• 2014-12-02 16:52:03
  • ព័ត៌មាន

​3D Animation ឱកាស​ការងារ​​​​​ខ្ពស់ ​​​​ប្រាក់​ខែ​​ច្រើន​​តែ​ខ្វះ​អ្នក​ជំនាញ​

  • 2014-12-02 16:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​មុខ​ជំនាញ​ជា​ច្រើន ដែល​សិស្ស​និស្សិត​កំពុង​សិក្សា នៅ​តាម​សាកលវិទ្យាល័យ​នានា 3D Animation ជា​ជំនាញ​ដ៏​ថ្មី​សន្លាង តែ​​កំពុង​មាន​​សក្ដានុពល​ខ្ពស់​សម្រាប់​ទីផ្សារ​ការងារ។ បច្ចុប្បន្ន មាន​សាលា​មិន​ច្រើន​ទេ​ដែល​មាន​​បណ្ដុះបណ្ដាល​មុខជំនាញ 3D Animation ដល់​សិស្ស​និស្សិត​កម្ពុជា​សិក្សា​។

 

 

លោក ហ៊ាង ស៊ូហាន សាស្ត្រាចារ្យ​និង​ជា​អ្នក​គ្រប់គ្រង​នៅ​វិទ្យាស្ថាន ស៊ី ហ្គេក ដែល​មាន​ការ​បណ្ដុះបណ្ដាល​មុខ​ជំនាញ 3D Animation ចាប់​តាំង​ពី​ឆ្នាំ ២០០៦ បាន​ចូល​ខ្លួន​មក​បកស្រាយ​លើ​ការ​សិក្សា​ជំនាញ 3D Animation ដល់​ប្រិយមិត្ត​ និង​មិត្ត​យុវវ័យ​សិក្សា​ស្វែង​យល់។

 

Sabay៖ តើ​​ជំនាញ 3D Animation គេ​សិក្សា​យ៉ាង​ដូចម្ដេច ហើយ​ការ​សិក្សា​មាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ? សាស្ត្រាចារ្យ៖ ជំនាញ 3D Animation គេ​សិក្សា​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្កើត​ភាពយន្ត​គំនូរជីវចល 3D,​ Spot Commercial, 3D Film ជាដើម។ ជំនាញ​នេះ​គេ​សិក្សា​អំពី​ការ​គូស ដែល​មាន​ការ​គូស​ជា​រូប​តួអង្គ, គូស​ជា​សាច់​រឿង, ដាក់​ពណ៌​ដាក់​ពន្លឺ, បច្ចេកទេស​នៃ​ការ​ថត, បច្ចេកទេស​នៃ​ការ​បញ្ចូល 3D ទៅ​ក្នុង​វីដេអូ, បច្ចេកទេស​នៃ​ការ​ចង​ឆ្អឹង​ឲ្យ​តួអង្គ, តិចនិក​នៃ​ការ​ធ្វើ​ចលនា​ឲ្យ​តួអង្គ រួមមាន​មុខវិជ្ជា​ជា​ច្រើន​ទៀត។ ជំនាញ 3D Animation ការ​សិក្សា​អាច​មាន​រយៈពេល ១៨ ខែ, ២ឆ្នាំ និង ៤ឆ្នាំ។

 

Sabay៖ តើ​អ្វី​ជា​សក្ដានុពល​​ក្នុង​ការ​ជ្រើសរើស​ជំនាញ​នេះ​សិក្សា បើ​ប្រៀបធៀប​មុខ​ជំនាញ​ដទៃ​ទៀត? សាស្ត្រាចារ្យ៖ ជំនាញ 3D Animation ជា​ជំនាញ​មួយ​ដែល​មាន​សក្ដានុពល ពីព្រោះ​អ្នក​ដែល​មាន​ជំនាញ 3D Animation អាច​ធ្វើការ​បាន​ច្រើន​មុខដូចជា៖ បង្កើត​គំនូរ​ជីវ​ចល, បង្កើត​ជា​ភាពយន្ត, បង្កើត​ស្ពត​ពាណិជ្ជកម្ម រួម​ទាំង​វិស័យ​ជាច្រើន​ទៀត​ដែល​ទាក់ទង​សិល្បៈ។

 

Sabay៖ តើ​អាច​មាន​បញ្ហា​ប្រឈម​ណា​មួយ​កើត​ឡើង​​ទេ សម្រាប់​ការ​សិក្សា​ជំនាញ​ 3D Animation ក្នុង​អំឡុង​ពេល​សិក្សា ហើយ​ដែល​អាច​នាំ​ឲ្យ​និស្សិត​បោះបង់​ចោល​ការ​សិក្សា​កណ្ដាល​ទី? សាស្ត្រាចារ្យ៖ ប្រាកដ​ណាស់ ការ​សិក្សា​ជំនាញ​អ្វី​ក៏​ដោយ​ក៏​មាន​ឧបសគ្គ​ដែរ។ យ៉ាងណាមិញ ការ សិក្សា​ជំនាញ 3D Animation នេះ​ក៏​មិន​ខុស​គ្នា​ដែរ។ វា​ត្រូវការ​ភាព​អត់ធ្មត់ ព្យាយាម​និង ការ​អនុវត្តន៍​ច្រើន។ ឧទាហរណ៍ ការ​សិក្សា​មុខវិជ្ជា​គូរ​រូប, ដំឡើង​រូប​តួអង្គ, ចង​ឆ្អឹង​និង​បង្កើត​ចលនា​ឲ្យ​តួអង្គ សិក្សា​ ដែល​ត្រូវការ​ភាព​អត់ធ្មត់ និង​ការ​អនុវត្តន៍​ច្រើន​ជា​រៀងរាល់​ថ្ងៃ ។ បើ​និស្សិត​គ្មាន​ការ​ព្យាយាម អត់ធ្មត់​និង​មាន​ពេល​អនុវត្តន៍​ឲ្យ​បាន​ច្រើន​ទេ និស្សិត​មិន​អាច​សិក្សា​បាន​ល្អ និង​អាច​បោះចោល​ការ​សិក្សា​កណ្ដាល​ទី​ជា​មិនខាន។

 

Sabay៖ តើ​ពួកគេ​គួរ​តែ​ត្រៀមខ្លួន និង​មាន​ចំណេះដឹង​មូលដ្ឋាន​អ្វី​ខ្លះ​ដើម្បីឲ្យ​ការ​សិក្សា​ជំនាញ 3D Animation មាន​ភាព​រលូន​ និង​ទទួល​បាន​ជោគជ័យ? សាស្ត្រាចារ្យ៖ ជា​ការ​ពិត​ណាស់​ ជំនាញ 3D Animation សិស្ស​ដែល​ចង់​រៀន​ជំនាញ​នេះ ទោះជា​គ្មាន​មូលដ្ឋាន​ក៏​អាច​សិក្សា​បាន​ដែរ ឲ្យ​តែ​មាន​ទឹកចិត្ត​ស្រលាញ់​និង​ការ​ព្យាយាម។ តែ​ល្អ​បំផុត​សិស្ស​ដែល​ចង់​រៀន​ជំនាញ 3D Animation គួរ​មាន​មូលដ្ឋាន​ខ្លះៗ​ខាង​គូរ​រូប ដែល​វា​នឹង​ធ្វើ​ឲ្យ​ការ​សិក្សា​មាន​ដំណើរការ​ល្អ និង​រលូន។

 

Sabay៖ តើ​ក្រៅ​ពី​ស៊ីហ្គេក មាន​គ្រឹះស្ថាន​ណា​ខ្លះ​ទៀត​ ដែល​កំពុង​បណ្ដុះបណ្ដាល​ជំនាញ 3D Animation ដល់​សិស្ស​និស្សិត​កម្ពុជា​ ហើយ​ការ​សិក្សា​យ៉ាង​ដូចម្ដេច​ដែរ? សាស្ត្រាចារ្យ៖ ក្រៅ​ពី​វិទ្យាស្ថាន ស៊ី​ ហ្គេក នៅ​ក្នុង​ប្រទេស​យើង​សព្វថ្ងៃ​មាន​គ្រឹះស្ថាន​មួយ​ចំនួន ដែរ​ដែល​កំពុង​បណ្ដុះបណ្ដាល​ជំនាញ 3D Animation ដល់​សិស្ស​និស្សិត​ដូចជា Objectif 3D, Limkokwing តែ​គ្រឹះស្ថាន​ជនជាតិ​ខ្មែរ​បង្កើត មាន​តែ​វិទ្យាស្ថាន ស៊ី​ ហ្គេក​តែមួយ​គត់​ដែល​កំពុង​បណ្ដុះបណ្ដាល​ជំនាញ 3D Animation នេះ។ ការ​សិក្សា​ជំនាញ 3D Animation នៅ​ឆ្នាំ​ដំបូង ផ្តោត​សំខាន់​លើ​ការ​គូរ​រូប, ដំឡើង​រូប​តួអង្គ, បំពាក់​ពណ៌ Texture ឲ្យ​តួអង្គ។ ចូល​ដល់​ឆ្នាំទី២ ចាប់ផ្ដើម​សិក្សា​ពី​ការ​ចង​ឆ្អឹង, សិក្សា​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ធ្វើ​ចលនា​រូបភាព និង​ម៉ូហ្សិន។ ឆ្នាំទី៣ និង​ទី​៤ សិក្សា​ពី​តិចនិក​នៃ​ការ​ធ្វើ​ចលនា​ដាយណាមិច, វីហ្សូល​អេហ្វិច, ម៉ូហ្សិន​ខាប់ឆើ និង​ធ្វើ​សារណា​បញ្ចប់​ការ​សិក្សា។

 

Sabay៖ តើ​ការ​រីក​ដុះដាល​នៃ​វិស័យ Animation បាន​រួម​ចំណែក​យ៉ាង​ណា​ខ្លះ​​សម្រាប់​សិក្សា​ជំនាញ 3D Animation? សាស្ត្រាចារ្យ៖ ការ​រីក​ដុះដាល​នៃ​វិស័យ Animation បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ដល់​ការ​សិក្សា​ជំនាញ Animation។ និស្សិត​ដែល​សិក្សា​ជំនាញ​នេះ មាន​កម្លាំង​ចិត្ត និង​សុទិដ្ឋិនិយម​ចំពោះ​ជំនាញ​ដែល​ខ្លួន​សិក្សា ជាមួយ​អត្រា​ការងារ​ខ្ពស់។ ជា​ការ​ពិត​ណាស់​ជំនាញ3D Animation នេះ​នៅ​ក្នុង​ប្រទេស​ដែល​រីកចម្រើន​ជំនាញ 3D Animation មាន​ការ​វិវឌ្ឍ​ជា​យូរ​ណាស់​មក​ហើយ។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា​យើង ជំនាញ​នេះ​ទើប​តែ​រីកចម្រើន​ខ្លាំងក្លា​នា​ប៉ុន្មាន​ឆ្មាំ​ចុងក្រោយ​ ប៉ុណ្ណោះ។

 

Sabay៖ តើ​​លោក​មើល​ឃើញ​បច្ចេកវិទ្យា 3D Animation ចាប់ផ្ដើម​វិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ពេល​ណា ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ​បែប​ណា​ដែរ​នា​ពេល​ បច្ចុប្បន្ន បើ​ប្រៀបធៀប​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក? សាស្ត្រាចារ្យ៖ បើ​តាម​ដែល​ខ្ញុំ​ដឹង​ក្នុង​ប្រទេស​កម្ពុជា​យើង បច្ចេកទេស Animation ចាប់ផ្ដើម​វិវឌ្ឍ​តាំង​ពី​ឆ្នាំ ២០០០ មក​ម្ល៉េះ ដែល​នៅ​ពេល​នោះ​បច្ចេកទេស​នេះ​នៅ​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ។ ប៉ុន្តែ​បន្តិច​ម្តងៗ​វិស័យ Animation នេះ​ត្រូវ​បាន​វិវឌ្ឍ​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សំគាល់ ពិសេស​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ជំនាញ Animation នេះ ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​លើ​វិស័យ​សិល្បៈ​កម្សាន្ត, ស្ពត​ពាណិជ្ជកម្ម, វិស័យ​ភាពយន្ត, វិស័យ​គំនូរជីវចល រួម​ទាំង​ការងារ​យ៉ាង​ច្រើន​ទៀត​ ដែល​ត្រូវការ​ជំនាញ​នេះ។ ទោះជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ វិស័យ​នេះ​មាន​ការ​រីក​ដុះដាល​ជាមួយ​ការ​ធនធាន​មនុស្ស​មួយ​ចំនួន តែ​ប្រៀបធៀប​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​និង​ពិភព​លោក ដែល​មាន​ការ​អភិវឌ្ឍ​លើ​វិស័យ 3D Animation រយៈពេល​ជា​យូរ​នោះ ចំណេះដឹង​និង​សមត្ថភាព​របស់​យើង​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​ដែល​ត្រូវការ​ពេលវេលា​យូរ​ច្រើន​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​មាន​សមត្ថភាព និង​ប្រកួតប្រជែង​ប្រទេស​ដទៃ។

 

Sabay៖ ចុងក្រោយ លោក​មាន​ពាក្យ​ពេចន៍​អ្វី​ផ្ដាំ​ផ្ញើ​ដល់​មិត្ត​និស្សិត​ ដែល​កំពុង​សិក្សា​និង​ចង់​ចាប់​​ជំនាញ 3D Animation សិក្សា? សាស្ត្រាចារ្យ៖ ជាចុងក្រោយ​ខ្ញុំ​មាន​ពាក្យ​ពេចន៍​ខ្លះៗ​សូម​ផ្ដាំផ្ញើ​ទៅ​ដល់​និស្សិត​ដែល​ កំពុង​តែ​សិក្សា​ជំនាញ 3D Animation នេះ គឺ​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ ជាពិសេស​ការ​ស្រាវជ្រាវ​បន្ថែម​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ទទួល​បាន​សមត្ថភាព​ខ្ពស់ ចំណេះដឹង​ទូលំទូលាយ​ក្នុង​ការ​ប្រកួតប្រជែង​យក​ទី​ផ្សារ​ការងារ​ទាំង​ក្នុង​ ស្រុក​និង​ក្នុង​តំបន់។ ជាមួយគ្នា​នេះ សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ 3D Animation សូម​សម្រេចចិត្ត​ឲ្យ​បាន​ច្បាស់​ ហើយ​ប្រញាប់​មក​សិក្សា​ពីព្រោះ​ 3D Animation ជា​ជំនាញ​មួយ​ដែល​ល្អ មាន​ទីផ្សារ​ការងារ​ខ្ពស់ សំបូរ​បែប​និង​អាច​រក​ចំណូល​បាន​ច្រើន​នា​ពេល​បច្ចុប្បន្ន​និង​អនាគត។ ម៉្យាងទៀត​អ្នក​ដែល​មាន​ជំនាញ និង​មាន​សញ្ញាប័ត្រ​ផ្នែក​នេះ​ក៏​នៅ​មាន​ចំនួន​តិចតួច ហើយ​ការងារ​មាន​ច្រើន​ដែល​កំពុង​រង់ចាំ​។

 

បន្ត​អាន៖ ជនជាតិ​ខ្មែរ​​ឡើង​ធ្វើ​ជា​អគ្គនាយក​ថ្មី​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ RMA ប្រចាំ​កម្ពុជា

បន្តអាន៖ Smart ចេញ​មុខ​​​ជម្រះ​ការ​ចោទ​ប្រកាន់​​​នាំ​ iPhone ​ថៃ​មក​លក់​

បន្ត​អាន៖ ចប់​យុទ្ធនាការ​លក់​អាវយឺត និស្សិត​ខ្មែ​រ​រៀន​នៅ​ជប៉ុនចាប់​ធ្វើ​ក្ដារ​ចុច​ឆ្លាត​វៃ​លើ​ប្រព័ន្ធ​​ Android

បន្ត​អាន​៖ កំពូល​ស្មាតហ្វូន​ទាំង ៤ គីឡូ​ធ្ងន់​ហ៊ាន​តតាំង iPhone 6/6Plus

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់