• 2017-07-21 03:16:22
  • ចំណេះដឹង

iPhone ធ្វើនៅ​ប្រទេស​ចិន? គិត​ខុស​ហើយ!

  • 2017-07-21 03:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​ទិញ​ iPhone, iPod ឬ ផលិតផល​ Apple ដទៃ​ទៀត​ប្រហែល​ជា​ឃើញ​នៅ​លើ​ប្រអប់​ និង ផ្នែក​ខាង​ក្រោយ​នៃ​ឧបករណ៍​មាន​សរសេរ​ពាក្យ​ថា​ "Designed by Apple in California” មាន​ន័យ​ថា​រចនា​ដោយ​ Apple នៅ​រដ្ឋ California។ ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា​​​វា​ជា​ទីតាំង​ផលិត​​ផលិតផល​ទាំង​នោះ​ឡើយ ហើយ​ដើម្បី​ឆ្លើយ​សំនួរ​សួរ​ថា​ iPhone ផលិត​នៅ​ឯណា​​គឺ​ស្មុគស្មាញ​បន្តិច។

ពេល​សិក្សា​ថា​ Apple ផលិត​ iPhone នៅ​ឯណា​​មាន​ចំណុច​គួរ​ពិចារណា​ពីរ​ដែល​ស្ដាប់​ទៅ​​ន័យ​ស្រដៀង​គ្នា​ ប៉ុន្តែ​តាម​ពិត​គឺ​ខុស​គ្នា ៖ ​ការ​ផលិត និង ការ​ដំឡើង។ ​

ការ​ផលិត​ជា​ដំណើរ​ការ​​នៃ​ការ​ធ្វើ​គ្រឿង​បន្លាស់​ដែល​សម្រាប់​ប្រើ​ផ្គុំ​ចេញ​ជា iPhone។ ត្បិត​ថា​ Apple ​ជា​អ្នក​ឌីហ្សាញ​ និង ជា​អ្នក​លក់​ iPhone ប៉ុន្តែ​មិន​មែន​ជា​អ្នក​ផលិត​គ្រឿង​បន្លាស់​របស់​ iPhone ឡើយ។ ផ្ទុយ​ទៅវិញ​ Apple បាន​ពឹង​ផ្អែក​លើ​​ក្រុមហ៊ុន​ផលិត​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ផលិត​គ្រឿង​បន្លាស់​ឲ្យ​ខ្លួន។ ក្រុមហ៊ុន​ផលិត​​នីមួយៗ​មាន​ជំនាញ​លើ​ការ​ផលិត​គ្រឿង​បន្លាស់​ខុសៗ​គ្នា​ដូច​ជា​​អ្នក​ជំនាញ​កាមេរ៉ា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ផលិត​កាមេរ៉ា ហើយ​អ្នក​ជំនាញ​ខាង​អេក្រង់​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ផលិត​អេក្រង់​ជា​ដើម។

ដោយ​ឡែក​ចំពោះ​ការ​ដំឡើង​វិញ​ជា​ដំណើរ​ការ​នៃ​ការ​ប្រមូល​យក​គ្រឿង​បន្លាស់​នីមួយៗ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជំនាញ​ រួម​បញ្ចូល​វា​ឲ្យ​ក្លាយ​ទៅ​ជា​ iPhone ​មួយ​ដែល​អាច​ដំណើរ​ការ​បាន។

ដោយ​សារ​តែ​ក្រុមហ៊ុន​ផលិត​គ្រឿង​បន្លាស់​ iPhone មាន​ដល់​ទៅ​រាប់​រយ​ក្រុមហ៊ុន​ ហេតុ​នេះ​មិន​អាច​ទៅ​រួច​ទេ​បើ​ចង់​រៀប​រាប់​ឈ្មោះ​ក្រុមហ៊ុន​ដែល​ផលិត​គ្រឿង​បន្លាស់​​មាន​លើ iPhone ទាំង​អស់​នោះ។ វា​ក៏​ពិបាក​នឹង​រៀបរាប់​ពី​ទីតាំង​​​រោងចក្រ​ដែល​ក្រុមហ៊ុន​ផលិត​បាន​ប្រើ​សម្រាប់​ផលិត​​ដែរ ព្រោះ​ពេល​ខ្លះ​ក្រុមហ៊ុន​មួយ​ផលិត​គ្រឿង​បន្លាស់​តែ​មួយ​នៅ​រោងចក្រ​ជា​ច្រើន។

អ្នក​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​​សំខាន់​​សម្រាប់​ iPhone 5s, 6, 6s, 7 និង 7 Plus រួម​ទាំង​ទីតាំង​ក្រុមហ៊ុន​របស់​ពួក​គេ​រួម​មាន​ដូច​ខាង​ក្រោម៖

@ Sensor ប៉ារ៉ាម៉ែត្រ ៖​ ក្រុមហ៊ុន ​Bosch Sensortech មាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់ និង មាន​សាខា​​​ក្នុង​ប្រទេស​ចិន, សហរដ្ឋអាមេរិក, ​កូរ៉េ​ខាងត្បូង, ជប៉ុន និង តៃវ៉ាន់។

@ សៀគ្វី​សំឡេង ៖ ក្រុមហ៊ុន Cirrus Logic​ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង មាន​សាខា​ក្នុង​ចក្រភព​អង់គ្លេស, ចិន, កូរ៉េ​ខាងត្បូង, តៃវ៉ាន់, ជប៉ុន និង សិង្ហបុរី។

@ ថ្ម ៖ ​ក្រុមហ៊ុន Huizhou Desay មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។

@ ថ្ម ៖ ​ក្រុមហ៊ុន Samsung មាន​​នៅ​កូរ៉េ​ខាងត្បូង និង មាន​សាខា​ក្នុង​ប្រទេស​ចំនួន​ ៨០ ផ្សេង​ទៀត។

​​​​​​​​@ បង្គំ​កាមេរ៉ា​ភ្លោះ ៖ LG មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាង​ត្បូង ដោយ​មាន​សាខា​នៅ​ប្រទេស​ប៉ូឡូញ និង ចិន។

​​​​​​​@ បង្គំ​កាមេរ៉ា​ធម្មតា ៖ Sony មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន និង សាខា​តាម​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត។

​​​​​​@ បង្គំ​កាមេរ៉ា​ធម្មតា ៖ Qualcomm មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ដែល​មាន​សាខា​តាម​ប្រទេស​អូស្ត្រាលី, ប្រេស៊ីល, ចិន, ឥណ្ឌា, ឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េ​ខាងត្បូង និង មាន​សាខា​ជា​ច្រើន​​ក្នុង​តំបន់​អឺរ៉ុប និង អាមេរិក​ឡាទីន។

​@ ឈីប​សម្រាប់​ប្រព័ន្ធ​ 3G/4G/LTE ៖ Qualcomm និង Intel មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។

@ Sensor ត្រីវិស័យ ៖ AKM Semiconductor មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន និង មាន​សាខា​ក្នុង​សហរដ្ឋអាមេរិក, បារាំង, អង់គ្លេស, ចិន, កូរ៉េ​ខាងត្បូង និង តៃវ៉ាន់។

@ កញ្ចក់​ការពារ​អេក្រង់ ៖ Corning មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ជា​មួយ​នឹង​សាខា​ក្នុង​ប្រទេស​អូស្ត្រាលី, បែលហ្ស៊ិក, ប្រេស៊ីល និង ក្នុង​ប្រទេស​ជា​ច្រើន​ទៀត។

@ Flash Memory ៖ Samsung និង Toshiba ដែល​មាន​មូលដ្ឋាន​នៅ​ជប៉ុន និង សាខា​ក្នុង​ប្រទេស​ជាង ៥០។

@ អេក្រង់​ LCD ៖ LG និង Sharp ​មាន​មូលដ្ឋាន​នៅ​ជប៉ុន និង សាខា​ក្នុង​ ១៣ ប្រទេស។

@ បន្ទះ​ឈីប​ស៊េរី​ A ៖ Samsung និង TSMC មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់ និង មាន​សាខា​ក្នុង​ប្រទេស​ចិន, សិង្ហបុរី និង សហរដ្ឋអាមេរិក។

@ ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ ៖ TSMC និង Xintec មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់។

@ ​ប្រព័ន្ធ​ Touchscreen ៖ Broadcom មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ និង សាខា​ក្នុង​ប្រទេស​អ៊ីស្រាអែល, ក្រិក, ចក្រភព​អង់គ្លេស, ហុល្លង់, បែលហ្ស៊ិក, បារាំង, ឥណ្ឌា, ចិន, តៃវ៉ាន់, សិង្ហបុរី និង កូរ៉េ​ខាងត្បូង។

@ ឈីប​ Wi-Fi ៖ Murata មូលដ្ឋាន​នៅ​អាមេរិក និង សាខា​ក្នុង​ប្រទេស​​ចំនួន​ ២០។

​គ្រឿង​បន្លាស់​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជា​ច្រើន​ខាង​លើ​នេះ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ឲ្យ​ក្រុមហ៊ុន​តែ​ពីរ​ប៉ុណ្ណោះ​​ដើម្បី​ផ្គុំ​ចូល​គ្នា​ក្លាយ​ជា​ iPhone។ ក្រុមហ៊ុន​ពីរ​នោះ​គឺ​ Foxconn និង Pegatron ដែល​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់​ដូច​គ្នា។ Foxconn ជា​​ដៃ​គូ​យូរ​ឆ្នាំ​ជាង​គេ​​របស់​ Apple លើ​ការ​ដំឡើង​នេះ​ដោយ​បច្ចុប្បន្ន​ដំណើរ​ការ​ដំឡើង​ធំ​ជាង​គេ​គឺ​ធ្វើ​នៅ​ខេត្ត​ Shenzen ប្រទេស​ចិន។ ប៉ុន្តែ​ Foxconn ក៏​មាន​រោងចក្រ​នៅ​តាម​ប្រទេស​ដទៃ​ទៀត​ជា​ច្រើន​រួម​មាន​ប្រទេស​ថៃ, ម៉ាឡេស៊ី, សាធារណរដ្ឋឆេក, កូរ៉េ​ខាងត្បូង, សិង្ហបុរី និង ហ្វីលីពីន។

ចំពោះ​ Pegatron វិញ​​ទើប​តែ​ចូល​រួម​ក្នុង​ការ​ដំឡើង​ iPhone កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​តែ​ប៉ុណ្ណោះ។ គេ​ប៉ាន់​ស្មាន​ថា​រោងចក្រ​នេះ​ដំឡើង​ iPhone 6 បាន​​ប្រមាណ​ ៣០% ក្នុង​ចំណោម​ iPhone 6 ដែល​ដំឡើង​​នៅ​ប្រទេស​ចិន​សរុប។

ពីក្នុងរោងចក្រ Pegatron

ដូច​ដែល​បាន​ឃើញ​តាម​ការ​រៀប​រាប់​ខាង​លើ​ ចម្លើយ​តប​នឹង​សំនួរ​ថា​ iPhone ផលិត​នៅ​ឯណា​ពិត​ជា​​ស្មុគស្មាញ​ណាស់។ ​អាច​និយាយ​ជា​រួម​ថា​ iPhone ធ្វើ​ឡើង​នៅ​ប្រទេស​ចិន​ ព្រោះ​ថា​គ្រឿង​បន្លាស់​ទាំង​ឡាយ​បាន​ប្រមូល​ផ្គុំ​នៅ​ទី​នោះ ប៉ុន្តែ​​​រឿង​រ៉ាវ​ពិត​គឺ​ស្មុគស្មាញ​ព្រោះ​វា​បាន​មក​ពី​ការ​ខំ​ប្រឹង​ប្រែង​របស់​​ក្រុមហ៊ុន​ផលិត​ទូទាំង​ពិភពលោក៕ ​​​​​​​​​​​​​​

ចុចអាន៖

ប្រភព៖ lifewire ប្រែ​សម្រួល៖ សុខហេង

មតិយោបល់