• 2016-11-02 16:20:41
  • គន្លឹះ

បើក​ម៉ាស៊ីន​ត្រជាក់​រួច​ទម្លាក់​កញ្ចក់ អាច​ខូច​ម៉ាស៊ីន​ត្រជាក់​អត់?

  • 2016-11-02 16:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នក​ខ្លះ​ចាញ់​ម៉ាស៊ីនត្រជាក់ ពេល​ចូល​ក្នុង​ឡាន​ដែល​បើក​ម៉ាស៊ីន​ត្រជាក់​ម្តងៗ​ឈឺក្បាល រក​កល​ចង់​ពុល។ ករណី​នេះ អ្នក​ខ្លះ​បើក​ម៉ាស៊ីន​ត្រជាក់​តែ​ចំហ​កញ្ចក់​ ឯ​អ្នក​ខ្លះ​ទៀត​សម្រេច​ចិត្ត​មិន​បើក​ម៉ាស៊ីន​ត្រជាក់​តែ​ម្ដង ព្រោះ​ខ្លាច​មាន​បញ្ហា​ម៉ាស៊ីនត្រជាក់។ តើ​ការ​ចំហ​កញ្ចក់​ហើយ​បើក​ម៉ាស៊ីន​ត្រជាក់ អាច​ខូច​ម៉ាស៊ីន​ត្រជាក់​ឬ​ទេ?

 

 

យានដ្ឋាន​ជាង​បារាំង​នៅ​ទល់​មុខ​នឹង​សាលា​បឋម​សិក្សា​ត្រាំកក់ ក្នុង​ខេត្ត​តាកែវ បាន​បញ្ជាក់​ថា វា​មិន​មាន​បញ្ហា​អ្វី​ទេ សម្រាប់​ការ​ចំហ​កញ្ចក់​នៅ​ពេល​បើក​ម៉ាស៊ីន​ត្រជាក់ ព្រោះ​រថយន្ត​សេរី​ទំនើប​មាន​ប្រព័ន្ធ​ការពារ​ធូលី​មិន​ឲ្យ​ស្ទះ​កញ្ច្រែង​រថយន្ត។ តែ​សម្រាប់​រថយន្ត​សេរី​ទាប​ចាប់​ពី​ឆ្នាំ​កាមរី៩៨ ចុះ អាច​នឹង​មាន​បញ្ហា​បើ​ឧស្សាហ៍​បើក​ក្នុង​រយៈពេល​យូរ។

 

ស្រដៀង​គ្នា​នេះ​ដែរ លោក ម៉េង ជា​ជាង​ធ្វើ​ម៉ាស៊ីន​ត្រជាក់​រថយន្ត​នៅ​ស្រុក​ឈូក ខេត្ត​កំពត បាន​ប្រាប់ Sabayថា​ការ​បើក​ម៉ាស៊ីន​ត្រជាក់​រួច​បើក​កញ្ចក់ មិន​បណ្ដាល​ឲ្យ​ខូច​ម៉ាស៊ីន​ត្រជាក់​ទេ គ្រាន់​តែ​មិន​សូវ​ត្រជាក់​ក្នុង​រថយន្ត​ប៉ុណ្ណោះ ព្រោះ​ខ្យល់​ក្ដៅ​ចូល​ពី​ក្រៅ​រថយន្ត។

 

មិន​ខុស​គ្នា​ពី​អ្នក​ទាំងពីរ​ខាង​លើ ជាង វ័ន្ត ម្ចាស់​យានដ្ឋាន​ជាង​វ័ន្ត ស្ថិត​ខាង​កើត​នៅ​ផ្សារ​អង្គតាសោម ខេត្តតាកែវ បាន​ប្រាប់​ថា ការ​ចំហ​កញ្ចក់​ហើយ​បើក​ម៉ាស៊ីន​ត្រជាក់​មិន​មាន​បញ្ហា​ដល់​ម៉ាស៊ីន​ត្រជាក់​ទេ គ្រាន់​តែ​ក្នុង​ឡាន​មិន​សូវ​ត្រជាក់ ព្រោះ​ម៉ាស៊ីន​ត្រជាក់​ត្រូវការ​កន្លែង​បិទ​ជិត។ យ៉ាង​ណា​ក្ដី ក៏​មិន​ត្រូវ​បើក​យូរ​ពេក​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​ធូលី​ចូល​កក​ស្ទះ​ឆាប់​ខូច​សម្រាប់​រថយន្ត​​សេរី​ចាស់៕

 

 

អត្ថបទ៖ គីម សាយ

មតិយោបល់