- 2016-05-31 17:29:50
- ព័ត៌មាន
ជោគជ័យលើវិស័យបច្ចេកវិទ្យា ទោះគ្មានសញ្ញាប័ត្រពីសាលា
- 2016-05-31 17:29:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជោគជ័យលើវិស័យបច្ចេកវិទ្យា ទោះគ្មានសញ្ញាប័ត្រពីសាលា
ចន្លោះមិនឃើញ
ការអំណត់និងព្យាយាម អាចធ្វើឲ្យបុគ្គលម្នាក់ៗសម្រេចបំណងប្រាថ្នារបស់ខ្លួន។ ទោះពុំបានទទួលការបណ្ដុះបណ្ដាលបច្ចេកទេសពីសាលាដូចគេ តែដោយការប្រឹងប្រែងនិងតស៊ូ ទើបធ្វើឲ្យបុគ្គលប៉ុន្មាននាក់ខាងក្រោម ជោគជ័យលើអាជីពរបស់ខ្លួន។
១. រឿន ម៉ាលិះ អ្នកឌីហ្សាញហ្គេមក្នុងក្រុម DirexPlay រឿន ម៉ាលិះ តស៊ូរៀនជំនាញ Design នៅផ្ទះដោយខ្លួនឯងរយៈពេល ៣ ឆ្នាំរហូតក្លាយជាអ្នក Design មួយរូបក្នុងក្រុមបង្កើតហ្គេមលេចធ្លោក្នុងស្រុក DirexPlay។
ក្រោយសម្រេចចិត្តរៀនជំនាញ Design បន្ថែមដោយខ្លួនឯងនៅផ្ទះ យុវតីរូបនេះនិយាយថា ការសិក្សាផ្នែក Design ដោយខ្លួនឯងនៅផ្ទះ ពិតជាលំបាកព្រោះគ្មានគ្រូជួយពន្យល់ពេលឆ្ងល់អ្វីមួយ។ ជំនាញនេះត្រូវការអនុវត្តនិងមានចំណុចបច្ចេកទេសច្រើន ដូច្នេះវាលំបាកសម្រាប់ការរៀនខ្លួនឯងនៅផ្ទះ។
មកទល់ពេលនេះ ហ្គេមល្បីៗដែលម៉ាលិះធ្លាប់បានឌីហ្សាញមាន Hungry Ob Ob, Sok and Sao’s Adventure, Chasing Zombie និង Wrath of Fighters។
២. ភួយ លីហេង ស្ថាបនិកក្តារចុច Khmerism ភួយ លីហេង ជាវិស្វករមេកានិច បានស្រាវជ្រាវបង្កើតបានក្ដារចុចថ្មីមួយ ទាំងខ្លួនមិនដែលបានរៀនជំនាញ IT ពីសាលាទាល់តែសោះ។ ដោយសារកាលរៀន Master នៅថៃ លីហេង ឃើញការវាយអក្សរថៃលឿនជាងភាសាខ្មែរ ទើបលោកព្យាយាមស្រាវជ្រាវបង្កើតពុម្ពក្តារចុចលក្ខណៈខ្មែរ Khmerism ម្នាក់ឯងពេលទំនេរពីរខែក្រោយចប់ Project នៅថៃ។ ក្រោយត្រឡប់មកស្រុកខ្មែរ ទើបមានជំនួយខ្លះៗពីក្រុមលោក ដាញ់ ហុង។
ការបង្កើតបានក្តារចុចនេះ ក៏មានការទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមស្ថាបនិកខ្មែរយូនីកូដផងដែរ។
៣. ថៅកែយានដ្ឋានតុបតែងរថយន្ត VKH
ដោយមានចំណូលចិត្តច្នៃនិងតុបតែងគ្រឿងយន្តតាំងពីក្មេង លោក វង្ស គីម ហួត បានក្លាយទៅជាថៅកែហ្ការ៉ាស់កែច្នៃឡានទំនើបល្បីឈ្មោះ VKH Motor Sport នៅភ្នំពេញ។
ដោយសារមានដុងពីកំណើតផ្នែកបច្ចេកទេសគ្រឿងយន្តនិងឧស្សាហ៍ចេញចូលក្រៅប្រទេសជាមួយឪពុកទៅទិញគ្រឿងបន្លាស់ ទើបបំផុសទឹកចិត្តបុរសរូបនេះបើកហ្ការ៉ាសឡាន VKH ដើម្បីផ្តល់សេវាកម្មថែទាំ តុបតែងនិងជួសជុលយានយន្តគ្រប់ប្រភេទ។
៤. ជៀប គន្ធា អ្នកបង្កើត App លើទូរសព្ទ Android ជៀប គន្ធា បានស្រាវជ្រាវបង្កើត App លើទូរសព្ទ Android តាមក្តីស្រមៃបានសម្រេចទាំងខ្លួនមិនដែលរៀនជំនាញ IT ពីសាលាទាល់តែសោះ។ គ្រាន់តែមើលតាមការណែនាំពី YouTube និងវេបសាយផ្សេងៗ យុវជនវ័យក្មេងរូបនេះអាចបង្កើត App សិក្សាជាច្រើនដែលអាចប្រើជាជំនួយសម្រាប់សិស្សសិក្សានៅកម្រិតវិទ្យាល័យ។
វាពិតជាលំបាកក្នុងការសម្រេចក្តីសុបិន សម្រាប់អ្នកដែលគ្មានជំនាញបច្ចេកទេសមូលដ្ឋានបណ្ដុះបណ្ដាលពីសាលា តែដោយសារការស្រឡាញ់ចូលចិត្ត ហើយតស៊ូ ស្រាវជ្រាវ ទើបធ្វើឲ្យពួកគេទទួលបានជោគជ័យលើអាជីពរបស់ខ្លួន៕
អត្ថបទ៖ ប៉ែត ផាន់និត