- 2019-05-22 03:08:22
- ប្រវត្តិបច្ចេកវិទ្យា
ក្រុមហ៊ុនទូរសព្ទ ២ ចង់តតាំងជាមួយ Android ប៉ុន្តែបរាជ័យយ៉ាងដំណំ
- 2019-05-22 03:08:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនទូរសព្ទ ២ ចង់តតាំងជាមួយ Android ប៉ុន្តែបរាជ័យយ៉ាងដំណំ
ចន្លោះមិនឃើញ
ក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុន Google បានបញ្ចេញប្រព័ន្ធប្រតិបត្តិការលើទូរសព្ទដំបូងរបស់ខ្លួន ដែលបានប្រើឈ្មោះថា Android មួយឆ្នាំក្រោយពី Apple បញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS។ កកើតដំបូង Android មានគូប្រជែងខ្លាំងៗជាច្រើនដូចជា Symbian របស់ Nokia ដែលវាយលុកទីផ្សារខ្លាំង និង BlackBerry OS ជាដើម។
យ៉ាងណាក្ដីនៅឆ្នាំ ២០១១ ប្រព័ន្ធ Android បានរីកលូតលាស់ធំឡើងៗ រហូតក្លាយជាប្រព័ន្ធប្រតិបត្តិការពេញនិយមបំផុតមួយលើស្មាតហ្វូន និងនៅតែខ្លាំងមកទល់បច្ចុប្បន្ននេះ។ ការរីកចម្រើនរបស់ Android គឺដោយសារប្រព័ន្ធនេះបើកចំហដល់ក្រុមហ៊ុនស្មាតហ្វូនដទៃទៀត ដែលត្រូវការវា ដូចជា Samsung, HTC និង LG ជាដើម។
យ៉ាងណាក៏ដោយ មានក្រុមហ៊ុនមួយចំនួនមិនព្រមចាប់ដៃជាមួយ Android នោះឡើយ ដោយព្យាយាមអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ឬ បង្កើតប្រព័ន្ធប្រតិបត្តិការថ្មីដើម្បីប្រជែងនឹង Google។
ក្រោយពីការព្យាយាមពង្រឹងប្រព័ន្ធប្រតិបត្តិការ Symbian ហើយមិនបានផលគាប់ប្រសើរ Nokia ក៏សម្រេចលក់ជំនួញខ្លួនឲ្យ Microsoft និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Phone ជំនួសវិញ។ ទោះយ៉ាងណាប្រព័ន្ធប្រតិបត្តិការនេះក៏មិនបានលទ្ធផលល្អប៉ុន្មានដែរ ដែលធ្វើឲ្យជំនួញម៉ាកទូរសព្ទ Nokia ដាំក្បាលចុះ។
រឹងទទឹងលែងបាន Nokia ក៏សម្រេចចិត្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជាលើកដំបូងនៅឆ្នាំ ២០១៤ ដោយចាប់ផ្ដើមជាមួយ Nokia X Series ដោយមានការផ្លាស់ប្ដូរ Interface ឲ្យស្រដៀងនឹង Windows Phone។ Nokia X Series មិនបានជួយឲ្យជំនួញរីកចម្រើន បែរជាធ្វើឲ្យជួបវិបត្តិ និងសម្រេចលក់បន្តឲ្យក្រុមហ៊ុន HMD Global កាន់កាប់ម៉ាក Nokia នេះវិញ។
ស្រដៀងនឹង Nokia ដែរ BlackBerry បានសម្រេចចិត្តប្រកួតនឹង Android និង iOS ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ BlackBerry របស់ខ្លួន ប្រើជាមួយទូរសព្ទ BlackBerry Touch Series ដែលចេញឆ្នាំ ២០១០។ ប៉ុន្តែទូរសព្ទនេះមិនអាចប្រកួតប្រជែងនឹង iPhone 4, Motorola Droid X ឬ HTC Evo ដែលចេញដំណាលគ្នាបាននោះទេ។
នៅឆ្នាំ ២០១៣ ក្រុមហ៊ុនសម្រេចធ្វើការកែប្រែប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ដោយឲ្យឈ្មោះថា BlackBerry 10។ ប្រព័ន្ធថ្មីនេះអាចដំឡើងកម្មវិធី Android ពីខាងក្រៅបាន ប៉ុន្តែដំណើរការរាងស្មុគស្មាញ និងមិនសូវដំណើរការស្រួល ហើយក្រុមហ៊ុនក៏បិទប្រព័ន្ធនេះចោលនៅឆ្នាំ ២០១៦។ ក្រោយមកទៀត BlackBerry បានផ្លាស់ប្ដូរម្ចាស់ ដោយប្រើ Android ជំនួសវិញ ដែលបានបង្កើនចំនួនលក់ និងទាក់ទាញអ្នកប្រើបានច្រើន។
ងាកមក Samsung វិញទទូលបានជោគជ័យក៏ដោយសារការប្រើប្រាស់ Android នេះដែរ ប៉ុន្តែក្រុមហ៊ុនក៏គិតចង់កាត់បន្ថយការពឹងផ្អែកលើ Google ផងដែរ។ នៅឆ្នាំ ២០០៩ ក្រុមហ៊ុនបានបញ្ចេញទូរសព្ទម៉ូដែល Waves ប្រើប្រព័ន្ធប្រតិបត្តិការ Bada ដែលបង្កើតដោយខ្លួនឯង។ នៅឆ្នាំ ២០១៣ ក្រុមហ៊ុនបានបន្តបញ្ចេញស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Tizen ដំណាលគ្នាជាមួយនឹងស្មាតហ្វូនប្រើ Android។
យ៉ាងណាក្ដីស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការ Tizen មិនជាសូវទទួលបានការស្វាគមន៍ពីទីផ្សារប៉ុន្មានឡើយ ហេតុនេះទើប Samsung ផ្ដោតលើស្មាតហ្វូន Android ជំនួសវិញ។ ប៉ុន្តែចំពោះ Smart Watch និង Smart TV របស់ Samsung គឺប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Tizen ដោយមិនពឹងផ្អែកលើ Google ដូចក្រុមហ៊ុនដទៃឡើយ។
បច្ចុប្បន្ននេះ Android មានទីផ្សារ ៨៥% និងសេសសល់ ១៥% គឺជាចំណែករបស់ iOS ហើយគ្មានសេសសល់ចំណែកសម្រាប់ប្រព័ន្ធប្រតិបត្តិការដទៃឡើយ។ នេះផ្អែកតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវ IDC៕
ចុចអាន៖