• 2023-09-07 03:01:32
  • ផលិតផលថ្មី

Toyota ប្រកាសចេញរថយន្តប្រណីត​ជាលើកដំបូង ដែលយកគំនិតឌីហ្សាញពី Rolls-Royce

  • 2023-09-07 03:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​បញ្ចេញ​រថយន្ត​ប្រណីត​របស់ខ្លួនលើកដំបូង​ក្នុងប្រទេសជប៉ុន គឺ​រថយន្ត Toyota Century SUV ដែលរូបរាង​របស់វា​គឺសំដៅ​ប្រជែង​ និង​យក Concept របស់​រថយន្ត Rolls-Royce តែម្តង។

បើតាមការបញ្ជាក់​របស់ Toyota ឱ្យដឹងថា ទីផ្សាររថយន្ត​បាន​វិវត្តន៍ថ្មី​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ដោយ​អតិថិជន​កំពុង​ស្វែងរកប្រភេទរថយន្ត​ណា​ដែល​ចំណេញ​ដល់ពេលវេលា​ក្នុងការចូលរួម​ប្រជុំ​តាមអនឡាញ និងការសម្រាក​ប្រកបដោយផាកសុខភាព។ ហេតុនេះហើយ ទើបក្រុមហ៊ុន បាន​សម្រេចចិត្ត​អភិវឌ្ឍ​ម៉ូឌែល​ថ្មីមួយ​ សម្រាប់​ជម្រើស​របស់​ជនជាតិជប៉ុន ដែល​ដូចនឹង​រថយន្ត Rolls-Royce Cullinan និង Bentley Bentayga។

ផ្នែក​ខាងមុខ​របស់​ Toyota Century SUV ត្រូវបានឌីហ្សាញ​បែបសាមញ្ញ​តែបង្កប់​ដោយ​អំណាច និងភាពថ្លៃថ្នូរ រំលេច​ដោយប៉ាណា​សំណាញ់​ចំកណ្តាល និង​ចង្កៀង​ LED ចែកជាពីរ ទាំងខាងមុខ និងខាងក្រោយ។ វាមាន​ប្រវែង ៥២០៥មម ទទឹង ១៩៩០មម និងកម្ពស់ ១៨០៥មម ពោលគឹវា​វែងជាង Land Cruiser និង​ខ្លីជាង Sequoia បន្តិច និងត្រូវបាន​អភិវឌ្ឍលើគ្រោងឆ្អឹង TNGA-K។

ក្នុងផ្នែក​កាប៊ីន មាន​កៅអីចំនួន៤ បែងចែក​ដាច់ពីគ្នា ហើយកៅអីជួរទី២ គឺត្រូវបាំងខណ្ឌ​ចែកគ្នា​ពីឃ្លុបគូថក្រោយតែម្តង។ ជាមួយគ្នានេះ កៅអីពូកនីមួយៗសុទ្ធតែមានមុខងារពិសេសជាច្រើនថែមទៀតផង។ អេក្រង់ទំហំ ១១,៦អ៊ីញ ត្រូវបាន​បំពាក់​សម្រាប់​អ្នកដំណើរ​ខាងក្រោយ។ ចំណែក​ផ្នែក​តៃកុង មានអេក្រង់ពីរ ទំហំសរុប ១២,៣អ៊ីញ។ ក្រៅពីនេះ វាមាន​អេក្រង់ថាច់ស្គ្រីន​ដែល​ដូច​ស្មាតហ្វូនចំនួន២ អំពូល Ambient Light ដំបូល panoramic sunroof និង speaker សំឡេង​រងំដ៏ល្អបំផុត។

​រថយន្ត Toyota Century SUV ប្រើ​ម៉ាស៊ីន Plug-in Hybrid V6 ចំណុះ ៣,៥លីត្រ រត់កង់ទាំង៤ ដំណើរការ​ជាមួយ​ប្រអប់លេខ e-CVT និង​ប្រព័ន្ធ E-Four Advanced AWD។ ប្រព័ន្ធ​ម៉ាស៊ីននេះ ផលិត​បានកម្លាំងសរុប ៤០៦សេះ និង​ពេល​សាកពេញម្តង​ធ្វើដំណើរបានចម្ងាយ ៦៩គីឡូម៉ែត្រ។

Toyota នឹងដាក់​លក់​រថយន្តនេះ តាមបណ្តាហាង​លក់​ដែលត្រូវបានជ្រើសរើសប៉ុណ្ណោះ ជាមួយគោលដៅលក់ឱ្យបាន ៣០គ្រឿង​ក្នុង១ខែ នាពេលខាងមុខនេះ ជាមួយតម្លៃចាប់ពីជិត ១៧ម៉ឺនដុល្លារឡើងទៅ៕

អត្ថបទ៖ សំភី

មតិយោបល់