្រុមហ៊ុននានា។ នៅល្ងាចថ្ងៃអាទិត្យដដែលនឹងមានការប្រកាសក្រុមដែលឈ្នះ និងការរៀបចំកម្មវិធីជប់លៀងបញ្ចប់កម្មវិធី។
Sabay៖ ដើម្បីចូលរួមវេទិកា Startup weekend តើមានកិច្ចការតម្រូវអីខ្លះ ហើយអ្នកចូលរួមគួរ មានចំណេះដឹងអីខ្លះ ដើម្បីឲ្យការចូលរួមរបស់ពួកគេមានភាពរលូនល្អ?
បេ ចន្រ្តា៖ ជាទូទៅ Startup Weekend ចង់បានអ្នកចូលរួម ៣ ប្រភេទ។ ប្រភេទទី១ គឺអ្នកមានជំនាញ សរសេរ/អភិវឌ្ឍន៍កម្មវិធី (Programmer / Developer), ប្រភេទទី ២ គឺអ្នកមានជំនាញរចនា (Creative Designer) និងប្រភេទទី៣ គឺអ្នកមានជំនាញ ទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្ម (Marketing & Business Development)។ ៣ ជំនាញខាងលើ គឺជាតម្រូវការក្នុងការបង្កើតក្រុមផ្ដើមគំនិតអាជីវកម្មនៅ Startup Weekend។ ឧទាហរណ៍ ម្ចាស់ផ្ដួចផ្ដើមគំនិតអាជីវកម្មគាត់មានជំនាញ សរសេរកម្មវិធី ដូច្នេះគាត់ត្រូវការ អ្នកជំនាញទីផ្សារ និងអ្នកជំនាញរចនាដើម្បីចូលរួមក្នុងក្រុមរបស់គាត់សម្រាប់ ធ្វើការងារជាមួយគ្នានៅ Startup Weekend។
Sabay៖ តើអ្វីជាការរំពឹងទុក សម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ Startup weekend?
បេ ចន្រ្តា៖ យើងខ្ញុំរំពឹងថា គំនិតនិងគម្រោងអាជីវកម្មចំនួន ២ឬ៣ ដែលបានបង្កើតឡើងនៅក្នុងកម្មវិធី Startup Weekend Cambodia នឹងទទួលបានការវិនិយោគពីវិនិយោគិនក្នុងស្រុក ឬ បរទេស។
Sabay៖ តើលោកអាចលើកពីចំណុចសំខាន់ៗជាអត្ថប្រយោជន៍ សម្រាប់ការចូលរួមក្នុងវេទិកា Startup weekend?
បេ ចន្រ្តា៖ អត្ថប្រយោជន៍ ដែលទទួលបានពីការចូលរួមព្រឹត្តិការណ៍នេះមានដូចជា៖ - បង្រៀនអំពីសហគ្រិនភាព ដែលអ្នកមិនបានរៀននៅសាលា - ក្រុម គឺជាធាតុដ៏សំខាន់នៃ Startup, ធ្វើការរួមគ្នាដើម្បីបង្កើតបានជាអាជីវកម្មមួយ - ជួបជាមួយគ្រូបង្វឹក(Mentors) និងវិនិយោគិន (Investors) សំខាន់ៗមកពីក្រុមហ៊ុននានានៅប្រទេសកម្ពុជា និងក្នុងតំបន់ - ក្រុមដែលទទួលជយលាភី មានឱកាស Submit គំនិតអាជីវកម្មរបស់ខ្លួនទៅចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ
Sabay៖ ចុងក្រោយ តើលោកមានអ្វីសម្រាប់ចែករំលែកដល់ប្រិយមិត្តជុំវិញព្រឹត្តិការណ៍ Startup weekend?
បេ ចន្រ្តា៖ Startup Weekend Cambodia គឺជាឱកាសពិសេសសម្រាប់អ្នកមានគំនិតចង់បង្កើតអាជីវកម្មក្នុងវិស័យ បច្ចេកវិទ្យា ចូលរួមបង្ហាញគំនិត និងទាញការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនក្នុងស្រុក និងក្នុងតំបន់ និងឱកាសចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌពិភពលោក។ ក្រុមការងារយើងខ្ញុំសូមលើកទឹកចិត្តដល់ អ្នកមានជំនាញខាងផ្នែកសរសេរកម្មវិធីវេបសាយ និងទូរសព្ទ អ្នកជំនាញឌីស្សាញ និងអ្នកជំនាញទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្ម ចូលរួមកម្មវិធីនេះដើម្បីបង្ហាញនូវអ្វីជាស្នាដៃនិងគំនិតរបស់ ខ្មែរយើង។
ព្រឹត្តិការណ៍ Startup weekend នឹងរៀបចំធ្វើរយៈពេល ៣ ថ្ងៃពីថ្ងៃ ១៤ ដល់ ១៦ វិច្ឆិកា នៅអាគារ Development Innovations ដែលស្ថិតនៅតាមបណ្ដោយមហាវិថីយោធពលខេមរភូមិន្ទ។ សូមចុចនៅទីនេះ ដើម្បីចូលទៅកាន់គេហទំព័រកម្មវិធីដើម្បីទទួលបានព័ត៌មានលម្អិតសម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍កម្មវិធីនេះ។
អាន៖ នាយកប្រតិបត្តិ Apple លោក Tim Cook និយាយដោយចំហថា ខ្លួនជាភេទទីបី
អាន៖ រថយន្តស៊ីសាំងតិចប្រចាំឆ្នាំ ២០១៤
អាន៖ កំពូល Smartphone ជាទីពេញនិយមនិងល្អបំផុតប្រចាំឆ្នាំ ២០១៤
អត្ថបទ៖ ប៊ុណ្ណារ៉ា