• 2015-05-09 21:48:34
  • ព័ត៌មាន

ក្រុម​ហ៊ុន Huawei បរិច្ចាគ​ថវិកា ២០ម៉ឺន​​ដុល្លារ​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ឆ្នាំ​ ២០១៥

  • 2015-05-09 21:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Huawei​ កម្ពុជា​ បាន​បរិច្ចាគ​ថវិកា​ចំនួន​២០០.០០០​ ដុល្លារ​អាមេរិក​ ដល់​កាក​បាទ​ក្រហម​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ ក្នុង​នាម​ជា​ដៃ​គូ​អភិវឌ្ឍន៍​ និង​បង្ហាញ​ពី​​​ការ​ប្ដេជ្ញា​ចិត្ត​ជួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​វិស័យ​អប់រំ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។

 

ការ​បរិច្ចាគ​នេះ​​​បាន​ស្ដែង​ឲ្យ​ឃើញ​ពី​ទស្សន​វិស័យ​នៃ​ការ​វិនិយោគ​យូរ​អង្វែង​របស់​ក្រុម​ហ៊ុន​ Huawei​ ក្នុង​ប្រទេស​កម្ពុជា។ លោក​ DiaXaing​ ប្រធាន​ទទួល​បន្ទុក​ប្រតិបត្តិករ​ក្រុម​ហ៊ុន​ Huawei​ ជា​អ្នក​តំណាង​របស់​ក្រុម​ហ៊ុន​ក្នុង​ការ​ប្រគល់​ថវិកា​២០០.​០០០​ដុល្លារ​អាមេរិក​ ដល់​កាក​បាទ​ក្រហម​កម្ពុជា​ក្នុង​ឱកាស​ទិវា​ខួប​លើក​ទី​១៥២​ ទិវា​ពិភពលោក​​កាកបាទក្រហម​ អឌ្ឍ​ចន្ទ​ក្រហម​ ០៨ ​ឧសភា​ ២០១៥​ នៅ​ទី​ស្នាក់​ការ​កណ្ដាល​កាក​បាទ​ក្រហម​កម្ពុជា​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​អគ្គ​មហា​សេនាបតីតេ​ជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា។

 

ក្រុម​ហ៊ុន​ Huawei ​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​មួយ​ខាង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍​ (ICT)​ និង​ជា​ក្រុម​ហ៊ុន​ស្មាតហ្វូន​ដ៏​ធំ​លំដាប់​លេខ​៣​ក្នុង​ពិភព​លោក។ នៅ​ឆ្នាំ​២០១៤​ ប្រាក់​ចំណូល​ផ្នែក​លក់​ របស់​ក្រុម​ហ៊ុន​ Huawei មាន​ចំនួន​ ៤៦,៥​ពាន់​លាន​ដុល្លារ​អាមេរិក​ កើន​ឡើង​ប្រមាណ​​២០,៦​%​ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ប្រាក់​ចំណេញ​ផ្នែក​ប្រតិបត្តិការ​មាន​ចំនួន​ប្រហែល​​៥,៥​ ពាន់​លាន​ដុល្លារ​អាមេរិក​ ជា​មួយ​នឹង​អត្រា​ចំណេញ​ប្រមាណ​១១,៩​%​។

 

ក្រុម​ហ៊ុន​ Huawei​ មាន​ការិយាល័យ​កណ្តាល​ប្រចាំ​តំបន់​ផ្សេង​ៗ​ចំនួន​ ១៤​កន្លែង​ មជ្ឈមណ្ឌល​​​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍​១៦​កន្លែង មជ្ឈមណ្ឌល​ឆ្នៃ​ប្រឌិត​ និង​បង្កើត​ថ្មី​​៣១​កន្លែង​  និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​៤៥​កន្លែង នៅ​ទូទាំង​ពិភព​លោក។ ផលិតផល​ និង​សេវាកម្ម​របស់​ក្រុម​ហ៊ុន​ Huawei​ ត្រូវ​បាន​ទទួល​ស្គាល់​ និង​ពេញ​និយម​ប្រើ​ប្រាស់​ក្នុង​១៧០​ប្រទេស​ទូទាំង​ពិភពលោក។

 

ក្រុម​ហ៊ុន​ Huawei​ កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៩។ បច្ចុប្បន្ន​នេះ​ ក្រុម​ហ៊ុន​មាន​បុគ្គលិក​សញ្ជាតិ​ខ្មែរ​ប្រមាណ​​២០០​នាក់ ហើយ​៧០​%​នៃ​បុគ្គលិក​សញ្ជាតិ​ខ្មែរ​ទាំង​នោះ​គឺ​ជា​វិស្វករ​ និង​អ្នក​បច្ចេកទេស ​ជំនាញ​ផ្នែក​បណ្តាញ​ទូរគមនាគមន៍​ បម្រើ​ការ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​ និង​ទូរស័ព្ទ​ស្មាតហ្វូន។ ក្រុមហ៊ុន​ Huawei ​ជា​អ្នក​ផ្ដល់​សេវាកម្ម​ និង​ដំណោះ​ស្រាយ​ផ្សេង​ៗ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍ ​(ICT)​  ទៅ​ដល់​ក្រុម​ហ៊ុន​បម្រើ​ទូរគមនាគមន៍​នៅ​កម្ពុជា​ស្ទើរ​តែ​ទាំង​អស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក្រុម​ហ៊ុន​ក៏​បាន​បង្កើត​ឱកាស​ការងារ​ និង​បណ្ដុះ​បណ្តាល​ធនធាន​មនុស្ស​ដល់​ប្រជា​ជន​ខ្មែរ​ប្រមាណ​ជាង​​​១០០០​នាក់​ទៀត​ផង។

 

តំណាង Huawei ប្រគល់​ថវិកា​ដល់​សម្តេច ហ៊ុន សែន

 

ដំណោះ​ស្រាយ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍​ (ICT)​ ទាំង​នេះ​ ផ្តោត​ទៅ​លើ​បច្ចេក​វិទ្យា​មួយ​ចំនួន​ដូច​ជា​  GSM​ (2G), UMTS​ (3G),​ LTE​ (4G),​ CDMA​ និង​ទូរស័ព្ទ​ស្មាតហ្វូន​ ក៏​ដូច​ជា​ការ​ផ្ដល់​សេវាកម្ម​ខាង​ផ្នែក​បច្ចេកវិទ្យា​ចម្បង​ៗ​មួយ​ចំនួន​ទៀត។ ក្រុម​ហ៊ុន​ Huawei​ ក៏​បាន​កំពុង​តែ​ផ្តល់​នូវ​ដំណោះ​ស្រាយ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍​(ICT) ​ទំនើប​ចុង​ក្រោយ​បំផុត​ដល់​ប្រតិបត្តិករ​ រាជ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ដៃ​គូ​នានា​ជាច្រើន​។ ​លើស​ពី​នេះ​ទៅ​ទៀត​ ក្រុម​ហ៊ុន​ Huawei បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ និង​ផ្តល់​​ដំណោះស្រាយ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍(ICT)​ លំដាប់​លេខ​១​នៅ​កម្ពុជា។

 

លោក​ Cary Yang​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Huawei Technologies (Cambodia) Co., Ltd បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពីឆ្នាំ​២០០៨​ដល់ ​២០១៤​ ក្រុម​ហ៊ុន​ Huawei​ បាន​បន្ថែម​ជំនួយ​ផ្នែក​បច្ចេកទេស​ និង​ថវិកា​ ក៏​ដូច​ជា​ឧបករណ៍​ និង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ ក្រសួង​ និង​ មន្ទីរ​នានា​ ព្រម​ទាំង​កាក​បាទ​ក្រហម​កម្ពុជា​ដែល​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង​ ៦.០០០.០០០ ដុល្លារ​អាមេរិក។

 

ក្រុម​ហ៊ុន​នឹង​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ម៉ឺង​ម៉ាត់​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា និង​សហគមន៍​នីមួយៗ​ទូ​ទាំង​ប្រទេស។ លោក​បាន​បន្ថែម​ថា ៖ “ថវិកា​ចំនួន​២០០.០០០​ដុល្លារ​អាមេរិក​ ដែល​ក្រុម​ហ៊ុន​ Huawei​ បាន​បរិច្ចាគ​ជូន​កាក​បាទ​ក្រហម​កម្ពុជា​នៅ​ថ្ងៃ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ហ៊ុន​ Huawei​ និង​ជា​ការ​ប្តេជ្ញា​ចិត្ត​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​របស់​សហគមន៍​ ប្រជាជន​ សេដ្ឋ​កិច្ច​ និង​ បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា”។

 

 

អត្ថបទ៖​ ពាណិជ្ជកម្ម​

មតិយោបល់