• 2023-03-30 08:50:38
  • គន្លឹះ

មួយថ្ងៃ​ មុន​បើកឡានចេញដំណើរ តើត្រូវធ្វើតេស្តឡានអ្វីខ្លះ?

  • 2023-03-30 08:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើលោកអ្នកមានគម្រោង​ និងកំណត់ថ្ងៃច្បាស់លាស់ធ្វើដំណើរកម្សាន្ត​ទៅលេង​ទីជិតទីឆ្ងាយហើយ លោកអ្នកគួរ​តែ​ធ្វើតេស្ត​រថយន្ត​មួយថ្ងៃ​មុន​ចេញដំណើរ ក្រែងលោឃើញមានបញ្ហាអ្វីគឺ​អាចយកទៅហ្គារ៉ាស់ជួសជុលទាន់ពេល។

អ្វីដែល​ត្រូវធ្វើដំបូងនោះ គឺពិនិត្យមើលសភាព​សំបកកង់ និង​បើកគម្របម៉ាស៊ីន ដើម្បី​មើលកម្រិត​ប្រេងម៉ាស៊ីន ទឹកស្អំ ប្រេងបូមចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង សភាព​អាគុយ និង​ទឹក​បាញ់កញ្ចក់ជាដើម ក៏ដូចជាសង្កេតមើលការដាច់ខ្សែ ឬលេចធ្លាយកន្លែងណាមួយ។

ប្រសិនបើ​មិនមានបញ្ហាអ្វីទេ បន្ទាប់មកគឺ​បញ្ឆេះរថយន្ត​ដើម្បីដឹងច្បាស់ថា មាន​បញ្ហានៃការដេបញ្ឆេះ​រថយន្ត​ឬអត់។ ក្រោយពេល​បញ្ឆេះរថយន្តហើយ មើលកុងទ័រ​ថាតើ​គាំងទ្រនិចណាមួយឬអត់ និង​មាន​សញ្ញា Check ឬអត់ មើលកម្រិតសាំង ធ្វើតេស្ត​បើក​ចង្កៀង​ និង​ស៊ីញ៉ូឆ្វេងស្តាំមុខក្រោយ ដំណើរការផ្លិតទឹក និងបាញ់ទឹក ស៊ីផ្លេ ប៊ុតុងចុចកញ្ចក់ និងចាក់សោ​ ក៏ដូចជាការសារ៉េ​កញ្ចក់មើលក្រោយ​សងខាងជាដើម។ ក្រៅពីនេះ ក៏ត្រូវត្រួតពិនិត្យ​ម៉ាស៊ីនត្រជាក់​ ដូចជាធុំក្លិន​ចម្លែក ឬមិនសូវត្រជាក់ជាដើម។

តមកទៀត គឺលោកអ្នកគួរ​បើករថយន្ត​សាកល្បង​បន្តិច ដើម្បីស្ទាបស្ទង់​បញ្ហា​ផ្សេងៗដូចជា ហ្វ្រាំង​ថាតើជាន់ស៊ីឬអត់ ឆេះញាក់ៗ និងមានសំឡេងលាន់ខុសធម្មតាឬអត់ ក៏ដូចជា​ត្រូវចាប់អារម្មណ៍​លើ​ប្រព័ន្ធជើងក្រោមផងដែរ៕

អត្ថបទ៖ សំភី

មតិយោបល់