- 2014-11-24 18:50:10
- ប្រវត្តិបច្ចេកវិទ្យា
NTTI គ្រឹះស្ថានរដ្ឋឈានមុខមួយផ្នែកជំនាញបច្ចេកទេស
- 2014-11-24 18:50:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NTTI គ្រឹះស្ថានរដ្ឋឈានមុខមួយផ្នែកជំនាញបច្ចេកទេស
ចន្លោះមិនឃើញ
វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស National Technical Training Institute (NTTI) ត្រូវគេចាត់ទុកថា ជាគ្រឹះស្ថានអប់រំរបស់រដ្ឋដ៏ឈានមុខគេមួយ ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសផ្សេងៗ ដល់និស្សិតខ្មែររាប់ម៉ឺននាក់ ដើម្បីបង្កើនធនធានមនុស្ស រួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ឆ្លងកាត់ពីមួយសម័យកាលទៅមួយសម័យកាល NTTI មានការវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ស្របទៅតាមការរីកចម្រើននៃសង្គមជាតិនាយុគសម័យបច្ចេកវិទ្យារបស់សកល នាពេលបច្ចុប្បន្ន។ ចង់ដឹងតើវិទ្យាស្ថានរដ្ឋដ៏ធំមួយនេះ មានដំណើរប្រវត្តិយ៉ាងណាខ្លះ! ពេលនេះ Sabay នឹងបង្ហាញជូនដូចខាងក្រោមនេះ។
ប្រវត្តិកកើតវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI)
វិទ្យាស្ថាន ជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ ១៩៥៨ តាមការត្រាស់បង្គាប់ដោយសម្ដេចព្រះបាទនរោត្តមសីហនុ ដែលមានឈ្មោះថា មជ្ឈមណ្ឌលព្រះកុសុមៈសម្រាប់បណ្ដុះបណ្ដាលកម្មករអគ្គិសនីកម្ពុជា។ រហូតដល់ឆ្នាំ១៩៦៣ ទើបមជ្ឈមណ្ឌលនេះ ចាប់ដំណើរការបង្រៀនសិស្ស។ នៅឆ្នាំដំបូង មានសិស្សតែ ១៤ នាក់ប៉ុណ្ណោះ ដែលទទួលបានការបង្ហាត់បង្រៀនពីសំណាក់សាស្ត្រាចារ្យបង្រៀនភាគច្រើន ជាជនជាតិបារាំង ។
ក្នុងរបបប្រល័យពូជសាសន៍ មជ្ឈមណ្ឌលត្រូវបានបិទដំណើរការទាំងស្រុង ។ ក្រោយថ្ងៃរំដោះថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ ទីតាំងវិទ្យាស្ថានត្រូវបានគេធ្វើជាឃ្លាំងរបស់អគ្គិសនីកម្ពុជា (EDC)។ ប៉ុន្តែ ក្រោយមកទីតាំង នេះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំ និងបង្កើតឡើងវិញជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដំបូងគេបង្អស់ក្នុងឆ្នាំ ១៩៨១ និងដែលមានឈ្មោះថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈទឹកថ្លា។
មជ្ឈមណ្ឌលនេះ ទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពីសហភាពសូវៀត រួមមាន សម្ភារៈ បរិក្ខារ ជាពិសេសគ្រូបណ្ដុះបណ្ដាល ដែលភាគច្រើនជាជនជាតិសូវៀត។ នៅឆ្នាំ ១៩៨៣ មជ្ឈមណ្ឌលត្រូវបានប្តូរឈ្មោះទៅជា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈព្រះកុសុមៈ។
ដោយមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងប្រទេសជាតិដែលកំពុងត្រូវការយ៉ាងចាំបាច់ធនធានមនុស្ស សម្រាប់ការស្ថាបនានិងអភិវឌ្ឍន៍ប្រទេសជាតិលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស នៅក្នុងឆ្នាំ ១៩៩៩ មជ្ឈមណ្ឌលត្រូវបានប្រែក្លាយ និងបង្កើតទៅជាវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និង កីឡា តាមសេចក្តីសម្រេចលេខ ០៨៩ ស.ស.រ ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៩។ លុះដល់ឆ្នាំ ២០០១ វិទ្យាស្ថានត្រូវបានតម្លើងឋានៈរបស់ខ្លួនស្មើនឹងនាយកដ្ឋាន តាមអនុក្រឹត្យលេខ ១០៩ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០០១ ។
នៅក្នុងឆ្នាំ ២០០៤ វិទ្យាស្ថានត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្ទេរមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបច្ចុប្បន្ន វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បាននឹងកំពុងបន្តនូវបេសកកម្មរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងមុំមួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយរួមចំណែក បង្កើនធនធានមនុស្ស ប្រកបដោយ គុណភាព ប្រសិទ្ធភាព និង សមធម៌ ក្នុងការចូលរួមចំណែកកសាងប្រទេសជាតិ និង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រព័ន្ធបណ្ដុះបណ្ដាលបច្ចេកទេសរួមមាន
វិទ្យាស្ថានប្រើប្រាស់កម្មវិធីសិក្សាទំនើប ពីប្រទេសជឿនលឿនដូចជា អាមេរិក បារាំង ជប៉ុន អូស្រ្តាលី កូរ៉េ ជាដើម។ សាស្ត្រាចារ្យកម្រិតបណ្ឌិត និងអនុបណ្ឌិតមកពីគ្រឹះស្ថានសិក្សារដ្ឋ និងក្រុមហ៊ុនឯកជននានា ដែលបានបញ្ចប់ការសិក្សាមកពីបរទេស និងមានបទពិសោធន៍អនុវត្តការងារជាក់ស្ដែង។ មានកម្មវិធីចុះសិក្សា និងទស្សនៈកិច្ចនៅតាមជំនាញនីមួយៗ។ សម្ភារៈសិក្សាទំនើបៗ សម្រាប់និស្សិតសិក្សាស្រាវជ្រាវ រួមជាមួយអន្តេវាសិកដ្ឋាន សម្រាប់មកពីខេត្តឆ្ងាយស្នាក់នៅនោះដែរ។
មុខវិទ្យានិងថ្នាក់បណ្ដុះបណ្ដាល
កម្រិតមូលដ្ឋាន
កម្រិតឧត្តម
ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល
រាល់កម្មវិធីសិក្សា និងមុខវិជ្ជាសិក្សាគ្រប់កម្រិតរបស់វិទ្យាស្ថាន ដោយមានការទទួលស្គាល់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេស រាជរដ្ឋាភិបាលបានជួយឧបត្ថម្ភថ្លៃភ្លើងអគ្គិសនី បៀវត្សបុគ្គលិក និងធនធានសំខាន់ៗដទៃទៀតដូចជាៈ កុំព្យូទ័រ ព្រីនធ័រ គ្រឿងសង្ហារឹម និង សម្ភារៈបង្រៀន ដទៃទៀតជាច្រើន។ ទំនាក់ទំនងជាមួយសាធារណៈ និងក្រុមហ៊ុនឯកជន
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជន អង្គការ និងស្ថាប័នសាធារណៈជាច្រើន ដើម្បីជួយដល់និស្សិតក្នុងការស្វែង រកក្រុមហ៊ុនបច្ចេកទេសទំនើបៗ បានចុះធ្វើកម្មសិក្សា ដើម្បីពង្រឹងជំនាញ និងចំណេះដឹង ព្រមជាមួយនឹងបទពិសោធន៍បន្ថែម។ ក្រុមហ៊ុនទាំងអស់នោះ រួមមាន amco, KTC, Kep,K-Cement និងក្រុមហ៊ុនធំៗ ដទៃផ្សេងទៀត។
ទំនាក់ទំនងអន្តរជាតិ
វិទ្យាស្ថាន ជាតិបណ្តុះបណ្តាលបច្ចេកទេស បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យជាច្រើនក្នុងសមាគមប្រជាតិសាសន៍ អាស៊ីអាគ្នេយ៍ ដែលក្នុងនោះបុគ្គលិករបស់វិទ្យាស្ថានជាច្រើននាក់ ត្រូវបានបញ្ជូនឱ្យទៅចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល ដែលឧបត្ថម្ភដោយ អង្គការ AOTS អង្គការ APO អង្គការ SEAMEO VOCTECH អង្គការនៃប្រទេសនិយមនិយាយភាសាបារាំង (La Francophonie ) អង្គការ UNESCO – UNEVOC និង សាកលវិទ្យាល័យ FRESNO រដ្ឋ California សហរដ្ឋអាមេរិក។
គោលដៅ
ផ្តល់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់សិស្ស-និស្សិតទាំងប្រុសស្រី ដើម្បីជួយពួកគេឱ្យមានលទ្ធភាព បម្រើប្រទេសជាតិ ប្រកបដោយ ភាពជឿជាក់ និងមោទនភាព។ អប់រំសិស្ស-និស្សិតទាំងប្រុសស្រី លើជំនាញវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក ស្ថាបត្យកម្ម និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ផ្ដល់ឱកាសសម្រាប់ធ្វើការស្រាវជ្រាវ ដែលផ្ដល់ផលប្រយោជន៍ដល់សង្គម និង បុគ្គលរៀបចំវគ្គសិក្សាដើម្បីផ្តល់ឱ្យសិស្ស-និស្សិត ក្រោយបញ្ចប់ការសិក្សាមានចំណេះដឹង សមត្ថភាព និងជំនាញច្បាស់លាស់ ដើម្បីបំពេញតម្រូវការផ្នែករដ្ឋបាលសាធារណៈ និង ឯកជននៅទូទាំងប្រទេស ពិសេសប្រកួតប្រជែងទីផ្សារការងារ ។ បណ្ដុះបណ្ដាលគ្រូបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ផ្គត់ផ្គង់ដល់ក្រសួង និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ ( តាមប្រព័ន្ធ TVET ដែលបត់បែន និងឆ្លើយតបតាមតម្រូវការនៃទីផ្សារការងារ។
ចក្ខុវិស័យ
ប្រែក្លាយទៅជាសាកលវិទ្យាល័យពហុបច្ចេកទេសដែលល្អប្រសើរបំផុត និងឈានមុខជាសកល លើផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ រៀបចំអភិវឌ្ឍន៍កម្មវិធីសិក្សាតាមបែបការបណ្ដុះបណ្ដាលផ្អែកលើ សមត្ថភាព សម្រាប់ការប្រើប្រាស់ក្នុងគ្រឹះស្ថាន អប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស។
បេសកកម្ម
បង្កើតឱកាសដល់ សិស្ស-និស្សិត ទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព និងសមត្ថភាព (ចំណេះដឹង ចំណេះធ្វើ និងឥរិយាបថ )។ ផ្តល់ការបណ្តុះបណ្តាលដល់សិស្ស-និស្សិត នូវជំនាញវិជ្ជាជីវៈជាក់លាក់ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការឈានចូលក្នុងទីផ្សារការងារ និងដើម្បីឲ្យពួកគេ បានសិក្សា ជំនាញឯកទេសបន្ថែមទៀត ក្នុងពេលអនាគត។ ដើម្បីផ្តល់ការបណ្តុះបណ្តាលដែលមានគុណភាពផ្អែកលើ ប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលអាចបត់បែន និងឆ្លើយតបតាមតម្រូវការទីផ្សារការងារ។
គោលបំណង
អភិវឌ្ឍន៍ កម្មវិធីសិក្សាផ្អែកលើសមត្ថភាពសម្រាប់ជនបទ និងទីក្រុង។ ផ្ដល់ការបណ្ដុះបណ្ដាលលើការគ្រប់គ្រង រដ្ឋបាល និងដំណើរការនៃ ប្រព័ន្ធអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ធ្វើសមាហរណកម្មនៃកម្មវិធីបណ្ដុះបណ្ដាលគ្រូដែលខ្វះចន្លោះ និងមានស្រាប់អោយចូលទៅក្នុងកម្មវិធីអភិវឌ្ឍន៍ បុគ្គលិក និងអប់រំគ្រូថ្នាក់ជាតិ។ រៀបចំ និងផលិតធនធានសិក្សាអោយបានត្រឹមត្រូវ និងសមស្របតាមនិយាមគរុកោសល្យ។ ធ្វើការស្រាវជ្រាវទៅលើនិន្នាការ និងនយោបាយរបស់ TVET នៅក្នុងតំបន់ និងផ្តល់អនុសាសន៍ ទៅលើទិសដៅអនាគតរបស់ TVET ដើម្បីអោយប្រាកដច្បាស់ថាមានប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សមរម្យ និងអាចបត់បែនបាន ដើម្បីបំពេញតាមតម្រូវការទីផ្សារការងារ។
ប្រភព៖ NTTI សម្រួល៖ ប៊ុណ្ណារ៉ា