• 2023-01-06 02:40:20
  • ព័ត៌មាន

ចង់ដឹងអនាគតបច្ចេកវិទ្យាមនុស្សលោក តាមដានពិព័រណ៍អេឡិចត្រូនិកធំជាងគេលើផែនដី CES 2023!

  • 2023-01-06 02:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ឧស្សាហកម្មបច្ចេកវិទ្យាប្រចាំឆ្នាំដែលពីមុនត្រូវបានគេស្គាល់ Consumer Electronics Show (CES) បានត្រលប់មកទីក្រុង Las Vegas វិញក្នុងសប្តាហ៍នេះ ដោយរំពឹងថា សន្ទុះនៃការចូលរួមច្រើនអស្ចារ្យ ដូចកំឡុងពេលមិនទាន់មានវិបត្តិកូវីដសកល។

កម្មវិធីបើកពិព័រណ៍បច្ចេកវិទ្យាអេឡិចត្រូនិកខ្នាតយក្ស CES ចាប់ផ្ដើមពីថ្ងៃព្រហស្បតិ៍ និងបន្តរហូតដល់ថ្ងៃអាទិត្យសប្ដាហ៍នេះ។

ព្រឹត្តិការណ៍នេះដែលមានប្រវត្តិកកើតដំបូងតាំងពីឆ្នាំ ១៩៦៧ នេះបានពង្រីកផលិតផលដាក់តាំងបង្ហាញលើសពីគ្រឿងបច្ចេកវិទ្យាសំឡេង និងវីដេអូ ហើយបច្ចុប្បន្នមានការបញ្ចូលនូវម៉ូដែលរថយន្តនាថ្ងៃអនាគត បរិក្ខាបច្ចេកវិទ្យាផ្នែកសុខភាពឌីជីថល ស្មាតហ្វូន ឧបករណ៍ពាក់លើខ្លួន និងបច្ចេកវិទ្យាទំនើបចុងក្រោយផ្សេងទៀត។

ក្រុមហ៊ុនធំៗ និងប្រភេទ Start-up នឹងបង្ហាញផលិតផលច្នៃប្រឌិតរបស់ខ្លួននៅក្នុងបរិបទពិភពនិម្មិត មនុស្សយន្ត និងបច្ចេកវិទ្យាគម្រូនៃថ្ងៃអនាគត។

អ្នករៀបចំព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាអេឡិចត្រូនិក មានគោលដៅ ទាក់ទាញអ្នកចូលរួមចំនួន ១០ម៉ឺន នាក់ ខណៈកម្មវិធីលើកមុនមានចំនួនចូលរួមធ្លាក់ចុះ ៧០ភាគរយកំឡុងពេលមានការរីករាលដាលនៃវ៉ារ្យ៉ង់អូមីក្រុង។

ចំនួនអ្នកចូលរួមតាំងបង្ហាញផលិតផលបានធ្លាក់ចុះ ៤១ភាគរយ បើប្រៀបធៀបនៅដើមឆ្នាំ ២០២០ មុនពេលជំងឺរាតត្បាតបានឆក់យកសេរីភាពដើរហើរនៃជីវិតប្រចាំថ្ងៃ។

អ្នកស្រី Kinsey Fabrizio អនុប្រធានជាន់ខ្ពស់នៃក្រុមពាណិជ្ជកម្ម Consumer Technology Association បាននិយាយថា៖ «ក្រុមហ៊ុនប្រហែល ៣០០០ បានចុះឈ្មោះដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយរាប់បញ្ចូលទាំងក្រុមហ៊ុន Start-up ក្រុមហុន Amazon និង Metaជាដើម»។

យោងតាមអ្នកស្រី ឧស្សាហកម្មបច្ចេកវិទ្យាបាននឹងកំពុងឆ្លងកាត់រយៈពេលដ៏លំបាកក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ តែទន្ទឹមគ្នានោះ វាក៏កំពុងរីកចម្រើនលឿនដែរ។

លោកស្រីបានប្រាប់សារព័ត៌មាន APទៀតថា៖ «ក្រុមហ៊ុនដែលមកចូលរួមតាំងបង្ហាញផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិកនឹងបង្ហាញដំណោះស្រាយមួយចំនួនដែលមានសារៈសំខាន់ក្នុងអំឡុងពេលជំងឺរាតត្បាត ហើយដំណោះស្រាយជាច្រើនដែលបានបន្តផ្លាស់ប្តូររបៀបរស់នៅ និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់។ សម្រាប់ឆ្នាំនេះសន្ទុះនៃការចូលរួម សម្រាប់កម្មវិធីនេះមិនត្រូវបានប៉ះពាល់ដោយកូវីដទៀតនោះទេ»៕

អត្ថបទ៖ ទារិកា

មតិយោបល់