- 2019-06-27 03:58:59
- ព័ត៌មាន
មកស្គាល់វាគ្មិនជំនាញ ៤ រូបក្នុងកម្មវិធី កិច្ចសន្ទនាកម្ពុជាឧស្សាហកម្ម ៤.០
- 2019-06-27 03:58:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់វាគ្មិនជំនាញ ៤ រូបក្នុងកម្មវិធី កិច្ចសន្ទនាកម្ពុជាឧស្សាហកម្ម ៤.០
ចន្លោះមិនឃើញ
មជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជា បានរៀបចំកម្មវិធីកិច្ចសន្ទនា កម្ពុជាឧស្សាហកម្ម ៤.០ ដែលនឹងជាវេទិកាមួយ រួមចំណែកក្នុងដំណើរកម្ពុជាឆ្ពោះទៅរកយុគសម័យថ្មីនៃបច្ចេកវិទ្យាឧស្សាហកម្ម ៤.០។
ចង់ដឹងថា តើកិច្ចសន្ទនានេះនឹងមានភាពពិសេសប្លែកបែបណានោះ កុំភ្លេចចូលរួមកិច្ចសន្ទនាដ៏ពិសេសនេះជាមួយ Idol វាគ្មិនកិត្តិយស ៤ រូបនិងអ្នកសម្របសម្រួលក្នុងកម្មវិធីនៅ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅសាលមហោស្រព Black Box ស្ថិតក្នុងបរិវេណសាលាអន្តរជាតិភ្នំពេញ ISPP ចាប់ពីម៉ោង ២ រសៀលដល់ម៉ោង ៤ ល្ងាច។
អ្នកសម្របសម្រួលក្នុងកម្មវិធី៖
លោកសោម រតនា គឺជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាទីប្រឹក្សាសម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ពីឆ្នាំ២០១៣មកលោកសោម រតនា បានបំពេញតួនាទី ជាប្រធានផ្នែកទំនាក់ទំនងសាធារណៈសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
ក្នុងអាជីពវិជ្ជាជីវៈ លោកក៏ធ្លាប់ជាសាស្រ្តាចារ្យបង្រៀនផ្នែកច្បាប់ និងក្រមសីលធម៌នៃប្រព័ន្ធផ្សព្វផ្សាយ ទំនាក់ទំនងសាធារណៈ និងទំនាក់ទំនងនយោបាយ។ល។ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ដែលក្រោយមកស្ថិតក្រោមការដឹកនាំរបស់ឯកឧត្ដមចាប់ពីឆ្នាំ២០១២ ដល់ ២០១៦។
ក្នុងពេលបច្ចុប្បន្នលោក សោម រតនា កំពុងបន្តការសិក្សាថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រង ក្រោមកម្មវិធីអាហារូបករណ៍របស់ Erasmus Plus។
វាគ្មិនជំនាញ ៤ រូបក្នុងកម្មវិធី៖
- ១) លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា។ លោកស្រី ចម និម្មល គឺជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា។
មុនតំណែងបច្ចុប្បន្ន លោកស្រី ចម និម្មល បានបម្រើការក្នុងការងារក្រសួងពាណិជ្ជកម្មជិត២០ឆ្នាំមកហើយ ជាអនុរដ្ឋលេខាធិការ និងជានាយិកាខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ការងាររបស់លោកស្រី បានគ្របដណ្ដប់គ្រប់ទិដ្ឋភាពទាំងអស់នៅក្នុងគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងពាណិជ្ជកម្ម ជាពិសេសគំនិតផ្ដួចផ្ដើមសមាហរណកម្មនៃក្របខណ្ឌអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក។
ក្នុងតួនាទីជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា លោកជំទាវ ចម និម្មល បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម ជាពិសេសជាមួយយុវជន និងកិច្ចការមនុស្សធម៌។ លោកស្រី បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងវិទ្យាសាស្ត្រសង្គម ពីសហរដ្ឋអាមេរិក។
- ២) លោក អ៊ុង លុយណា គឺជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាអគ្គលេខាធិការរងនៃលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំឯកសារគោលនយោបាយគន្លឹះៗរួមមាន យុទ្ធសាស្ត្រចតុកោណ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងកំពុងចូលរួមក្នុងការរៀបចំគោលនយោបាយរយៈពេលវែងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។
លោក បានទទួលបានបរិញ្ញាប័ត្ររដ្ឋបាលអាជីវកម្ម ផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ពីសាកលវិទ្យាល័យជាតិអូស្ត្រាលី។
- ៣) លោក ជី សិលា គឺជានាយកប្រតិបត្តិ និងជាស្ថាបនិករបស់សប្បាយឌីជីថលគ្រុប ដែលជាក្រុមហ៊ុនកម្សាន្តឌីជីថលអនឡាញឈានមុខគេនៅកម្ពុជា និងមានភាគហ៊ុនលើផ្នែកព័ត៌មាន របៀបរស់នៅ ហ្គេមអនឡាញភាពយន្ត កម្មវិធីទូរស័ព្ទ រួមនឹងកម្មវិធីអេឡិចត្រូនិចផ្សេងៗទៀត។
លោក គឺជាសមាជិកគណៈកម្មការរបស់ក្រុមហ៊ុន Sabay MVP និង Major Cineplex និងជាប្រធានស្ថាបនិករបស់សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI) និងជាសមាជិកក្រុមប្រឹក្សាភិបាលជាតិរបស់ AIESEC ប្រចាំកម្ពុជា។
- ៤) លោក Steven Path គឺជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Pathmazing ដែលជាក្រុមហ៊ុន Software Development ឈានមុខគេនៅកម្ពុជា។
លោកមានបទពិសោធន៍ជាង ៣០ ឆ្នាំ នៅក្នុងភាពជាអ្នកដឹកនាំ និងវិស័យនវានុវត្តន៍បច្ចេកវិទ្យា ដែលក្នុងនោះលោកបានចំណាយ ២០ ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក។
លោក ក៏ជាសហស្ថាបនិកក្រុមហ៊ុន EmergingSoft និងជាសហស្ថាបនិកនៅក្នុងស៊េរីក្រុមហ៊ុនព័ត៌មានវិទ្យាដែលបានផ្តល់សេវាពិគ្រោះយោបល់ និងភាពជាអ្នកដឹកនាំផ្នែក IT ដល់ក្រុមហ៊ុនធំៗទាំង ១០០ (Fortune 100 companies)។
ទម្រង់កម្មវិធី៖
កម្មវិធីធ្វើឡើងក្នុងទម្រង់ជាកិច្ចសន្ទនា ដែលនឹងធ្វើឡើងជា ២ ដំណាក់កាល កិច្ចសន្ទនារវាងវាគ្មិន និងអ្នកសម្របសម្រួលរយៈពេល ៤៥ នាទី វគ្គសំណួរ-ចម្លើយរវាងវាគ្មិន អ្នកសម្របសម្រួលនិងអ្នកចូលរួមរយៈពេល ៤៥ នាទី
*បញ្ជាក់៖ ខ្លឹមសារទាំងស្រុងនៃកិច្ចពិភាក្សា គឺជាគំនិតនិងការយល់ឃើញផ្ទាល់របស់អ្នកសម្របសម្រួល វាគ្មិន និងអ្នកចូលរួមក្នុងកិច្ចសន្ទនា និងមិនបានឆ្លុះបញ្ជាំងអំពីទស្សនៈ គោលជំហរ ឬគោលការណ៍របស់កម្មវិធី និងស្ថាប័នសាមីឡើយ៕