- 2023-10-10 04:15:31
- ចំណេះដឹង
មកដឹងពីការប្រើប្រាស់ចង្កៀង និងអំពូល ដែលបំពាក់លើរថយន្ត
- 2023-10-10 04:15:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីការប្រើប្រាស់ចង្កៀង និងអំពូល ដែលបំពាក់លើរថយន្ត
ចន្លោះមិនឃើញ
មុនចេញដំណើរម្តងៗ អ្នកបើកបររថយន្ត ត្រូវតែពិនិត្យនូវផ្នែកសំខាន់ៗរបស់រថយន្ត ដើម្បីឱ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាព ក្នុងនោះគឺត្រូវធានាថា ចង្កៀងមុខរបស់រថយន្តគឺមិនដាច់ ឬខូចនោះទេ ព្រោះវាមានសារៈសំខាន់បំផុតនៅពេលបើកបរពេលយប់ ពោលគឺវាហាក់ដូចភ្នែកមនុស្សយើងអ៊ីចឹង។
ក្រៅពីចង្កៀងមុខក្រោយ រថយន្តក៏ត្រូវបានបំពាក់នូវអំពូលផ្សេងៗទៀត ដើម្បីបង្កើនសុវត្ថិភាព ងាយស្រួលដល់ការបើកបរក្នុងស្ថានភាពអាកាសធាតុផ្សេងៗ។ មិនតែប៉ុណ្ណោះ ការបំពាក់អំពូលច្រើនប្រភេទបែបនេះ ក៏ជាចំណុចសក្តានុពលឈានមុខគេ ក្នុងការទាក់ទាញអ្នកប្រើប្រាស់ ដើម្បីយកឈ្នះលើគូប្រជែង។
តោះមកដឹងពីមុខងារសំខាន់ៗរបស់ពួកវាដូចខាងក្រោម៖
ចង្កៀងមុខ
ចង្កៀងមុខមានភ្លើង ២ប្រភេទ គឺ ហ្វា និង កូត។ មុខងារសំខាន់វាគឺបំភ្លឺផ្លូវក្នុងពេលបើកបរពេលយប់ ក៏ដូចជាផ្តល់សញ្ញាដល់អ្នកបើកបរបញ្ច្រាស់ទិសគ្នាផងដែរ។ ភ្លើងហ្វា អាចជះពន្លឺបានឆ្ងាយ ងាយស្រួលមើល ប៉ុន្តែវាអាចប៉ះពាល់ភ្នែកអ្នកបើកបរទិសផ្ទុយគ្នា ឯភ្លើងកូតមិនសូវប៉ះពាល់ទេ តែជះពន្លឺបានជិត។
ចង្កៀងក្រោយ
វាជាភ្លើងពណ៌ក្រហមស្រាលជាប់ស្វ័យប្រវត្តិតែម្ដង នៅពេលដែលបើកចង្កៀងមុខ។ ការឲ្យភ្លើងក្រហមស្រាលភ្លឺជាប់នេះ ដើម្បីឲ្យអ្នកបើកបរខាងក្រោយ អាចមើលឃើញថា មានរថយន្តកំពុងបើកបរនៅខាងមុខស្ថិតនៅចម្ងាយប៉ុនណាពីគ្នា។
អំពូលបើកចោលពេលថ្ងៃ (Daytime Running Lights)
វាជាប្រភេទអំពូលខ្សែវែងលម្អរថយន្តបន្ថែម ស្ថិតនៅទាំងផ្នែកខាងមុខ និងខាងក្រោយ ដោយវាបើកស្វ័យប្រវត្តិមិនថ្ងៃឬយប់។ វាក៏មានមុខងារសំខាន់ដែរ ក្នុងការឱ្យអ្នកបើកបរដទៃបានឃើញរឹតតែច្បាស់។
អំពូលកាត់អ័ព្ទ
វាមានទីតាំងស្ថិតនៅខាងមុខរថយន្តផ្នែកខាងក្រោម (កាង) ដែលប្រើប្រាស់ចាំបាច់ក្នុងអំឡុងពេលមានអ័ព្ទ ព្រោះពេលនោះចង្កៀងមុខបំភ្លឺផ្លូវមិនបានឃើញច្បាស់ល្អឡើយ។
ភ្លើងស៊ីញ៉ូ (Signal Lights)
វាមានចំនួន៤ ដោយ២ ស្ថិតនៅជាប់ចង្កៀងមុខឆ្វេងស្តាំ និង២ទៀតនៅជាប់ចង្កៀងក្រោយឆ្វេងស្តាំ។ វាមានសារៈសំខាន់បំផុតក្នុងការផ្តល់សញ្ញាឱ្យអ្នកបើកបរដទៃ ថាយើងចង់បត់ឆ្វេង ឬបត់ស្តាំ។
ភ្លើងជាន់ហ្វ្រាំង (Brake Lights)
វាជាភ្លើងពណ៌ក្រហមស្ថិតនៅចង្កៀងក្រោយ ដែលវានឹងលោតឡើងគ្រប់ពេលអ្នកបើកបរជាន់ហ្វ្រាំង ដើម្បីឲ្យសញ្ញាទៅអ្នកបើកបរនៅពីក្រោយ ឱ្យប្រុងប្រយ័ត្ន និងបន្ថយល្បឿន ឬឈប់។
ភ្លើងសុំផ្លូវ
វាប្រើប្រាស់ភ្លើងស៊ីញ៉ូទាំងអស់ ឲ្យលោតភ្លឹបភ្លែតក្នុងពេលតែមួយ ដើម្បីសុំឱ្យបើកផ្លូវទៅមុនដូចជាក្បួនដង្ហែគណៈប្រតិភូ សង្គ្រោះបន្ទាន់ ឬហែសពជាដើម។ វាក៏ត្រូវបានប្រើប្រាស់ដើម្បីផ្តល់សញ្ញា ក្នុងករណីដែលរថយន្តមានបញ្ហា មិនអាចបើកទៅមុខបាន ឬមិនបានលឿន។
អំពូលក្នុងកាប៊ីន
ភាគច្រើនវាមានពណ៌លឿងស្រទន់ សម្រាប់បើកបំភ្លឺក្នុងរថយន្តនៅពេលដែលអ្នកបើកបរ ឬអ្នកដំណើរត្រូវការរកមើលអ្វីមួយ ក្នុងស្ថានភាពងងឹត។ យ៉ាងណាមិញ មិនគួរបើកអំពូលនេះចោលទេ ប្រសិនបើមិនចាំបាច់៕