- 2018-05-31 03:01:48
- ប្រវត្តិបច្ចេកវិទ្យា
ឧក្រិដ្ឋកម្មអ៊ីនធឺណិតធំបំផុតទាំង ៥ ក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិគ្មានថ្ងៃភ្លេច
- 2018-05-31 03:01:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧក្រិដ្ឋកម្មអ៊ីនធឺណិតធំបំផុតទាំង ៥ ក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិគ្មានថ្ងៃភ្លេច
ចន្លោះមិនឃើញ
តាំងតែពីចាប់ផ្ដើមមានការបង្កើតឲ្យមានគេហទំព័រ (World Wide Web) នាឆ្នាំ ១៩៨៩ មកមនុស្សរាប់ពាន់លាននាក់ក្នុងពិភពលោកចាប់ផ្ដើមប្រាស្រ័យទាក់ទងគ្នា និងផ្ទុកទិន្នន័យផ្ទាល់ខ្លួននៅលើកុំព្យូទ័រផ្ទាល់ និងបណ្ដាញអ៊ីនធឺណិតផងដែរ។ ប្រការនេះ បានធ្វើឲ្យមានបទល្មើសនានា នៅលើប្រព័ន្ធ អ៊ីនធឺណិតបានកើតឡើងជារឿយៗ ដោយសារវាអាចប្រព្រឹត្តឡើងលើមនុស្សច្រើនរាប់លានអ្នកក្នុងពេលតែមួយ និងទទួលបានផលច្រើនពីការធ្វើបទល្មើសនោះ។
ខាងក្រោមនេះជាបទល្មើសដ៏ធំបំផុត នៅលើអ៊ីនធឺណិតក្នុងប្រវត្តិសាស្ត្រសកលលោក៖
១. មេរោគ WannaCry ក្នុងឆ្នាំ ២០១៧
មេរោគនេះជាប្រភេទ Ransomware ដែលផ្ទុះឡើងនៅឆ្នាំ ២០១៧។ វាឆ្លងតាមរយៈ Email ដែលមានផ្ទុកមេរោគនេះ ក្នុងទម្រង់ជាឯកសារ។ ពេលអ្នកប្រើប្រាស់ចុចចូលទៅ WannaCry នឹងជ្រាបចូលក្នុងកុំព្យូទ័ររបស់អ្នក ហើយវានឹងបិទមិនឲ្យអ្នកចូលយកឯកសាររបស់ខ្លួនបានវិញឡើយ ដរាបណាអ្នកមិនបង់លុយនោះ។ តាមរបាយការណ៍មានកុំព្យូទ័រជាង ៣០០ ០០០ គ្រឿងបានរងគ្រោះ តែសំណាងល្អ ដែលមានអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពវ័យ ២២ ឆ្នាំម្នាក់បានរកឃើញវិធីដើម្បីសម្លាប់មេរោគនេះចេញពីកុំព្យូទ័របាន។
២. ការលួចយកលុយជាង ៨៦៤ លានដុល្លារពីធនាគារជុំវិញពិភពលោក ក្នុងឆ្នាំ ២០១៥
វាចាប់ផ្ដើមតាំងតែពីឆ្នាំ ២០១៣ មក ដោយមានការវិវត្តក្នុងបច្ចេកវិទ្យាខ្លាំង ក្រុម hackers របស់ប្រទេសរុស្សី បានលួចយកលុយពីជាង ១០០ ស្ថាប័ននៅជុំវិញពិភពលោក។ ពួកគេបានលួចចូលក្នុងប្រព័ន្ធរបស់ស្ថាប័នហិរញ្ញវត្ថុទាំងនោះ ហើយទាញយកព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់។ បន្ទាប់មក គេអាចធ្វើប្រតិបត្តិការក្លែងក្លាយបានដោយជោគជ័យ និងអាចដកលុយតាមទូ ATM នានានៅជុំវិញពិភពលោកដោយមិនប្រើកាតទៀតផង។ ទម្រាំតែការលួចរយៈពេល ២ ឆ្នាំនេះត្រូវបានបញ្ចប់ ស្ថាប័នហិរញ្ញវត្ថុទាំងនោះខាតបង់ប្រាក់ជាង ៨៦៤ លានដុល្លារឯណោះ។
៣. ការលួចទិន្នន័យឯកជនជាចង្កោម ក្នុងឆ្នាំ ២០១៥
នៅចុងឆ្នាំ ២០១៥ មនុស្ស ៣នាក់ត្រូវបានចោទប្រកាន់ពីបទលួចយកព័ត៌មានឯកជនទៅធ្វើអាជីវកម្មដោយខុសច្បាប់។ ការលួចនោះចាប់ផ្ដើមឡើងក្រៅប្រទេស អ៊ីសា្រអែល ពួកគេអាចលួចយកទិន្នន័យអ្នកប្រើប្រាស់នានា ហើយលក់វាទីក្នុងទីផ្សារ។ ពួកគេក៏បានលួចព័ត៌មានផ្ទៃក្នុងរបស់ក្រុមហ៊ុននានា ដើម្បីក្រឡុកទីផ្សារភាគហ៊ុនបានយ៉ាងងាយផងដែរ។ គេបានប៉ាន់ប្រមាណថា ពួកគេទាំង ៣ រកលុយបានរាប់រយលានដុល្លារពីការលួចយកទិន្នន័យនេះទៅលក់ ដោយក្នុងនោះ មាន ៨៣លានគណនី ជារបស់ក្រុមហ៊ុន JP Morgan and Chase Co ដែលជាក្រុមហ៊ុនវិនិយោគក្នុងទីផ្សារហ៊ុនដ៏ធំរបស់អាមេរិក។
៤. ក្រុមហ៊ុន SONY ត្រូវបានគេធ្វើស៊ី នាឆ្នាំ ២០១៤
ក្រុម hackers ដែលមានឈ្មោះថា Guardians of Peace (GOP) ជាអ្នកនៅពីក្រោយខ្នងក្នុងការប្រើមេរោគ លួចយកទិន្នន័យរបស់ក្រុមហ៊ុន SONY ទំហំជាង ១០០ តេរ៉ាបៃ (TB)។ តាមពិតទៅ រឿងនេះកើតឡើងដោយសារក្រុមហ៊ុន SONY គ្រោងនឹងបញ្ចេញរឿង The Interview ដែលជាប់ពាក់ព័ន្ធនឹងមេដឹកនាំកូរ៉េខាងជើង Kim Jong-un ហើយតួមេដឹកនាំត្រូវស្លាប់នៅចុងរឿង អាចជាហេតុឲ្យមានភាពចម្រូងចម្រាស់កើតឡើង។ ដូចនេះ គេសន្និដ្ឋានថាក្រុម GOP នេះ មានរដ្ឋាភិបាលកូរ៉េខាងជើងនៅពីខាងក្រោយខ្នង។
៥. គណនីក្រុមហ៊ុន YaHoo ជាងមួយពាន់លានត្រូវបានគេលួច នាឆ្នាំ ២០១៣
គណនីជាង ១ពាន់លានរបស់ក្រុមហ៊ុន YaHoo ត្រូវបានគេលួចយកព័ត៌មានដូចជាឈ្មោះ លេខទូរសព្ទ លេខសម្ងាត់ និង Email ជាដើម។ សំណាងល្អ ព័ត៌មានទាក់ទងនឹងគណនីធនាគារ ដែលភ្ជាប់នឹងគណនីធនាគារនោះមិនត្រូវបានគេលួចយកឡើយ។ ព័ត៌មានលេចធ្លាយនេះ ទើបតែលេចចេញនាឆ្នាំ ២០១៦ នេះតែប៉ុណ្ណោះ បន្ទាប់ពីមានការបែកធ្លាយពីការលួចព័ត៌មានឯកជនជាលើកទី ២ ក្នុងឆ្នាំ ២០១៤ ដែលលើកនេះមានជាង ៥០០ លានគណនី។
ចុចអាន៖