- 2022-06-13 01:53:57
- ប្រវត្តិបច្ចេកវិទ្យា
រថយន្ត ៥ ម៉ាកលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក
- 2022-06-13 01:53:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត ៥ ម៉ាកលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក
ចន្លោះមិនឃើញ
យានជំនិះដំបូងបង្អស់ត្រូវបានផលិតឡើងក្នុងឆ្នាំ ១៨៨៦ លុះមកទល់ ១៣១ ឆ្នាំចុងក្រោយ ឧស្សាហកម្មយានយន្តហាក់ទទួលបានភាពជោគជ័យ រហូតទល់បច្ចុប្បន្នមានរថយន្តប្រមាណ ១ ពាន់លានគ្រឿងកំពុងចរាចរលើដងវិថី និងមានលើសពី ១ ពាន់ម៉ូឌែលស្ថិតក្រោមការសម្រេចចិត្តរបស់អតិថិជន។ Sabay បង្ហើបឲ្យស្គាល់រថយន្ត ៥ ម៉ូឌែលអាចលក់ដាច់បំផុតក្នុងទីផ្សារពិភពលោក។
៥.Volkswagen Passat (១៩៧៣-បច្ចុប្បន្ន លក់បាន ២៣ លានគ្រឿង)
ត្រកូល Passat បំបែកបានជោគជ័យក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Volkswagen ក្រោយរថយន្តជាង ២៣ លានគ្រឿងបានលក់ចេញទៅលើទីផ្សារ តាំងតែបង្ហាញខ្លួនក្នុងឆ្នាំ ១៩៧៣។ កើនឡើងខ្ពស់បំផុតអំឡុងពេលលោក Ferdinand Piech បានផ្លាស់ចេញពីក្រុមហ៊ុន Audi មកជួយដឹកនាំ VW នាឆ្នាំ ១៩៩៣។
៤.Honda Civic (១៩៧២-បច្ចុប្បន្ន លក់បាន ២៤ លានគ្រឿង)
ក្រុមហ៊ុនជប៉ុន Honda ធ្លាប់មានបំណងចង់បញ្ឈប់ការផលិតរថយន្ត ដោយប្តូរទៅផលិតម៉ូតូវិញ ប៉ុន្តែគំនិតនេះត្រូវបានផ្លាស់ប្តូរបន្ទាប់ពីភាពជោគជ័យលើត្រកូល Civic តាំងពីឆ្នាំ ១៩៧២។ រហូតដល់ឆ្នាំ ២០១៦ ចូលដល់ជំនាន់ទី ១០ នៃ Civic ក៏បានជាប់ឈ្មោះជារថយន្តលក់ដាច់បំផុតក្នុងប្រទេសកាណាដារយៈពេល ១៩ ឆ្នាំជាប់គ្នាចន្លោះ ១៩៩៧ ដល់ ២០១៦។
៣.Volkswagen Golf (១៩៧៤-បច្ចុប្បន្ន លក់បាន ៣៣ លានគ្រឿង)
Golf បានបោះជំហានចូលទីផ្សារអឺរ៉ុបនាឆ្នាំ ១៩៧៤ មុនរយៈពេលមួយឆ្នាំក្នុងទីផ្សារអាមេរិក ខណៈបច្ចុប្បន្នលក់ដាច់ច្រើនជាង ៣៣ លានគ្រឿងហើយ ដោយក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយរថយន្ត Golf ប្រមាណ ២ ២១០ គ្រឿងត្រូវបានលក់ចេញជារៀងរាល់ថ្ងៃក្នុងទីផ្សារសកលលោក។
២.Ford F-Series (១៩៤៨-បច្ចុប្បន្ន លក់បាន ៤០ លានគ្រឿង)
F-Seires ប្រភេទរថយន្តដឹកទំនិញលក់ដាច់បំផុតនៅអាមេរិករយៈពេល ៤០ ឆ្នាំជាប់ៗគ្នា បង្ហាញខ្លួននាឆ្នាំ ១៩៤៨ មានជាង ៤០ លានគ្រឿងកំពុងចរាចរលើដងវិថី។ ជំនាន់ដំបូងបង្អស់នៃរថយន្តនេះ ត្រូវបានគេដឹងថាងាយស្រួលជួសជុល និងសក្ដិសមសម្រាប់ការងារកសិកម្ម។
១.Toyota Corolla (១៩៦៦-បច្ចុប្បន្ន លក់បាន ៤៤,១ លានគ្រឿង)
ជំនាន់ដំបូងរបស់ Corolla ប្រកាសក្នុងឆ្នាំ ១៩៦៦ លុះដល់ឆ្នាំ ១៩៧៤ ជាប់ឈ្មោះជារថយន្តលក់ដាច់បំផុតក្នុងពិភពលោក ក្រោយចរាចរចូលទីផ្សារទាំង ១៥០ ប្រទេស។ លុះដល់ឆ្នាំ ២០១៥ ម៉ាកនេះក៏បំបែកកំណត់ត្រាថ្មីផ្សេងទៀត ជារថយន្តលក់ដាច់ច្រើនជាង ១,៣ លានគ្រឿងក្នុងមួយឆ្នាំ៕