- 2019-08-05 04:33:46
- ចំណេះដឹង
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបួន កាន់កាប់ដោយ CEO ជនជាតិឥណ្ឌា
- 2019-08-05 04:33:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបួន កាន់កាប់ដោយ CEO ជនជាតិឥណ្ឌា
ចន្លោះមិនឃើញ
បន្ទាប់ពីក្រុមហ៊ុន Google បានរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនថ្មីដោយបង្កើតក្រុមហ៊ុនមេមួយឈ្មោះថា Alphabet អតីតនាយកប្រតិបត្តិក្រុមហ៊ុន Google ក៏បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនថ្មីនេះ។ ចំណែកឯនាយកប្រតិបត្តិថ្មីរបស់ Google ក៏បានទៅបុរសដើមកំណើតឥណ្ឌាគឺលោក Sundar Pichai។ ក្រៅពី Sundar Pichai ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ ក៏នៅមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួនបីទៀតដែលកាន់ដោយនាយកប្រតិបត្តិដែលដើមកំណើតឥណ្ឌា។
Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google
Sundar Pichai បានកើតនៅក្នុងឆ្នាំ ១៩៧២ ហើយលោកបានធំធាត់ឡើង និងសិក្សានៅក្នុង Chennai ប្រទេសឥណ្ឌា។ ក្រោយមកគាត់បន្តសិក្សាផ្នែក វិស្វកម្មនៅវិទ្យាស្ថាន Kharagpur របស់ប្រទេសឥណ្ឌាុ។ បន្ទាប់មកទៀតសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Stanford និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ Wharton។ លោក Pichai បានចូលធ្វើការក្នុងក្រុមហ៊ុន Google នៅឆ្នាំ ២០០៤ ពេលនោះលោកជាអ្នកគ្រប់គ្រង និងផលិតប្រព័ន្ធប្រតិបត្តិការ Chrome និង Chrome Browser ។ បន្ថែមទៀតនោះគាត់ក៏បានចូលរួមបង្កើតកម្មវិធីជាច្រើនទៀតដូចជា Google Maps ជាដើម។ ដល់ឆ្នាំ ២០១៣ គាត់ក៏ជាអ្នកគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការ Android ផងដែរ។ នៅក្នុងខែសីហាឆ្នាំ ២០១៥ លោក Sundar Pichai ត្រូវបានប្រកាសជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Google ជំនួសលោក Larry Page។
Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft
Nadella មានទីកំណើតនៅក្នុងទីក្រុង Hyderabad ប្រទេសឥណ្ឌា។ ភ្លាមៗពីបានបញ្ចប់ការសិក្សាថ្មាក់វិទ្យាល័យ លោក Nadella បានបន្តការសិក្សាផ្នែកវិស្វកម្មអគ្គិសនីនៅសាកលវិទ្យាល័យ Manipal របស់ឥណ្ឌា ហើយក៏បន្តទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្ត និង ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មនៅអាមេរិកបន្ថែម។ ក្នុងឆ្នាំ ១៩៩២ លោក Nadella បានចូលធ្វើនៅក្នុងក្រុមហ៊ុន Microsoft។ រហូតមកដល់ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៤ លោក Nadella ត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft។
Shantanu Narayen នាយកប្រតិបត្តិក្រុមហ៊ុន Adobe
Narayen មានទីកំណើតនៅក្នុងទីក្រុង Hyderabad ហើយលោកបានចូលសិក្សានៅក្នុងសាកលវិទ្យាល័យ Osmania ផ្នែកវិស្វកម្ម។ ក្រោយមកគាត់បានបន្តការសិក្សានៅសាកលវិទ្យាល័យ California, Berkeley ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅសាកលវិទ្យាល័យ Bowling Green State ។ បើទោះបីជាគាត់បានចាប់ផ្ដើមធ្វើការនៅក្នុងក្រុមហ៊ុន Apple មុនក៏ដោយ តែក្រោយគាត់ក៏បានចាប់ផ្ដើមអាជីពថ្មីរបស់ខ្លួននៅក្នុងក្រុមហ៊ុនផលិត Software ធំមួយគឺ Adobe នៅក្នុងឆ្នាំ ១៩៩៨។ នៅដើមឆ្នាំ ២០០០ គាត់បានកាន់កាប់តួនាទីសំខាន់មួយចំនួនក្នុងផ្នែកផលិត និងស្រាវជ្រាវផលិផល រួមទាំងជាអនុប្រធានផ្នែកផលិតផលទូទាំងពិភពលោកថែមទៀតផង។
រហូតមកដល់ឆ្នាំ ២០០៧ គាត់ក៏ត្រូវបានតែងតាំងជា ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) និងជាប្រធានដែលគ្រប់គ្រងនាយកដ្ឋានជាច្រើនដូចជាប្រតិបត្តិការជាសកល, ផ្នែកផលិត និងស្រាវជ្រាវផលិតផល។ នៅថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០០៧ ក្រុមហ៊ុន Adobe បានចេញផ្សាញសេចក្ដីប្រកាសព័ត៌មានពីការចុះចេញរបស់លោកអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Adobe លោក Bruce Chizen ជំនួសដោយលោក Shantanu Narayen ជា នាយកប្រតិបត្តិថ្មីវិញ។
Rajeev Suri នាយកប្រតិបត្តិក្រុមហ៊ុន Nokia
Rajeev Suri បានកើតនៅឆ្នាំ ១៩៦៧ នៅក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា។ ចំពោះការសិក្សាវិញ Rajeey Suri បានសិក្សាផ្នែកអេឡិចត្រូនិក និង វិស្វកម្មនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យា Manipal ក្នុងប្រទេសឥណ្ឌា។ នៅឆ្នាំ ១៩៩៥ គាត់បានចូលធ្វើការនៅក្នុងក្រុមហ៊ុន Nokia ។ ដោយមានជំនាញច្រើនផ្នែកបច្ចេកវិទ្យា Rajeev Suri បានកាន់កាប់តួនាទីជាប្រធានផ្នែកសំខាន់ៗជាច្រើន។ នៅថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០១៤ លោក Suri ក៏ត្រូវបានតែងតាំងជា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nokia៕
ចុចអាន៖