- 2024-05-08 04:19:52
- គន្លឹះ
ស្គាល់តែហ្វ្រាំង ABS! តែដឹងអត់ រថយន្តទំនើបៗឥឡូវនេះ បំពាក់ប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធទប់លំនឹងច្រើនប្រភេទទៀត
- 2024-05-08 04:19:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គាល់តែហ្វ្រាំង ABS! តែដឹងអត់ រថយន្តទំនើបៗឥឡូវនេះ បំពាក់ប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធទប់លំនឹងច្រើនប្រភេទទៀត
ចន្លោះមិនឃើញ
ស្ទើរតែគ្រប់រថយន្តទាំងអស់ហើយនាពេលបច្ចុប្បន្ននេះ ដែលបានបំពាក់ប្រព័ន្ធហ្វ្រាំង ABS (Anti-lock Braking System)។ វាជាប្រព័ន្ធដែលដាក់នៅលើហ្វ្រាំងជើង ការពារកុំឲ្យកង់ជាប់គាំង ដែលអាចបណ្ដាលឲ្យរថយន្តអូសទៅមុខ មិនអាចបញ្ជាចង្កូតបាន នៅពេលជាន់ហ្វ្រាំងភ្លាមៗ។ ប្រព័ន្ធនេះមានប្រសិទ្ធភាពបំផុត នៅពេលដែលផ្លូវមានសភាពរអិល ព្រោះវានឹងជួយមិនឲ្យរថយន្តបាត់លំនឹង ពេលជាន់ហ្វ្រាំងភ្លាមៗ។
បន្ថែមលើសនេះ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ និងសកម្មភាពចរាចរណ៍កើនឡើងខ្លាំងនៅតាមបណ្តាប្រទេសជាច្រើន ពិសេសការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការប្រកួតប្រជែងរបស់បណ្តាក្រុមហ៊ុនផលិតរថយន្ត បានជំរុញដល់ការអភិវឌ្ឍន៍ប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធទប់លំនឹងជាច្រើនបន្ថែមទៀត ដើម្បីបង្កើនសុវត្ថិភាពកាន់តែខ្ពស់ដល់អ្នកបើកបរក៏ដូចជាអ្នកដំណើរក្នុងរថយន្តលើគ្រប់ស្ថានភាពផ្លូវ។
ប្រព័ន្ធហ្រ្វាំងទំនើបៗទាំងនោះមានដូចជា EBD, BA, ESC, CSC, HA និង TC។ តោះមកមើលមុខងាររបស់ពួកវាដូចខាងក្រោមនេះ៖
EBD (Electronic Brakeforce Distribution) ជាប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំងអេឡិចត្រូនិច ។ វាមានតួនាទីបែងចែកថាមពលហ្វ្រាំងទៅកាន់កង់រថយន្តទាំងអស់។ នៅពេលជាន់ហ្វ្រាំងខ្លាំង វានឹងបង្កើនកម្លាំងកកិតរវាងសំបកកង់ និងផ្លូវ។ ដូច្នេះប្រព័ន្ធ EBD នឹងធ្វើការថ្លឹងកម្លាំងហ្វ្រាំងលើកង់ទាំង៤ដោយត្រឹមត្រូវស្វ័យប្រវត្តិ មិនឱ្យរថយន្តរអិល និងបាត់ការគ្រប់គ្រង។
BA (Braking Assist) ជាប្រព័ន្ធជំនួយហ្វ្រាំងបន្ទាន់ ដោយមុខងាររបស់វាជួយដល់ហ្វ្រាំងឱ្យកាន់តែស៊ី ពោលគឺអាចឱ្យឈប់បានកាន់តែលឿន នៅពេលអ្នកបើកបរជាន់ហ្វ្រាំងក្នុងស្ថានភាពបន្ទាន់។ មានន័យថា ការងាររបស់វា គឺចាំអង្កេតមើលកម្លាំងជាន់ហ្វ្រាំងរបស់អ្នកបើកបរ ហើយប្រសិនបើជាន់ខ្លាំង វានឹងជួយផ្តល់កម្លាំងហ្វ្រាំងបន្ថែមទៀតដោយស្វ័យប្រវត្តិតាមរយៈសេនស័រ ECU (Engine Control Unit)។
ESC (Electronic Stability Control) ជាប្រព័ន្ធគ្រប់គ្រងលំនឹងអេឡិចត្រូនិច ដែលជួយរក្សាលំនឹងរថយន្តក្នុងការទប់ស្កាត់គ្រោះថ្នាក់។ តាមរយៈប្រព័ន្ធនេះ សេនស័រដែលដាក់ជាប់នៅលើកង់ទាំង៤ នឹងអង្កេតភាពរអិល និងហ្វ្រាំង បើមានអ្វីមិនស្រួល សេនស័នឹងធ្វើការសម្រួលភ្លាម។ ឧទាហរណ៍ដូចជាករណីរេដៃចង្កូតជាដើម។ CSC (Corner Stability Control) ជាប្រព័ន្ធសុវត្ថិភាពដែលជួយទប់លំនឹងរថយន្តពេលបើកផ្លូវកោង ក្នុងល្បឿនលឿន។ វាជាផ្នែកមួយនៃប្រព័ន្ធទប់លំនឹងអេឡិចត្រូនិច (ESP)។
HA (Hill Start Assist) ជាប្រព័ន្ធសុវត្ថិភាពមួយក្នុងការជួយទប់រថយន្តមិនឱ្យរអិលថយក្រោយពេលឡើងភ្នំ ទួល ឬឡើងចំណោត។ ជាទូទៅពេលរថយន្តកំពុងបើកបរ និងជាន់ហ្វ្រាំងឈប់នៅលើចំណោត ហើយបន្ទាប់មកបន្តដំណើរដោយព្រលែងហ្វ្រាំង មកជាន់ហ្គែរ វានឹងទួងកង់រអិលមកក្រោយបន្តិច ហើយអាចប៉ះទង្គិចគ្នាទៀតផងប្រសិនបើមានម៉ូតូ ឬរថយន្តនៅកៀកខាងក្រោយ។ ប៉ុន្តែបើមានប្រព័ន្ធ HA នេះ វានឹងជួយទប់ស្វ័យប្រវត្តិមិនឱ្យរអិលមកក្រោយវិញឡើយសូម្បីតែបន្តិច។
CSC (Corner Stability Control) ជាប្រព័ន្ធសុវត្ថិភាពដែលជួយទប់លំនឹងរថយន្តពេលបើកផ្លូវកោង ក្នុងល្បឿនលឿន។ វាជាផ្នែកមួយនៃប្រព័ន្ធទប់លំនឹងអេឡិចត្រូនិច (ESP)។
TC (Traction Control) ជាប្រព័ន្ធទប់លំនឹងរថយន្តពេលបត់ និងមិនឱ្យរអិលនៅពេលបើកបរលើផ្លូវសើម ឬផ្លូវដែលមានប្រឡាក់ប្រេងជាដើម។ នៅពេលចាប់ហ្វ្រាំងលើស្ថានភាពផ្លូវបែបនេះ ប្រព័ន្ធ TC នឹងធ្វើការដោយស្វ័យប្រវត្តិ ដោយកម្លាំងរង្វិលដែលនៅសល់ពីកង់ដែលរអិលនោះ នឹងត្រូវបានបញ្ជូនទៅកង់ដទៃទៀតដែលមិនរអិល ធ្វើឱ្យរថយន្តបើកបរទៅមុខដោយរលូនប្រកបដោយសុវត្ថិភាព។ តែយ៉ាងណាមិញ ប្រសិនបើក្នុងករណីរថយន្តជាប់ផុត គឺគួរបិទប្រព័ន្ធ TC នេះសិន ព្រោះបើមិនដូច្នោះទេ វានឹងចាប់ហ្វ្រាំងដល់កង់ដែលរអិលនោះ នឹងជាប់រហូត៕