• 2017-08-16 02:40:48
  • ព័ត៌មាន

និស្សិត​មួយ​ក្រុម​ នាំ​គ្នា​និយាយ​ពី​ការ​ជ្រើស​រើស​មុខ​វិជ្ជា​សិក្សា​នៅ​សាកលវិទ្យាល័យ

  • 2017-08-16 02:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួរ​សម្រេច​ចិត្ត​រៀន​មុខវិជ្ជា​អ្វី​បន្ទាប់​ពី​បញ្ចប់​ថ្នាក់​ទី​១២​។ ជា​ការ​ពិត​ណាស់​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​មុខវិជ្ជា​សិក្សា​ពិតជា​ពិបាក ប្រសិន​បើ​មិន​បាន​ដឹង​ព័ត៌មាន​អំពី​សាលា​និង​មុខ​វិជ្ជា​ដែល​យើង​ចង់​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​ហើយ​មាន​ការ​អូសទាញ​ពី​មិត្តភ័ក្ដិ​​ឬ​មិន​ពេញ​ចិត្ត​ពី​គ្រួសារ។

តើ​យើង​គួរ​សម្រេច​ចិត្ត​បែប​ណា?​ ​ត្រូវ​ស្វែង​យល់​ពី​កត្តា​អ្វី​ខ្លះ?​ ដើម្បី​សម្រេច​ចិត្ត​ជ្រើស​មុខវិជ្ជា​ដែល​ខ្លួន​ពេញចិត្ត​​​ហើយ​ត្រូវ​ទៅតាម​តម្រូវ​កា​ទីផ្សារ​ការងារ​​នា​ពេល​បច្ចុប្បន្ន។

​​ តោះ​!​ទៅ​ស្ដាប់ការ​សម្រេច​ចិត្ត​ជ្រើស​រើស​មុខវិជ្ជា​សិក្សា​របស់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ។

​មក​ពី​ខេត្ត​កំពង់​ធំ​​មាឌ​តូច​សម្បុរ​សណ្ដែក​បាយ​ញញឹម​​ស្រស់​កំពុង​អង្គុយ​ជុំ​គ្នា​ពីរ​បី​នាក់​នៅ​ពី​មុខ​សាលា​​សកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ បឿន ប៉ុណ្ណា​រុង​​ ជា​និស្សិត​ឆ្នាំ​ទី​១​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​​ជាតិ​គ្រប់គ្រង​លើ​មុខ​ជំនាញ​គ្រប់គ្រង​ បាន​ប្រាប់​មកកាន់ Sabay ថា​ ការ​សម្រេច​ចិត្ត​រៀន​មុខ​វិជ្ជា​នេះ​ក៏​ព្រោះ​លោក​មាន​ចិត្ត​​ស្រលាញ់​​​និង​ចង់​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ដឹក​នាំ​។

ដោយ​មាន​ហេតុផល​ច្បាស់ៗ យុវជន​នេះ​ថា​មិន​ចង់​ធ្វើ​ជា​កូន​ចៅ​គេ​ទេ។ រុង​ក៏​សង្កេត​ឃើញ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​តែ​ត្រូវ​ការ​អ្នក​មាន​ជំនាញ​នេះ​ដើម្បី​គ្រប់​គ្រង់​បុគ្គលិក ដូច្នេះ​ហើយ​​ទើប​ប​លោក​​​សម្រេច​ចិត្ត​រៀន​មុខ​វិជ្ជា​នេះ​តែ​ម្ដង​ទៅ។ ​​​​​​​​ ​ ​ខុស​ពី​ប៉ុណ្ណារុង ម៉េងអ័ន ដែល​កំពុង​សិក្សា​ជំនាញ​វិស្វកម្ម​ជីវសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​ឆ្នាំ​ទី​២ បាន​លើក​ពី​មូលហេតុ​ដែល​សម្រេច​ចិត្ត​ជ្រើសរើស​យក​ជំនាញ​វិស្វកម្ម​ជីវសាស្ត្រ​ ពីព្រោះ​គិត​ថា ជំនាញ​នេះ​ពុំ​សូវ​​មាន​អ្នក​សិក្សា​ច្រើន​ហើយ​ប្រទេស​កម្ពុជា​ក៏​កំពុង​​តែ​ត្រូវការ​​អ្នក​ដែល​មាន​ជំនាញ​​នេះ​ច្រើន​ដើម្បី​បំពេញ​តម្រូវ​ការ​ការងារ​។

​ម៉េងអ័ន បន្ត​ថា គេ​ពេញចិត្ត​ជំនាញ​ដែល​បាន​ជ្រើសរើស​នេះ និង​ក៏​ដោយសារ​ពុំ​មាន​ការ​រារាំង​ពី​ឪពុក​ម្ដាយ​ផង​នោះ ទើប​បាន​សម្រេច​ចិត្ត​រៀន​មុខ​វិជ្ជា​នេះ​​តែ​ម្ដង​ទៅ។

​លោក​ក៏​បាន​ផ្ដាំ​ទៅ​ដល់​ប្អូន​​ៗ​ដែល​ចង់​រៀន​បន្ត​នៅ​ទី​ក្រុង​ភ្នំ​ពេញ​គួរ​ជ្រើសរើស​រក​សាលា​ឬ​មុខ​វិជ្ជា​ដែល​ខ្លួន​ពេញ​ចិត្ត​ទើប​ល្អ​​សម្រាប់​ខ្លួន​មិន​ត្រូវ​រៀន​តាម​ការ​សម្រេច​ចិត្ត​របស់​ឪពុកម្ដាយ​ឬ​នរណា​ម្នាក់​អូស​ទាញ​ទ្បើយ​។​​​​

ក្រឡេក​មក​មើល​និស្សិត​ស្រី​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​សព្វថ្ងៃ​កំពុង​ធ្វើការ​បណ្តើរ​រៀន​បណ្តើរ​បាន​ប្រាប់​ថា កញ្ញា​ជ្រើសរើស​ជំនាញ Bussnese ព្រោះ​ជា​មុខ​វិជ្ជា​ដែល​នាង​អាច​បើក​មុខ​ជំនួញ​ដោយ​ខ្លួន​ឯង​ហើយ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​នាង​មាន​​គម្រោង​បើក​​មុខ​ជំ​​នួញ​​ផ្ទាល់​ខ្លួន​ក្រោយ​ពី​បញ្ចប់​ការ​​សិក្សា​ព្រោះ​នាង​គិត​ថា​ការ​ធ្វើ​ការងារ​ខ្លួន​ឯ​ង​ឆាប់​​ទទួល​បាន​​ប្រាក់​ច្រើន​​មិន​ដូច​ធ្វើ​ការងារ​ឲ្យ​គេ​​ទទួល​បាន​​ប្រាក់​ខែ​តិច​ហើយ​ពុំ​សូវ​មាន​ពេល​ទំនេរ​។

ចំណែក​ឯ​កញ្ញា ​តែង ​រចនា​​ ជា​និស្សិត​ឆ្នាំ​ទី​២សិក្សា​ផ្នែក​គណនេយ្យ​នៅ​វិទ្យាស្ថាន​វាន់​ដា​និយាយ​​ផង​សើច​ផង​បាន​ប្រាប់​មក​កាន់ Sabay ថា​មូលហេតុ​កញ្ញា​សិក្សា​ផ្នែក​នេះ​ក៏​ព្រោះ​មាន​ការ​ជំ​រុញ​ ពីរ​ម៉ាក់​ប៉ា​គួបផ្សំ​មានចិត្ត​ស្រលាញ់​ផង​ដែរ​. កញ្ញា​សម្រេចចិត្ត​រៀន​​មុខ​វិជ្ជា​គណនេយ្យ​ព្រោះ​កញ្ញា គិត​ថា​វា​គឺ​ជា​មុខ​វិជ្ជា​ដែល​ស័ក្ដិសម​នឹង​ស្រីៗ​​​នឹង​ងាយ​រក​ការ​ងារ​ធ្វើ​​។

ជា​ចុង​ក្រោយ​កញ្ញា​បាន​​ផ្ដាំ​ទៅ​ដល់​​ប្អូន​ៗ​ដែល​ត្រៀម​ប្រលង​សញ្ញា​ប័ត្រ​ទុតិយ​ភូមិ​នា​ពេល​ខាង​មុខ​នេះ​​ត្រូវ​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់​លាស់​មុន​ពេល​សិក្សា​ជំនាញ​អ្វីមួយ​។ ត្រូវ​ស្វែង​យល់​បាន​ច្បាស់​អំពី​ព័ត៌មាន​សាលា​ ឬ​អាច​សួរ​មិត្តភ័ក្ដិ​ដែល​មាន​បងប្អូន​រៀន​នៅ​ភ្នំពេញ​ជៀសវាង​ពេល​រៀន​ហើយ​មិន​ពេញ​ចិត្ត​សាលា​ឬ​មុខ​វិជ្ជា​នេះ​ធ្វើ​អោយ​ខាត​ពេល​វេលា​ប្រាក់កាក់។​​​​​​​​​ ​​​​

អត្ថបទ៖ ម៉េងងី

មតិយោបល់