• 2023-08-21 09:24:03
  • ចំណេះដឹង

ឡាន​ចេញ Check ​ពេលស្កេនឃើញលេខកូដវាហើយ នៅតែ​មិនដឹងថាជាបញ្ហាអ្វី? តោះមកដឹងពីវិធីសម្គាល់ខ្លះៗ​នៃ​លេខកូដ Check នោះ

  • 2023-08-21 09:24:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់អ្នកប្រើប្រាស់​រថយន្តទាំងអស់ សុទ្ធតែមានការបារម្ភ​ពេល​ឃើញ​រថយន្តចេញ Check ជាពិសេស​ពេល​ធ្វើដំណើរ​ផ្លូវឆ្ងាយ។ បច្ចុប្បន្ន​មាន​មនុស្ស​ភាគច្រើន ​បាន​ទិញ​ឧបករណ៍ស្កេន​ដាក់ជាប់​តាមរថយន្ត ដើម្បី​ត្រៀម​ពេល​មានករណី​លោតចេញ​សញ្ញា Check។ ពេល​ស្កេន​ឃើញ​លេខកូដ គេអាច​ search លេខកូដនោះតាមអ៊ីនធើណែត ដើម្បីអាច​ដឹង​ និងស្វែងយល់​បាន​ពីបញ្ហារថយន្ត ថាតើធ្ងន់ធ្ងរ ឬស្រាល។ យ៉ាងណាមិញ ប្រសិន​លោក​អ្នក​ស្ថិតក្នុង​តំបន់គ្មានសេវា​អ៊ីនធើណែត លោកអ្នក​ក៏នៅតែអាច​ដឹង​បានខ្លះៗផងដែរតាមរយៈអត្ថន័យ​នៃអក្សរ និងលេខ​របស់​លេខកូដនោះ។

ជាទូទៅ លេខកូដ មានអក្សរមួយនៅខាងមុខ និងលេខ៤ខ្ទង់​នៅខាងក្រោយ។ សម្រាប់អក្សរនៅខាងមុខនោះ គឺមានដូចជា៖

-P: តំណាងឱ្យពាក្យ Powertrain ដែលសំដៅ​លើប្លុកម៉ាស៊ីន ហើយ​ជួបញឹកញាប់​ច្រើនជាងគេបំផុត

-B: តំណាង​ឱ្យពាក្យ Body ដែលសំដៅ​លើតួរថយន្ត

-C: តំណាង​ឱ្យពាក្យ Chassis ដែលសំដៅលើ​សាក់ស៊ី

-U: តំណាង​ឱ្យ Network Communication ឬបណ្តាញ​ទំនាក់ទំនង។

បន្ទាប់មកទៀត គឺ​ជាលេខខ្ទង់ទីមួយ ដែលនៅជាប់​អក្សរខាងលើ។ លេខនេះ អាច​ជាលេខ 0 ឬលេខ 1។ លេខ 0 ត្រូវ​បាន​បង្កើតឡើងដោយ​អង្គការ​ SAE (Society of Automotive Engineers)។ ឯលេខ 1 បង្ហាញ​កូដ​ជាក់លាក់​របស់​ក្រុមហ៊ុន​ផលិត​រថយន្តមួយ។

ផ្នែក​បន្ទាប់គឺ​ជាលេខខ្ទង់ទីពីរ ដែល​វាអាចមាន​លេខចាប់ពី 0 ដល់ 9។ ក្នុងនោះ៖

លេខ 1: បង្ហាញ​អំពី​បញ្ហាប្រព័ន្ធសាំង ឬខ្យល់ណាមួយជាក់លាក់។ ឧទាហរណ៍ដូចជាបញ្ហា Mass Airflow Sensor។

លេខ 2: បង្ហាញ​ប្រព័ន្ធសាំង ឬខ្យល់ ដូចគ្នា តែអាច​មាន​ច្រើនចំណុច។ ឧទាហរណ៍​​ដូចជា បញ្ហាប្រព័ន្ធ​ប៊ិចសាំង។

លេខ3: បង្ហាញ​បញ្ហា​នៃការបញ្ឆេះណាមួយ។

លេខ4: បង្ហាញ​បញ្ហា​ប្រព័ន្ធបញ្ចេញ​ផ្សែង។ ឧទារណ៍​ បញ្ហា​សំបុកឃ្មុំ។

លេខ5: បង្ហាញ​ពី​ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន និង​បញ្ហា​បញ្ឆេះការ៉ង់ទី។

លេខ6: បង្ហាញ​ពី​បញ្ហា​ប្រព័ន្ធបញ្ជារថយន្ត Computer Output Circuit ឬបញ្ហាគ្រឿងអេឡិចត្រូនិច។

លេខ 7,8 ឬ 9: បង្ហាញ​បញ្ហា​ប្រអប់លេខ។ ឧទាហរណ៍ដូចជា បញ្ហា​សម្ពាធ និងសេនស័រដំណើរការ​មិនត្រឹមត្រូវ។

ចំណែក​ពីរខ្ទង់ចុងក្រោយគឺអាចមានលេខចាប់ពី 00 ដល់ 99 ឯណោះ​ ហើយ​លេខពីរខ្ទង់ចុងក្រោយនេះមិនអាចបញ្ជាក់ ឬតំណាង​ឱ្យអ្វីឡើយ ពោលគឺ​វា​ត្រូវពឹងផ្អែក​ទាំងស្រុងលើអក្សរ​និងលេខដែល​ខាងមុខ ទើបអាច​កំណត់​ឃើញ​បញ្ហា​ច្បាស់លាស់៕

ប្រភព៖ Repair Smith

អត្ថបទ៖ សំភី

មតិយោបល់