- 2023-10-27 04:29:20
- ចំណេះដឹង
មូលហេតុ ៥យ៉ាងនេះហើយ ទើបធ្វើឱ្យគេចូលចិត្តរថយន្តលេខអូតូ ជាងរថយន្តលេខដៃ
- 2023-10-27 04:29:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ ៥យ៉ាងនេះហើយ ទើបធ្វើឱ្យគេចូលចិត្តរថយន្តលេខអូតូ ជាងរថយន្តលេខដៃ
ចន្លោះមិនឃើញ
មកដល់បច្ចុប្បន្ននេះ រថយន្តប្រភេទ SUV Sedan វ៉ែន និងភីកអាប់ ពិសេសនៅកម្ពុជា គឺស្ទើរតែទាំងអស់ហើយដែលប្រើលេខអូតូ គឺមិនមានប្រើប្រាស់លេខដៃនោះទេ នេះគឺមិននិយាយពីរថយន្តធំៗដែលតម្រូវដាច់ខាត ត្រូវប្រើលេខដៃឡើយ។ យើងក៏ជឿជាក់ផងដែរថា បើទោះជាលោកអ្នកចេះបើករថយន្តលេខដៃក៏ដោយ ក៏នឹងមិនទិញរថយន្តលេខដៃដែរ ពោលគឺប្រាកដជាទិញរថយន្តលេខអូតូជាក់ជាមិនខាន។
ទាំងរថយន្តលេខអូតូ និងលេខដៃ គឺសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន ប៉ុន្តែមានចំណុចធំៗមួយចំនួន ដែលគេពេញនិយមប្រើប្រាស់លេខអូតូជាងលេខដៃ។ ចំណុចទាំងនោះមានដូចជា៖
ស្រួលបើក៖ អ្នកបើកបរប្រើតែជើងមួយប៉ុណ្ណោះ សម្រាប់ជាន់ហ្គែរ និងហ្វ្រាំង។ លេខអូតូ ងាយស្រួលបើកដោយមិនចាច់ត្រូវដាក់លេខច្រើនដងតាមល្បឿនរថយន្តនោះទេ ពោលគឺគ្រាន់តែជាន់ហ្គែរតិច ឬខ្លាំង នោះម៉ាស៊ីនរបស់នឹងដំណើរការដោយស្វ័យប្រវត្តិ។
ទីផ្សារ៖ ក្រុមហ៊ុនភាគច្រើនបំផុតគឺផលិតរថយន្តប្រើលេខអូតូ ដោយសារតែតម្រូវការរបស់អ្នកប្រើប្រាស់។ បើនិយាយដោយឡែកសម្រាប់នៅកម្ពុជា ភាគច្រើនរថយន្ត Sedan, SUV និងភីកអាប់ គឺសុទ្ធតែលេខអូតូ លើកលែងតែរថយន្តភីកអាប់ស៊េរីចាស់ៗមួយចំនួនដែលនៅប្រើលេខដៃ ម្លោះហើយពួកគេត្រូវតែទិញរថយន្តលេខអូតូ ហើយម្យ៉ាងក៏ស្រួលលក់ចេញវិញផងដែរ។
បច្ចេកវិទ្យា៖ ដោយសារតែការប្រកួតប្រជែងលើបច្ចេកវិទ្យារថយន្ត ធ្វើឱ្យរថយន្តទំនើបថ្លៃៗបច្ចុប្បន្ន កាន់តែមានប្រអប់លេខច្រើនវគ្គ ហើយបំពាក់កាប់ពីតាស់ទៀតនោះ គឺអាចបើកគ្រប់ស្ថានភាពផ្លូវដោយរលូន មិនថាឡើងភ្នំ ជាប់ផុង ចុះទឹក ឬបើកលើខ្សាច់នោះទេ។
សុវត្ថិភាព៖ ការបើកបររថយន្តលេខអូតូ គឺមានសុវត្ថិភាពជាងរថយន្តលេខដៃ ដោយអ្នកបើកបរអាចផ្តោតអារម្មណ៍ទៅលើផ្លូវបានច្រើន ព្រោះអ្នកបើកលេខដៃ ត្រូវគិតពីការដាក់បញ្ចូលលេខផង ជាន់អំប្រ៊ីយ៉ា និងជាន់ហ្គែរ ឬហ្វ្រាំងផង ដែលត្រូវបែងចែកអារម្មណ៍ច្រើន។
មិនពិបាកជាន់អំប៊្រីយ៉ាពេលស្ទះចរាចរណ៍៖ អ្នកបើកបររថយន្តលេខអូតូ មិនមានបញ្ហាចុកជើងដូចអ្នកបើកបររថយន្តលេខដៃ ដែលត្រូវជាន់អំប្រ៊ីយ៉ាជាប់ ពេលស្ទះផ្លូវ ឈប់ស្តុប ឬលើផ្លូវចង្អៀតនោះទេ។
តែទោះជាយ៉ាងណា ការប្រើប្រាស់រថយន្តលេខអូតូ ក៏មានគុណវិបត្តិផងដែរបើប្រៀបធៀបនឹងរថយន្តលេខដៃ ដូចជា ស៊ីសាំង និងមានតម្លៃថ្លៃជាង ហើយការជួសជុលក៏រាងសាំញាំជាងលេខដៃដែរ។ ប៉ុន្តែបញ្ហាទាំងនេះ មិនដែលត្រូវបានអ្នកប្រើប្រាស់គិតគូរឡើយ៕