- 2020-05-12 07:49:33
- ចំណេះដឹង
ក្បាច់សន្សំសំចៃលុយ ពេលប្រើម៉ាស៊ីនត្រជាក់រដូវក្ដៅ
- 2020-05-12 07:49:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បាច់សន្សំសំចៃលុយ ពេលប្រើម៉ាស៊ីនត្រជាក់រដូវក្ដៅ
ចន្លោះមិនឃើញ
អាកាសធាតុក្ដៅហួតហែងខ្លាំងពេក មានតែម៉ាស៊ីនត្រជាក់ប៉ុណ្ណោះដែលអាចជួយបាន។ ការប្រើម៉ាស៊ីនត្រជាក់ច្រើនច្បាស់ជាធ្វើឲ្យថ្លៃភ្លើងប្រចាំខែអស់ច្រើនលើសពីធម្មតាដោយសារវាប្រើប្រាស់ថាមពលភ្លើងច្រើន។ ប៉ុន្តែក្បាច់ខាងក្រោមនេះ អាចជួយសន្សំសំចៃថវិកាបានមួយកម្រិតពេលប្រើម៉ាស៊ីនត្រជាក់នារដូវក្ដៅបែបនេះ ៖
១. កុំកំណត់សីតុណ្ហភាពទាបពេក
វិទ្យាស្ថានស្រាវជា្រវ The Energy and Resources Institute របស់ឥណ្ឌាបានបង្ហាញថាបើសិនជាប្ដូរពីការកំណត់សីតុណ្ហភាព ១៨-២១ អង្សាសេ មកដល់ ២៤ អង្សាសេ អាចជួយសន្សំសំចៃថវិកាបានជិត ៥៣ដុល្លារក្នុងមួយឆ្នាំ ហើយការប្ដូរពី ១៨-២១ អង្សាសេ មកដល់ ២៧ អង្សាសេ អាចសន្សំសំចៃបាន ៨៦ដុល្លារ។ នេះបង្ហាញថាការកំណត់កម្រិតសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់គឺអាចឲ្យអ្នកសន្សំសំចៃថវិកាបាន។
ដូចនេះប្រសិនបើអាចគួរកុំកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ទាបពេកនៅពេលប្រើប្រាស់។ នៅក្នុងសេចក្ដីណែនាំស្ដីអំពីការសន្សំសំចៃថាមពលរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ក៏ណែនាំឲ្យកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ត្រឹម ២៥ អង្សាសេផងដែរ។
២. កំណត់ឲ្យបិទស្វ័យប្រវត្តិ
តាមរយៈតេឡេម៉ាស៊ីនត្រជាក់ អ្នកអាចកំណត់ឲ្យម៉ាស៊ីនត្រជាក់បិទស្វ័យប្រវត្តិនៅពេលទៀបភ្លឺ ដែលជាពេលសីតុណ្ហភាពខាងក្រៅចាប់ផ្ដើមចុះត្រជាក់ ហើយអ្នកអាចពឹងផ្អែកលើកង្ហារតែឯងបាន។
៣. ប្រើកង្ហារបន្ថែម
ម៉ាស៊ីនត្រជាក់ និងកង្ហារអាចផ្ដល់នូវប្រសិទ្ធភាពខ្ពស់បំផុតពេលដំណើរការជាមួយគ្នា។ កង្ហារអាចបាញ់ខ្យល់ត្រជាក់ដែលចេញពីម៉ាស៊ីនត្រជាក់ចំទីតាំងដែលអ្នកចង់បាន ហើយវាអាចជួយឲ្យញើសលើខ្លួនឆាប់ស្ងួត បង្កើតជាភាពត្រជាក់លើស្បែកបានយ៉ាងមានប្រសិទ្ធភាព និងលឿនបំផុត។
៤. សម្អាតតម្រងម៉ាស៊ីនត្រជាក់
ប្រសិនបើចង់សន្សំសំចៃឲ្យបានច្រើនមែននោះ ការលាងសម្អាតតម្រងម៉ាស៊ីនត្រជាក់ជាប្រចាំនឹងអាចជួយបាន។ តម្រងម៉ាស៊ីនត្រជាក់ដែលមានកកស្ទះដោយកម្ទេចធូលីច្រើន នឹងធ្វើឲ្យម៉ាស៊ីនត្រជាក់ខំធ្វើការរឹតតែខ្លាំងដើម្បីបញ្ចេញខ្យល់ត្រជាក់ ដែលចំណាយថាមពលច្រើន។ ការសម្អាតតម្រងខ្យល់នេះដែរគឺងាយស្រួលបំផុត ដែលអ្នកអាចធ្វើបានដោយខ្លួនឯង មិនពឹងពាក់អ្នកសម្អាតនោះទេ។
ខាងក្រោមនេះជាវីដេអូបង្ហាញអំពីការសម្អាតតម្រងខ្យល់នៃម៉ាស៊ីនត្រជាក់មួយប្រភេទ ៖