• 2023-08-08 10:03:09
  • ចំណេះដឹង

ឡាន​អាយុកាល​ច្រើនឆ្នាំហើយ ទោះចាក់ប្រេង​ម៉ាស៊ីន​លេខ​ដដែល ឬខាប់​ជាងមុន ក៏មិនថ្វីដែរ​តែត្រូវទទួលស្គាល់​នូវការពិត​មួយនេះ​

  • 2023-08-08 10:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់​នឹងពេលនេះ ហើយនឹងទៅអនាគត​វែងឆ្ងាយទៀត បញ្ហាលេខប្រេងម៉ាស៊ីន​ នឹងនៅតែ​បន្តជាប្រធានបទ​ឈ្លោះប្រកែក​គ្នា​មិនចេះអស់​មិនចេះហើយនោះទេ ជាពិសេស​ចំពោះ​រថយន្ត​ដែលមាន​អាយុកាល​ច្រើនឆ្នាំ ដោយអ្នកខ្លះ​ថា គួរតែចាក់ប្រេងម៉ាស៊ីនខាប់ជាងមុន តែអ្នកខ្លះទៀតថា គួរតែ​ចាក់តាមលេខ​លើ​គម្របម៉ាស៊ីន ឬក្នុងសៀវភៅណែនាំរបស់រថយន្តនោះ។ ក្នុងនោះផងដែរ ក៏មានអ្នកបច្ចេកទេស​បានលើកឡើងថា ការប្រើ​លេខប្រេងម៉ាស៊ីនណាមួយ គឺ​អាស្រ័យ​ទៅលើ​ស្ថានភាព​ម៉ាស៊ីន​រថយន្តនោះ​ជាក់ស្តែង។

ការពិតទៅ គ្មានការកំណត់ជាក់លាក់រួម​ណាមួយជុំវិញ​កំហាប់ប្រេងម៉ាស៊ីននេះ​ឡើយ។ ប៉ុន្តែ​ការពិត​ដែលមិនអាចប្រកែកបាន​ចំពោះ​រថយន្ត​អាយុកាលច្រើនឆ្នាំ ឬច្រើនម៉ឺនគីឡូនោះ គឺ​ភាពសឹករិចរឹលនៃគ្រឿង​បង្គុំ​ក្នុងម៉ាស៊ីន ដែល​តែង​កើតមានឡើង​ជា​ធម្មតា។

ជាក់ស្តែង​ គឺ​នៅ​ចន្លោះ​រវាង​ក្រវាត់ប៊ីស្តុង និង​ស៊ីឡាំង នឹង​មាន​ប្រហោង ឬគម្លាតគ្នាកាន់តែធំ ដោយ​សារសំណឹក​របស់ពួកវា។ ដូច្នេះប្រសិន​បើបន្ត​ចាក់​ប្រេងរាវ ឬកំហាប់​ប្រេង​តាមលេខគម្របម៉ាស៊ីនដដែលនោះ គឺ​វា​មានភាគរយខ្ពស់​ណាស់​ដែល​ប្រេងម៉ាស៊ីន អាច​ហូរចូល​ដល់​បន្ទប់ចំហេះ (កន្លែងដែល​សាំង និងខ្យល់ ត្រូវបានដុតបញ្ឆេះ) ធ្វើឱ្យមានការ​បាត់ប្រេង​ម៉ាស៊ីន តាមរយៈ​ការដុត​បញ្ឆេះ​រួមគ្នា​នៅបន្ទប់ចំហេះ​នេះ។

ដោយសារតែ​បែបនេះ​ហើយ ទើប​ជាងរថយន្តមួយចំនួន បាន​ណែនាំ​ឱ្យប្រើប្រេងម៉ាស៊ីន ខាប់ជាងមុន (Ex: លេខគម្រប 5W-30 ប្តូរទៅប្រើលេខ 5W-40, 10W-30 ឬ 10W-40 ជាដើម) ដើម្បី​បំពេញចន្លោះប្រហោង​ដែល​សឹករិចរិលទាំងនោះ នឹងមិនបណ្តាលឱ្យប្រេងម៉ាស៊ីន​អាចធ្លាក់ចូល​ទៅក្នុងបន្ទប់ចំហេះបានឡើយ។ ប្រសិនបើអាច ក៏គួរចាក់បន្ថែមប្រេងជំនួយ​ផងដែរ ដូចជាប្រេងជំនួយក្រវាត់ជាដើម ក្នុងការជំរុញប្រសិទ្ធភាព។

យ៉ាងណា​មិញ ការប្រើប្រេង​ម៉ាស៊ីន​ខាប់ជាងមុន ក៏វាផ្តល់គុណវិបត្តិ​ចំពោះរថយន្ត​ផងដែរ ដូចជា រថយន្ត​ស៊ីសាំង​ជាងមុន និងសន្ទុះខ្សោយជាងមុន ដោយ​សារលំហូរ​របស់វា​​គឺយឺតជាង​ប្រេងម៉ាស៊ីនដែល​រាវ។ ម្យ៉ាងវិញទៀត នៅពេល​បញ្ឆេះរថយន្ត​ម្តងៗ ក៏គួរការ៉ង់ទី​ចោល​ប៉ុន្មាននាទី​សិនដែរ មុនដាក់​លេខចេញ​ដំណើរ ដើម្បី​ឱ្យ​ប្រេងម៉ាស៊ីន​ដែលខាប់​នេះ អាច​ហូរចូលជ្រាបដល់គ្រប់​គ្រឿងបង្គុំ​ផ្សេងៗសិន។

ត្រង់ចំណុចនេះ យើង​ក៏សូមបញ្ជាក់ផងដែរថា ប្រសិនបើឡើងលេខកំហាប់ប្រេងហើយ នៅតែបាត់ប្រេង​ទៀតនោះ គឺវា​អាចមានមូលហេតុផ្សេងទៀតដូចជាការលេចជ្រាប​នៅកន្លែងណាមួយ ឬ​បញ្ហាហ្វឺតស៊ូប៉ាប់​ជាដើម ដែលតម្រូវ​ឱ្យមានការរើម៉ាស៊ីនដើម្បីពិនិត្យមើលលម្អិត និងជួសជុលឡើងវិញ ឬអាចឈានដល់​ការ​ប្តូរម៉ាស៊ីនតែម្តង។

យ៉ាងណាក៏ដោយចុះ ប្រសិនបើ​រថយន្ត​របស់អ្នក​ប្រើលេខប្រេងម៉ាស៊ីនតាមការណែនាំចេញពីរោងចក្រ ឬប្រេងរាវ ហើយមិនមាន​បញ្ហាបាត់ប្រេងម៉ាស៊ីនទេនោះ គឺ​គួរ​តែបន្តប្រើ​លេខ​ប្រេងម៉ាស៊ីន​ដដែលនេះ​ទៀត៕

ប្រភព៖ Auto Expose

អត្ថបទ៖ សំភី

មតិយោបល់