• 2023-07-04 03:46:11
  • គន្លឹះ

រឿងដែល​ត្រូវធ្វើចាំបាច់ បើ​រថយន្ត​ត្រូវលិចទឹក

  • 2023-07-04 03:46:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ភ្លៀង​ល្ងាចម្សិលមិញ យើងឃើញ​ថា មាន​រថយន្តជាច្រើន​បានលិចទឹក ក្នុងនោះ​មានរថយន្ត​ខ្លះ ស្ទើរ​តែ​លិចដល់​ដំបូល​ទៅហើយ។ យ៉ាងណាមិញ ប្រសិន​បើរថយន្ត​របស់​អ្នកបានលិចទឹក​ដែរនោះ សូមកុំទាន់ស្លន់ស្លោរបារម្ភខ្លាំងអី ប៉ុន្តែត្រូវធ្វើ​រឿងចាំបាច់​ដូចខាងក្រោម​នេះ នៅក្រោយពេលទឹកស្រកវិញ៖

-កុំបញ្ឆេះ​រថយន្តភ្លាមៗ៖ ថ្វីបើទឹកស្រកទៅវិញមែន ប៉ុន្តែ​ទឹកនៅតែ​អាចដកជាប់​ក្នុងប្លុកម៉ាស៊ីន និង​ប្រអប់លេខ ដូច្នេះ​ប្រសិនបើអ្នកបញ្ឆេះ​ វា​នឹង​ប្រឈម​ការខូចខាតធ្ងន់ធ្ងរ​ដល់គ្រឿង​បង្គំនានា។

-ព្យាយាម​សម្ងួត​រថយន្ត​ឱ្យបាន​គ្រប់កន្លែង៖ ត្រូវបើកទ្វារ​រថយន្តទាំងអស់ និងគម្របម៉ាស៊ីនចំហរចោលសិន​ ហើយ​បើមេឃ​បើកថ្ងៃទៀត​កាន់តែប្រសើរ បន្ទាប់មក​ជូតគ្រប់កន្លុកកន្លៀតទាំងអស់ បើមាន​ម៉ាស៊ីនផ្លុំ​សម្ងួតគឺកាន់តែល្អ ពោលគឺ​ត្រូវផ្លុំ​ទាំងខាងក្នុងកាប៊ីន ប្លុកម៉ាស៊ីន គូថក្រោយ និង​កន្លែង​ដែលមាន​គ្រឿង​បង្គុំអគ្គិសនីជាដើម។

-ឆែក​រកកន្លែងកំហូច៖ អ្នកអាច​ត្រួតពិនិត្យ​រថយន្ត​ដោយខ្លួនឯងជាមុនសិន ដូចជាប្លុកម៉ាស៊ីន អាចឆែក​មើល​ពណ៌​ប្រេងម៉ាស៊ីន ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង ប្រេងបូមចង្កូត និងទឹកស្អំ​ជាដើម ថាតើ​វាមានលាយ​ចូលជាមួយទឹកឬអត់ ហើយបើឃើញលិចចូល​ចំណុចណាមួយហើយ គឺត្រូវផ្លាស់ប្តូរចេញសិន (គួរហៅជាងមកប្តូរ​ឱ្យដល់ផ្ទះ)។ បើឡាន Hybrid អាចប្រឈមខ្ពស់​នឹងការខូចអាគុយ ដូច្នេះ​គួរខលសួរប្រឹក្សា​ជាមួយជាងជំនាញ​ជាមុនសិន។

-ឆែក​ឯកសារធានារ៉ាប់រង៖ បើអ្នកបានទិញ​សេវាធានារ៉ាប់រងរថយន្ត អ្នកក៏គួរឆែកមើលសិន ថាតើ​សេវា​ធានានេះគ្របកណ្តប់​លើការលិចទឹកដែរ ឬយ៉ាងណា។

-សាកល្បង​បញ្ឆេះម៉ាស៊ីន និង​ស្វែរកកំហូចប្រព័ន្ធភ្លើង៖ ប្រសិន​រថយន្តស្ងួត​គ្រប់​កន្លែង និង​ឆែករួចរាល់អស់ហើយថាវាមិនរងផលប៉ះពាល់អ្វីទេ នោះគឺ​លោកអ្នក​អាចសាកល្បងបញ្ឆេះ​បាន បន្ទាប់មក​ស្វែងរកកំហូច​គ្រឿងបង្គំអគ្គិសនីម្តង និងម៉ាស៊ីនត្រជាក់ ថាតើវា​មានភាព​មិនប្រក្រតី​នៅចំណុចណាខ្លះ។

-លាងរថយន្ត៖ គួរយករថយន្តទៅលាង​ ដើម្បីបាញ់សម្អាត​ឡើងវិញ បោកពូក និង​រើបាតជាដើម៕

ប្រភព៖ Holts Auto

អត្ថបទ៖ សំភី

មតិយោបល់