• 2018-01-17 01:20:40
  • ព័ត៌មាន

មើល​ទូរទស្សន៍​នៅ​ទី​ងងឹត អាច​ប៉ះពាល់ភ្នែក​ ពិត​ជា​ចឹង​មែន​អត់?

  • 2018-01-17 01:20:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ថា​ការ​មើល​ទូរទស្សន៍​នៅ​ទី​ងងឹត​អាច​បង្ក​បញ្ហា​ដល់​ភ្នែក​របស់​យើង​ជា​​ធ្ងន់ធ្ងរ។ យោង​តាម​អ្នក​ជំនាញ​ពី​ស្ថាប័ន LRC នៃ​វិទ្យាស្ថាន Rensselaer Polytechnic បាន​បដិសេធ​ជុំវិញ​មតិ​មួយ​នេះ ដោយ​វា​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​ស្រវាំង​ភ្នែក​ធម្មតា​និង​ឈឺ​ក្បាល​បន្តិចបន្តួច​ប៉ុណ្ណោះ។

ការ​សិក្សា​បាន​ប្រមូល​នូវ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ទស្សនា​ខ្សែ​ភាពយន្ត​លើ​ទូរទស្សន៍​អេក្រង់​លាត ដោយ​ពាក់​កណ្ដាល​នៃ​ពួក​គេ អង្គុយ​មើល​នៅ​ទីតាំង​ងងឹត ហើយ​ចំណាយ​ពេល​មួយ​ម៉ោង​ទៀត​អង្គុយ​មើល​នៅ​ទីតាំង​ភ្លឺ ស្រប​ពេល​មួយ​ក្រុម​ទៀត​ធ្វើ​របៀប​នេះ​តែ​បញ្ច្រាស​ពី​គ្នា (មើល​ភ្លឺ​មុន​ងងឹត​ក្រោយ)។​

ក្រោយ​ពេល​បញ្ចប់​អ្នក​ស្ម័គ្រចិត្ត​ទាំង​អស់​ត្រូវ​បាន​ហៅ​ចូល​ឲ្យ​ឆ្លើយ​តប​នូវ​អ្វី​ដែល​បាន​ឃើញ តាម​រយៈ​ការ​ចុច​ប៊ូតុង ក្នុង​គោលដៅ​ឲ្យ​អ្នក​ស្រាវជ្រាវ​គ្រប់គ្រង​និង​កត់​សម្គាល់​ពី​ដំណើរការ​ខួរក្បាល​ចាប់​តាំង​ពី​មុន​មើល​និង​មើល​ទូរទស្សន៍​រួច​ហើយ។ ទៀត​សោត​ក៏​សួរ​នាំ​ពួក​គេ​ពី​កម្រិត​នៃ​ពន្លឺ​ជះ​ពី​ទូរទស្សន៍​ថា​ប៉ះពាល់​ខ្លួន​គេ​ប៉ុណ្ណា។​

សេចក្ដី​សន្និដ្ឋាន​ជា​រួម​ពិត​ណាស់​ដែល​ការ​មើល​ទូរទស្សន៍​នៅ​ទីតាំង​មាន​ពន្លឺ​គ្រប់គ្រាន់​កាត់​បន្ថយ​បញ្ហា​ស្រវាំង​ភ្នែក តិច​ជាង​ការ​មើល​នៅ​ទី​ងងឹត មួយ​វិញ​ទៀត​សោត​ក៏​បញ្ចៀស​អ្នក​ពី​បញ្ហា​អស់​កម្លាំង, នឿយហត់, ឆាប់​ងងុយ​គេង ប៉ុន្តែ​ពុំ​សង្កេត​ឃើញ​ការ​កើត​ឡើង​នូវ​ជំងឺ​ឬ​បញ្ហា​ធំដុំ​ណា​មួយ​ដូច​ទម្លាប់​នៃ​ការ​លើក​ឡើង​របស់​មនុស្ស​រាល់​គ្នា​នា​ពេល​កន្លង​មក​នោះ​ទេ។

យ៉ាងណាមិញ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​ស្វែងយល់​ឲ្យ​ស៊ី​ជម្រៅ​ពី​បញ្ហា​ស្រវាំងភ្នែក ដោយ​អ្នក​ជួប​បញ្ហា​នេះ​នឹង​បង្ហាញ​អាការៈ​ដូច​ជា​ហូរ​ទឹក​ភ្នែក, ភ្នែក​ឡើង​កម្ដៅ, វិល​មុខ, មើល​ទៅ​អ្វី​មួយ​មាន​សភាព​ព្រិល និង​កម្រិត​ប្រែប្រួល​របស់​ពន្លឺ​ផ្លាស់ប្ដូរ​ខុស​ប្រក្រតី​ជា​ដើម។ ប៉ុន្តែ​វា​គ្រាន់​ជា​បញ្ហា​ដែល​កើត​ឡើង​ក្នុង​រយៈ​ពេល​តូច​មួយ​ប៉ុណ្ណោះ នៅ​ពេល​ដែល​អ្នក​សម្រាក​សភាព​ភ្នែក​នឹង​ប្រែ​មក​ធម្មតា​វិញ។​​

បន្ថែម​ពី​នេះ​ប្រភព​ដដែល​ក៏​បង្ហាញ​ស្រដៀង​គ្នា​ការ​អង្គុយ​មើល​ទូរទស្សន៍​ជិត​ពេក និង​អាន​សៀវភៅ​នៅ​ទីតាំង​ខ្សោយ​ពន្លឺ​សុទ្ធ​តែ​ពុំ​បាន​បង្ក​បញ្ហា​ដល់​ភ្នែក​ធ្ងន់ធ្ងរ​អ្វី​ទាំង​អស់ ផ្ទុយ​ទៅវិញ​ត្រឹម​ធ្វើ​ឲ្យ​អ្នក​អាន​មាន​អារម្មណ៍​ឈឺ​ក្បាល ម្ល៉ោះ​ទើប​មាន​ការ​ណែនាំ​ក្នុង​ករណី​មិន​ចាំបាច់​អ្នក​ក៏​គួរ​តែ​ទស្សនា​នៅ​ទីតាំង​មាន​ពន្លឺ​គ្រប់គ្រាន់​ឬ​ក្បែរ​មាត់​បង្អួច​ល្អ​ជា​ជាង។​

ប្រភព: https://www.drweil.com/health-wellness/body-mind-spirit/vision/can-watching-tv-in-the-dark-hurt-your-eyes/

https://www.rebuildyourvision.com/blog/interesting-vision-facts/bad-eyes-watch-television-dark/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ drweil | rebuildyourvision ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់