• 2022-06-03 03:26:39
  • ចំណេះដឹង

តើថ្មទូរសព្ទអាចអាយុខ្លីឬអត់ បើសម័យឥលូវបច្ចេកវិទ្យាសាកថ្មកាន់តែលឿន?

  • 2022-06-03 03:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នបច្ចេកវិទ្យាសាកថ្មល្បឿនលឿនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដូចឃើញឆ្នាំងសាកល្បឿនលឿន ២០វ៉ាត់ របស់ iPhone 12 Pro Max និងឆ្នាំងសាក ២៥វ៉ាត់ សម្រាប់ Galaxy S21 Ultra ហើយមានស្មាតហ្វូនខ្លះទៀតសាកលឿនដល់ ១២០វ៉ាត់ឯណោះ។ សាកថ្មកាន់តែឆាប់ពេញថ្វីបើផ្ដល់ប្រយោជន៍ក៏ពិតមែន ប៉ុន្ដែធ្វើឱ្យអ្នកប្រើកាន់តែបារម្ភ ថាតើវាអាចប៉ះពាល់ដល់អាយុកាលនៃថ្មដែរឬយ៉ាងណា?

តាមពិតទៅបច្ចេកវិទ្យាសាកថ្មល្បឿនលឿន មិនមានផលប៉ះពាល់ដល់សុខភាពថ្មនោះទេ ព្រោះរាល់ពេលបញ្ចូលថ្មម្ដងៗ ស្មាតហ្វូនមានមុខងារ Battery management system ដើម្បីរក្សាអាយុកាលនៃថ្ម ក៏ដូចជាការពារពីការផ្ទុះជាដើម។ មុខងារនេះបែងចែកការបញ្ចូលថ្មជាពីរដំណាក់កាល។

  • ដំណាក់កាលទី១ គឺបញ្ចូលថាមពលថ្មដោយមានល្បឿនលឿន ដោយសាកពី ០% ដល់ ៥០% ឬ ៧០% ចំណាយពេល ១០ ទៅ ១៥នាទី ឬ៣០នាទី ប៉ុណ្ណោះ។ ដំណាក់សាកដំបូងនេះមានល្បឿនលឿន ព្រោះតែថ្មទូរសព្ទអាចទទួលយកថាមពលបានយ៉ាងឆាប់រហ័ស និងមិនមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរឡើយ។
  • ដំណាក់កាលទី២ គឺការបញ្ចូលថាមពលពី ៧០% ឬ ៨០% ដល់ពេញ ល្បឿនសាកនឹងត្រូវបន្ថយចុះ ហើយល្បឿននៃការសាកត្រូវបានគ្រប់គ្រងដោយប្រុងប្រយ័ត្ន បើមិនដូចច្នោះទេអាចធ្វើឱ្យថ្មទូរសព្ទខូច ឬផ្ទុះបាន។ នេះជាមូលហេតុដែលធ្វើឲ្យការសាកថ្មចាប់ពី ៧០% ឬ ៨០% ឃើញថាមិនឡើងភាគរយថ្មលឿនដូចជាពេលសាកនៅភាគរយទាបៗនោះទេ។

​ដូច​នេះ​​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​មិន​​មែន​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​ស្មាតហ្វូន​ឆាប់​ខូច​ថ្ម​នោះ​ទេ ប៉ុន្តែ​គឺ​​​កត្តា​មួយ​ចំនួន​ទៀត​ទៅ​វិញ​ទេ​ដែល​ធ្វើ​ឲ្យ​​ថ្ម​ឆាប់​ខូច។

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ទម្លាប់​នៃ​​ការ​សាក​ថ្ម​ស្មាតហ្វូន​ឲ្យ​ដល់​ពេញ ១០០% ហើយ​​នៅ​បន្ត​ដោត​វា​ចោល​​ទៀត​នោះ ​អាច​ធ្វើ​ឲ្យ​​​ប៉ះពាល់​ដល់​សុខភាព​ថ្ម​ ប្រសិន​បើ​អ្នក​ប្រើ​​ប្រកាន់​ខ្ជាប់​ទម្លាប់​នេះ​​ជា​ទៀង​ទាត់។ ​​​​​

ដោយ​គិត​គូរ​លើ​បញ្ហា​នេះ Appleបាន​បញ្ចេញ​មុខងារ​ថ្មី​មួយ​លើ​ iOS 13 ​ដែល​មានឈ្មោះថា Optimized Battery Charging។ មុខងារនេះដំណើរការដោយសិក្សាពីសកម្មភាពសាកថ្មប្រចាំថ្ងៃរបស់អ្នកប្រើ។ ​ឧទាហរណ៍​អ្នកទម្លាប់សាកថ្មមុនពេលចូលគេង នោះ iPhone នឹងចាប់ផ្ដើមសាកថ្មពី ០% ដល់ ៨០% បន្ទាប់មកវានឹងផ្អាកការសាកថ្មសិន ហើយនឹងចាប់ផ្ដើមសាកដល់ ១០០% ឱ្យបានមុនពេលអ្នកភ្ញាក់ពីគេង។ មុខងារនេះមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលមានទម្លាប់ទៀងទាត់។

​យ៉ាងណាក្ដី​ បើ​​មិន​អាច​ពឹង​ពាក់​លើ​មុខងារ Optimized Battery Charging ដោយ​សារ​ទម្លាប់​របស់​អ្នក​មិន​ទៀង​ទាត់ ឬ​ស្មាតហ្វូន​របស់​អ្នក​មិន​មាន​មុខងារ​នេះ អ្នក​ក៏​អាច​​សាក​​ល្បង​ដក​ឌុយ​ទូរសព្ទ​ចេញ​ពេល​សាក​ដល់​ត្រឹម ៩០% ឬ​ពេល​ជិត​ពេញ ១០០% ជា​ដើម ដើម្បី​ធ្វើ​ឲ្យ​ថ្ម​មាន​អាយុ​វែង។​​

ទម្លាប់មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ថ្ម​ឆាប់​ខូច​គឺ​ការ​ប្រើ​ប្រាស់​ទូរសព្ទ​រហូត​ដល់​អស់​ថ្ម​រលត់​ជា​ញឹកញាប់។ ការ​ប្រើ​រហូត​ដល់​ទូរសព្ទ​រលត់​អាច​បង្ក​ជា​ប្រតិកម្ម​គីមី​ម្យ៉ាង​ ដែល​ធ្វើ​ឲ្យ​​សមត្ថភាព​កាន់​ថាមពល​របស់​ថ្ម​មិន​អាច​ស្ថិត​នៅ​យូរ​អង្វែង។ ​មាន​ការ​ណែនាំ​ថា​ពេល​ថាមពល​ថ្ម​ស្រក​នៅ​សល់​ត្រឹម​ប្រហែល ២០% ឬ ៣០% គួរ​តែ​សាក​បញ្ចូល​វា។

​មួយ​វិញ​ទៀត​​​កម្ដៅ​គឺ​ជា​សត្រូវ​ដ៏​ធំ​មួយ​របស់​ថ្ម ដោយ​កម្ដៅ​ក្ដៅ​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​កាល​របស់​ថ្ម។ ដូច​នេះ​​រក្សា​ទុក​ទូរសព្ទ​កុំ​ឲ្យ​ចំ​កំដៅ​ថ្ងៃ និង​ជៀស​វាង​ការ​ប្រើ​ទូរសព្ទ​ក្រោម​កំដៅ​ថ្ងៃ​រយៈ​ពេល​យូរ។

គួរ​បញ្ជាក់​ដែរ​ថា​ការ​ប្រើ​ប្រាស់​ដុំ​សាក​​លាយ​ឡំ​គ្នា (ខ្ចី​ឆ្នាំង​សាក​អ្នក​ដទៃ​ប្រើ) មិន​មាន​ប៉ះពាល់​ដល់​អាយុ​កាល​របស់​ថ្ម​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​ស្មាតហ្វូន​ខ្លះ​​អាច​សាក​ថ្ម​មិន​ឆាប់​ពេញ ប្រសិន​បើ​ប្រើ​ប្រាស់​ឆ្នាំង​សាក​មាន​កម្លាំង​ខ្សោយ​ជាង​សមត្ថភាព​គាំទ្រ​របស់​ស្មាតហ្វូន​នោះ៕​​​​

ប្រភព៖ Cnet ប្រែ​សម្រួល៖ កុសល

មតិយោបល់